រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ដែលគេស្គាល់ថា ជាកូនប្រុសលោកឧត្តមសេនីយ៍ឯកម្នាក់ នៅក្រសួងមហាផ្ទៃ ត្រូវបានអ្នកជិតខាងដាក់ពាក្យបណ្តឹង ពីបទរំលោភបំពានចូលលំនៅឋាន ជេរប្រមាថ និងប្រើប្រាស់អាវុធខ្លីគំរាមកំហែង កាលពីថ្ងៃទី១៩ កញ្ញា ២០១៣ ស្ថិតនៅផ្ទះលេខ១៥៥ វិថីព្រះមុនីរ៉េត ផ្លូវលេខ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

មន្ត្រីនគរបាលដែលប្រជាពលរដ្ឋជិតខាង ដាក់ពាក្យប្តឹងនោះឈ្មោះ ស ម៉ូលីនីន មានឋានន្តរស័ក្តិជាវរសេនីយ៍ឯក នៅក្រសួងមហាផ្ទៃ មានទីលំនៅផ្ទះលេខ៦២ កន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យឈ្មោះស ម៉ូលីនីន ជេរប្រមាថ និងវាយទាត់ធាក់អិដ្ឋ ព្រមទាំងយកកាំភ្លើងខ្លីម៉ាកឡុកចង្អុល និងគំរាមដល់ក្រុមគ្រួសារ និងជាងសំណង់ដោយសារខឹងម្ចាស់ផ្ទះ ឱ្យជាងសំណង់សាងសង់ផ្ទះ ដោយមានដាក់ទរទឹកគងលើព្រំដីរបស់គេ។

ទាក់ទិនរឿងនេះ លោកធីម សំអាន អភិបាលខណ្ឌទួលគោកបានឱ្យដឹងថា បញ្ហាទំនាស់រឿងសាងសង់នេះត្រូវបានអាជ្ញាធរចុះទៅសម្របសម្រួលចំនួន៦លើកហើយ ហើយនៅថ្ងៃទី២៣ កញ្ញា ត្រូវហៅភាគីទាំង២ជួបដោះស្រាយម្តងទៀត។ លោកបន្ថែមថា រឿងនេះវាប៉ះពាល់តិចតួចទេ តែដោយសារការរស់នៅមិនចេះយោគយល់គ្នាទើបបណ្តាលឱ្យក្លាយទៅជារឿងធំបែបនេះ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]