ការប្រកួតបាល់ទាត់ ក្របខ័ណ្ឌ English Premier League សប្តាហ៍ទី៦ ចំនួន២គូ បានកន្លងផុតទៅទៀតហើយ នារាត្រីយប់ម្សិលមិញនេះ ដោយក្រុមហង្សក្រហម Liverpool បានព្រលះស្បែកឆ្មារខ្មៅ Sunderland ខណៈ Norwich យកឈ្នះ Stoke City ក្រៅដី។

ការវិលមករបស់កីឡាករ Luis Suarez និងការចាប់ដៃសហការគ្នាយ៉ាងល្អជាមួយ កីឡាករ Sturridge បានធ្វើឲ្យទម្រង់ប្រយុទ្ធរបស់ហង្សក្រហម Liverpool ពិតជាប្រែក្លាយជាមុតស្រួច និងឃោរឃៅបំផុត រហូតធ្វើឲ្យក្រុមរបស់គ្រូបង្វឹក លោក Brenden Rodger អាចយកឈ្នះក្រុមម្ចាស់ផ្ទះ ឆ្មារខ្មៅ Sunderland បានដោយលទ្ធផល ៣ទល់នឹង១ ដែលគ្រាប់បាល់របស់ Liverpool រកបានដោយកីឡាករ Luis Suarez នៅនាទីទី ៣៦ និង នាទីទី ៨៩ ព្រមទាំងមួយគ្រាប់ទៀត ទែតបញ្ចូលទីដោយកីឡាករ Sturridge នៅនាទីទី ២៨។ ចំណែកឯគ្រាប់បាល់របស់ Sunderland វិញរកបានដោយកីឡាករ Giaccherini នៅនាទីទី ៥២។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមហង្សក្រហមឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ២ តាមពីក្រោយក្រុមកាំភ្លើងធំ Arsenal ២ពិន្ទុ ខណៈ Sunderland មិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេ ពោលគឺ៦ប្រកួត ស្មើ១ និងចាញ់៥ កំពុងតែស្ថិតនៅបាតតារាងនៃក្របខ័ណ្ឌបាល់ទាត់ English Premier Leauge។


វីដេអូ៖ Highlight ឆ្មារខ្មៅ ១ - ៣ ហង្សក្រហម

 

ងាកទៅការប្រកួតនៅកីឡាដ្ឋាន Britannia Stadium របស់ក្រុម Stoke City វិញ គឺក្រុមភ្ញៀវ Norwich បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ ដោយលទ្ធផលបញ្ចប់ការប្រកួត ១ទល់នឹង០ ដែលគ្រាប់បាល់កាត់សេចក្តីនេះ រកបានដោយកីឡាករ Howson របស់ Norwich នៅនាទីទី ៣៤។ ទោះជាក្រុមម្ចាស់ផ្ទះប្រឹងប្រែងវាយសម្រុកតាមយកស្មើយ៉ាងណាក៏ដោយ ក៏មិនអាចបំបែកពងមាន់បានឡើយ ពោលគឺត្រូវក្រុមភ្ញៀវ ដែលជាក្រុមអន់មួយផ្តួលយ៉ាងអាម៉ាស់។


វីដេអូ៖ Highlight Stoke ០ - ១ Norwich

 

គួរបញ្ជាក់ផងដែរថា រាត្រីយប់ថ្ងៃច័ន្ទនេះ នឹងមានការប្រកួតមួយប្រកួតទៀត នោះគឺក្រុម Everton នឹងបើកទ្វារកីឡាដ្ឋាន Goodison Park របស់ខ្លួនស្វាគមន៍ក្រុមសារិកាព្រៃ Newcastle។


តារាងការប្រកួត


តារាងចំណាត់ថ្នាក់


តើប្រិយមិត្តយល់ថា ក្រុម Everton រឺក្រុម Newcastle នឹងឈ្នះការប្រកួតយប់នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]