បាត់ដំបងៈ កម្លាំងនគរបាលស្រុកកំរៀង បានឃាត់ខ្លួនមេខ្យល់ម្នាក់ និងមនុស្ស ១៦នាក់ទៀត កាលពីវេលាម៉ោង ២១និង៣០នាទី យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ដែលបម្រុងឆ្លងដែន ខុសច្បាប់ទៅប្រទេសថៃ នាំយកមកអធិការស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនមកស្នងការ នគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

លោក ស្រី វុទ្ធី អធិការរងនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនសង្ស័យដែលជាមេខ្យល់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ម៉ី ទូច ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិស្វាយសឃុំ.ស្រុកកំរៀងខេត្តបាត់ដំបង។

ចំណែកពលករខុសច្បាប់ មានចំនួន ១៦នាក់ ក្នុងនោះមានអនីតិជន ៥នាក់ផង និងមានស្រុកកំណើតខ្លះនៅក្នុង ខេត្តបាត់ដំបងខ្លះ នៅខេត្តផ្សេងគ្នា បាននាំគ្នាមកស្រុកកំរៀង ដើម្បីចេញទៅរកការងារធ្វើនៅប្រទេសថៃ។

លោក ស្រី វុទ្ធី បានបញ្ជាក់ថា កាលពីវេលាម៉ោង ២១និង៣០នាទី យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចភូមិ ព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ដែលបម្រុងឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ មានមនុស្សបានជិះឡាន មកឈប់ និងជិះម៉ូតូកង ៣បន្ត បម្រុងឆ្លងដែន ខុសច្បាប់ ក៏ត្រូវសមត្ថកិច្ចព្រំដែន ធ្វើការឃាត់ខ្លួន នាំយកមកអធិការស្រុក ធ្វើការសួរនាំ។

ជនសង្ស័យ (មេខ្យល់) បានឆ្លើយសារភាពថា ខ្លួនគ្រាន់តែជាអ្នកជួយនាំមនុស្សចេញទៅថៃ ដោយបានទំនាក់ទំនង គ្នាតាមទូរស័ព្ទជាមួយខ្មែរ នៅដីថៃ រួចបញ្ជូនមនុស្សឆ្លងដែន ហើយបានទទួលកម្រៃ ក្នុងម្នាក់ ១០០បាតប៉ុណ្ណោះ មិនទាន់បានឆ្លងដែនផង ក៏ត្រូវសមត្ថកិច្ច ចាប់បានតែម្តង។

បច្ចុប្បន្នមន្រ្តីជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនមនុស្ស លួចឆ្លងដែន ខុសច្បាប់ទាំងអស់ មកស្នងការខេត្ត ដើម្បីចាត់ការ បន្តតាមច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]