ភ្នំពេញៈ សហព័ន្ធកីឡាចំបាប់អន្ដរជាតិ គ្រោងនឹងផ្ដល់សិទ្ធិឲ្យ ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍នៃ ការប្រកួតកីឡា ចំបាប់ជើងឯក ពិភពលោកលើឆ្នេរខ្សាច់ នាឆ្នាំ២០១៥ខាងមុខនេះ បន្ទាប់ពីលោក Stefan Kazarian ប្រធានបច្ចេកទេស កីឡាចំបាប់អន្តរជាតិ (Secretary of the couch department) និងជាសមាជិកប្រតិបត្តិ របស់សហព័ន្ធកីឡាចំបាប់អន្ដរជាតិ បានត្រួតពិនិត្យ តំបន់ឆ្នេរខ្សាច់នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះរួចមក ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា “ក្រោយពីលោក Stefan Kazarian វិលត្រឡប់មកពីត្រួត ពិនិត្យមើលស្ថានភាពតំបន់ឆេ្នរខ្សាច់ នៅខេត្តព្រះសីហនុវិញ យើងបានពិភាក្សាគ្នារួចហើយ ដោយលោក Stefan Kazarian បានមានប្រសាសន៍ថា ឆ្នេរខ្សាច់តំបន់ព្រះសីហនុ គឺមានលក្ខណៈសម្បត្តិល្អ មានទីតាំងល្អ មានសណ្ឋាគារសម្រាប់ ភ្ញៀវទេសចរណ៍ស្នាក់នៅ  និងមានបរិយាកាសល្អ ដូច្នេះយើងអាចយកតំបន់ ឆ្នេរខ្សាច់ព្រះសីហនុនេះ ធ្វើជាទីតាំងសម្រាប់ ធ្វើការប្រកួតកីឡា ចំបាប់លើឆ្នេរខ្សាច់ជើងឯក ពិភពលោកបានហើយ” ។

លោក Stefan Kazarian បានបង្ហាញពីឆន្ទៈជួយឲ្យ កម្ពុជាធ្វើជាម្ចាស់ផ្ទះយើងមុតមាំទៀតថា «ដោយសារឆ្នេរខ្សាច់កម្ពុជា មានលក្ខណៈអំណោយផលល្អ ហើយថែមទាំងមាន ទីតាំងល្អទៀតនោះ ខ្ញុំនឹងជំរុញឲ្យសហព័ន្ធកីឡា ចំបាប់អន្ដរជាតិផ្ដល់សិទ្ធិ មកកម្ពុជាឲ្យធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍នៃ ការប្រកួតកីឡាចំបាប់លើឆ្នេរខ្សាច់ ជើងឯកពិភពលោកឲ្យបាននៅឆ្នាំ២០១៥ »។

លោក Stefan Kazarian បានបញ្ជាក់ទៀតថា « ការរៀបចំការប្រកួតកីឡា ចំបាប់លើឆ្នេរខ្សាច់ជើងឯកពិភពលោកនោះ គឺយើងមិនត្រូវហិដ្ឋារចនាសម្ព័ន្ធ អ្វីច្រើននោះទេ គ្រាន់តែមានវាលខ្សាច់ យើងអាចរៀបចំបានហើយ ហើយវាក៏មិនចំណាយ ថវិការអស់ច្រើនប៉ុន្មានដែរ» ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ដែរថា “ប្រសិនបើសហព័ន្ធកីឡាចំបាប់ អន្ដរជាតិផ្ដល់សិទ្ធិ មកឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ចំបាប់ លើឆ្នេរខ្សាច់ជើងឯកពិភពលោកមែននោះ វាគឺជាសំណាងរបស់កម្ពុជាយើងហើយ ព្រោះការរៀបចំការប្រកួត កីឡាចំបាប់លើឆ្នេរខ្សាច់ ជើងឯកពិភពលោកនោះ មិនត្រឹមតែមានការចូលរួម ពីប្រទេសជាច្រើននៅលើសកលលោកប៉ុណ្ណោះទេ វាថែមទាំងអាចទាក់ទាញ ចំណាបអារម្មណ៍ភ្ញៀវទេសចរ ឲ្យមកលេងនៅកម្ពុជាបានច្រើនទៀតផង” ។

ទោះបីជាយ៉ាងណាលោក វ៉ាត់ ចំរើន នៅមិនទាន់កំណត់ពីវេលា រៀបចំព្រឹត្តិការណ៍អន្ដរជាតិខាងលើនេះ ច្បាស់លាស់នៅឡើយទេ ដោយលោកបានបញ្ជាក់ថា “យើងនៅរង់ចាំតែសេចក្ដីសម្រេច ពីសហព័ន្ធកីឡាចំបាប់អន្ដរជាតិ បើគេអនុម័តឲ្យកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះហើយនោះ ទើបយើងប្រកាសជាផ្លូវការតែម្ដង ប៉ុន្ដែបើតាមជំនាញការ របស់សហព័ន្ធកីឡាចំបាប់ អន្ដរជាតិលោក Stefan Kazarian បានប្រាប់ខ្ញុំថា ឆ្នេរខ្សាច់នៅខេត្តព្រះសីហនុនោះ គឺមានលក្ខណៈអំណោយ ផលល្អណាស់ ដូច្នេះកម្ពុជាអាចធ្វើជា ម្ចាស់ផ្ទះបានហើយ” ។

លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា “ប្រសិនបើកម្ពុជាទទួលបាន សិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ពិភពលោកមែននោះ ប្រទេសដែលត្រូវចូលរួម ប្រកួតក្នុងកម្មវិធីនេះ គឺមិនតិចជាង ២២ប្រទេសនោះទេ” ៕ 



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]