ខេត្តបន្ទាយមានជ័យ៖ បងធំប្រចាំភូមិម្នាក់ ត្រូវកម្លាំងរាជអាវុធហត្ថ (អ .ហ) ក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកទៅសួរនាំ ក្រោយពី ធ្វើសកម្មភាព យកកាំភ្លើងភ្ជង់ប្រជាពលរដ្ឋម្នាក់ ប៉ងបាញ់ សម្លាប់ចោល តែដោយជនរងគ្រោះយីអ៊ុនខ្ពស់ ស្រែកឲ្យគេជួយ ក៏ផ្អើលដល់អ្នកស្រុកជិតខាង ចេញមកជួយ ជនសង្ស័យបានរត់គេចខ្លួន ក្រោយមកត្រូវកម្លាំង អ.ហ ចាប់ខ្លួនបាន កាលពី វេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៣។

មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត លោក ហម ម៉ុត បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ នេះថា ជនសង្ស័យ ដែលកម្លាំង របស់លោកឃាត់ខ្លួន មានឈ្មោះ ហាន ឌិន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត។ ជនរងគ្រោះ មានឈ្មោះ គាត ហ៊ន់ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅក្នុងភូមិឃុំ ជាមួយជនសង្ស័យ មានមុខរបរ ជាកម្មករសំណង់។

លោកបានបន្តថា មុនឃាត់ខ្លួនជនសង្ស័យ បានធ្វើសកម្មភាព យកកាំបិតខ្លីទៅភ្ជង់ ជនរងគ្រោះ ម្នាក់ឈ្មោះ គាត ហ៊ន់ ខណៈកំពុងផឹកស៊ី ក្រោមផ្ទះអ្នកភូមិ ដោយមិនដឹងមូលហេតុ គំរាមមិន ឲ្យស្រែក ហើយបានវាយដំលើជនរងគ្រោះ ជាច្រើនដៃ រួចសួររកបងប្រុស របស់ ជនរងគ្រោះ ដើម្បីសងសឹងគំនុំរបស់គេ ពេលនោះជនរងគ្រោះ បានស្រែកឆោឡោ ទើបមានអ្នកស្រុករត់មក ជួយ ជនសង្ស័យឃើញ សភាពការណ៍មិនស្រួល បានរត់គេចខ្លួន ក្រោយមកត្រូវកម្លាំង អ.ហ ចាប់ខ្លួនតែម្តង។

ប្រភពពីជនរងគ្រោះ និងប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកម្លាំង អ.ហ ក្រុង ចាប់បានជនសង្ស័យ ឈ្មោះ ហាន ឌិន បានយកកាំភ្លើងខ្លី ទៅភ្ជង់ជនរងគ្រោះ ប៉ងបាញ់សម្លាប់ ជនរងគ្រោះ មិនមែនប្រើកាំបិតខ្លីទេ។ ប្រភពទាំងនោះបានបន្តថា ជនសង្ស័យគឺជាបងធំប្រចាំ ភូមិ គ្មាននរណាហ៊ានជាមួយគេទេ រយៈពេលកន្លងមក បើទោះបីជាជននេះ វាយធ្វើបាប អុកឡុក ក្នុងភូមិក៏ដោយ ក៏គ្មានអ្នកហ៊ានប្តឹងដែរ ព្រោះខ្លាចជននេះសម្លាប់ចោល។

បើទោះបីជាបែបណា ករណីនេះលោក ហម ម៉ុត បានឲ្យដឹងថា ក្រោមការសួរនាំ របស់សមត្ថកិច្ច ជនសង្ស័យ មិនបានសារភាព ថាខ្លួនមានកាំភ្លើងនោះទេ ដោយគ្រាន់តែឆ្លើយថា គេបានយក កាំបិតទៅភ្ជង់ ដើម្បីអាករជនរងគ្រោះ តែប៉ុណ្ណោះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]