ភ្នំពេញៈ តារាសម្តែងសម្បុរ សស្រអែមស្រស់ កញ្ញា ពៅ លីដា ក្រោយត្រឡប់ មកពីសម្តែង នៅលើទឹកដីអូស្ត្រាលីវិញ ប្រហែលជាប៉ុន្មានខែ ចុងក្រោយនេះ គេសង្កេតឃើញថា សន្ទុះការងារក្នុងស្រុក របស់នាង ធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលគឺមិនសូវមាន ខាងផលិតកម្មណា ទាក់ទងហៅនាងថតទេ និយាយរួមការងារ ទាំងអស់ស្ងាត់ដូច ចោរលួចសេះ ។

ពិធីការិនីរូបស្រស់ មានស្នាមញញឹមសម្បូរមន្តស្នេហ៍ កញ្ញា ពៅ លីដា បានប្រាប់ LookingTODAY ឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៣នេះថា នាងទទួលស្គាល់ថា ការងារសិល្បៈរបស់នាង ស្ងប់ស្ងាត់ខ្លាំងណាស់ មិនមានខាងផលិតកម្មណា ឬក៏ស្ថានីយទូរទស្សន៍ណា ទាក់ទងហៅនាង ទៅថតអស់រយៈពេល ជាច្រើនខែហើយ។

បច្ចុប្បន្នគេសង្កេតឃើញ តារាប្រុសស្រីដែល ចូលប្រឡូកសិល្បៈ ស្របាល គ្នាជាមួយ កញ្ញា ពៅ លីដា មានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្បូរការងារធ្វើមិនដាច់ ។ តែដោយឡែកការងារ របស់ពិធីការិនីរូបស្រស់ កញ្ញា លីដា វិញ បែរជាម្តងរវល់ម្តង ទំនេរមិននឹងន រីឯ កេរ្តិ៍ឈ្មោះវិញ ម្តងលេចម្តងអណ្តែត ត្រូវបានតារាស្រីរូបនេះ បានប្រាប់ឲ្យដឹងថា “ ខ្ញុំខ្លួនឯងក៏មាន ការងឿងឆ្ងល់ដែរថា ហេតុអីបានជាមិនសូវ មានខាងក្រុមការងារ ឬក៏ម្ចាស់ផលិតកម្ម ណាទាក់ទងហៅខ្ញុំថត ។ តែបើតាមខ្ញុំគិត ប្រហែលជាមកពី ខ្ញុំទើបតែត្រឡប់មកពីសម្តែង នៅក្រៅប្រទេស ហើយមើលទៅ..! បានជាការងារស្ងាត់ ព្រោះមិនសូវមានអ្នកដឹងថា ខ្ញុំត្រឡប់មកវិញ ទើបមិនទាន់ទាក់ទង មកក៏ថាបាន ” ។

ស្រីក្មេងរូបស្រស់វ័យ ជាង២០ឆ្នាំរូបនេះ បានប្រាប់ទៀតថា នាងទទួលស្គាល់ថា ពេលនេះ មិនសូវសម្បូរការងារ ដោយមានអ្នកខ្លះលើកឡើងថា មកពីនាងវាយឫក មិនទទួលការងារ។ នាងនិយាយថា “ ធាតុពិតទៅ ខ្ញុំមិនមែនជាមនុស្សបែបនោះទេ ឲ្យតែមានការងារទាក់ទងមកខ្ញុំ ទទួលទាំងអស់ ជូនកាលរឿង មិនសូវមានការធ្វើនេះ ប្រហែលជាមកពីមាន ពាក្យចចាមអារ៉ាម បែបនេះ ធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកដឹកនាំមួយចំនួន គាត់មានការយល់ច្រឡំ ក៏ថាបាន តែខ្ញុំអត់អ៊ីចឹងទេ..សូមកុំច្រឡំអី ” ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]