សូមចូលរួមអបអរចំពោះ បរវរកញ្ញារបស់ប្រទេសហ្វីលីពីន Megan Young ដែលបានក្លាយជាបវរកញ្ញាឯករបស់ពិភពលោកប្រចាំ    ឆ្នាំ ២០១៣ កាលពីកម្មវិធី Miss Word នាយប់ម្សិលមិញនេះ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ។

ដើម្បីបានក្លាយជាបវរកញ្ញាឯក របស់ពិភពលោកនេះ កញ្ញា Megan Young ត្រូវឆ្លងកាត់ដៃគូប្រជែងឯទៀត ដល់ទៅ ១២៧ នាក់ឯណោះ ដែលមកពីគ្រប់បណ្តាប្រទេសនានា ជុំវិញពិភពលោក។ បន្ទាប់ពីឈ្មោះរបស់នាង ត្រូវបានប្រកាសជាប់ជាបវរកញ្ញាឯករបស់ពិភពលោកភ្លាម សម្លេងហ៊ូកញ្ជៀវ និងទះដៃបានបន្លឺឡើងកងរំពងពេញវេទិកា លាយលំនឹងការគ្រវីទង់ជាតិរបស់ប្រទេសហ្វីលីពីន ពីសំណាក់ទស្សនិកជនហ្វីលីពីនផងដែរ។ ដោយក្តីរំភើបយ៉ាងក្រៃលែង បានធ្វើឲ្យបវរកញ្ញាឯកពិភពលោកម្នាក់នេះ បានសម្រក់ទឹកភ្នែកដោយមិនដឹងខ្លួន និងបានសន្យាថា នឹងធ្វើជាបវរកញ្ញាឯកពិភពលោកដែលឆ្នើមជាងគេបង្អស់។

ជាមួយម្កុដបវរកញ្ញាឯកដែលបំពាក់ដោយបវរកញ្ញាប្រចាំឆ្នាំ ២០១២ Yu Wenxia និងឈុតរ៉ូបពណ៌ផ្កាឈូកដ៏ស្រស់ស្អាត នាង Megan Young កើតនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៩០ ដោយទើបតែមានអាយុ ២៣ឆ្នាំ តែប៉ុណ្ណោះ។ នាងមានដើមកំណើតដើម នៅ រដ្ឋ Virginia សហរដ្ឋអាមេរិក ប៉ុន្តែនៅពេលនាងអាយុ ១០ឆ្នាំ ក្រុមគ្រួសាររបស់នាង ក៏បានសម្រេចចិត្តមករស់នៅប្រទេស ហ្វីលីពីន។ សព្វថ្ងៃ នាងកំពុងសិក្សាជំនាញ ផលិតកម្មខ្សែភាពយន្ត ដោយក្តីស្រមៃរបស់នាង គឺចង់ក្លាយជាអ្នកដឹកនាំរឿង។ លើសពីនេះទៅទៀត ក្នុងឆាកជីវិតរបស់នាង Megan Young បានចូលរួមសម្តែងក្នុងភាពយន្ត ចាប់ពីអាយុ ១៥ឆ្នាំមកម៉្លេះ ហើយធ្លាប់ចូលក្នុងកម្មវិធីទូរទស្សន៍ជាច្រើន និងមានអាជីពក្រៅផ្លូវការ ជាពិធីករផងដែរ។ ទោះជារវល់យ៉ាងណាក៏ដោយ ក៏ពេលទំនេរនាងឆ្លៀតពេលសម្រាប់លេងវីដេអូហ្គេមកំសាន្តអារម្មណ៍ និងចូលចិត្ត Harry Potter ជាដើម។

គួរបញ្ជាក់ផងដែរថា បរវកញ្ញាហ្វីលីពីន Megan Young ជាប់ចំណាត់ថ្នាក់លេខមួយ ជាបវរកញ្ញាឯកពិភពលោក ហើយ បវរកញ្ញាបារាំង Marine Lorphelin ជាប់លេខពីរ ខណៈបវរកញ្ញាហ្កាណា Carranzar Naa Okailey Shooter ជាប់លេខបី។














តើបរវកញ្ញាហ្វីលីពីន Megan Young ស័ក្តសមក្លាយជាបវរកញ្ញាពិភពលោក ដែររឺទេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]