កំពង់ចាមៈ កម្លាំងនគរបាល ស្រុកក្រូចឆ្មារ បានចាប់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៣ នៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ក្រោយពីបានទទួលពាក្សបណ្តឹង របស់ជនរងគ្រោះ ក្នុងករណីបាត់ម៉ូតូមួយគ្រឿង កាលពីយប់ថ្ងៃទី៧ ខែកញ្ញា។

មន្ត្រីនគរបាលស្រុកក្រូចឆ្មារ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈាវ ស ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី៧ ខែកញ្ញា វេលាម៉ោង៨យប់ ឈ្មោះ នៅ ណាក់ ភេទប្រុស អាយុ ២១ឆ្នាំ ជាម្ចាស់ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម បានទុកម៉ូតូក្នុងចំការ ហើយក៏ចេញទៅចាប់កូនកង្កែប ដើម្បីធ្វើនុយសន្ទូច។ លុះមួយសន្ទុះក្រោយ ត្រឡប់មកវិញ ក៏ស្រាប់តែបាត់ម៉ូតូតែម្តង។

សមត្ថកិច្ចបន្តថា រហូតដល់ព្រឹកថ្ងៃទី៨ ទើបម្ចាស់ម៉ូតូ បានមកប្តឹងសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ច បានជួយអន្តរាគមន៍ ដោយនាំម្ចាស់ម៉ូតូ ទៅពិនិ្យ មើលកន្លែងលក់ម៉ូតូមួយ ផ្ទះឈ្មោះ ស៊ន់ ទូច នៅ ក្នុងស្រុកក្រូចឆ្មារនោះ។ ក្រោយពីបានពិនិត្យ ម្ចាស់ម៉ូតូ បានស្គាល់ម៉ូតូរបស់ខ្លួន នៅកន្លែងទិញ លក់ ជាមួយគ្នានោះដែរ ម្ចាស់ផ្ទះទិញ លក់ បានឆ្លើយថា ខ្លួនបានទិញម៉ូតូសង់កូរ៉េនោះ ពីឈ្មោះ ដូ ហឿន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារក្នុងតម្លៃ មួយរយដុល្លារ ដែលមានឈ្មោះ ឈាវ ស ជាអ្នកធានា ។

ក្រោយពីបានដឹងមុខសញ្ញា សមត្ថកិច្ចបានឈានទៅចាប់ខ្លួនឈ្មោះ ឈាវ ស មកសាកសួរ ហើយ ជនសង្ស័យរូបនេះ បានឆ្លើយថា ខ្លួនពិតជាបាននាំជនដៃដល់ឈ្មោះ ដូ ហឿន យកម៉ូតូមួយគ្រឿង នោះទៅលក់ពិតប្រាកដមែន ចំណែក ឈ្មោះ ដូ ហឿន បានរត់គេចខ្លួន ។ នគរបាលស្រុកក្រូចឆ្មារ បានឲ្យដឹងទៀតថា ចំពោះម៉ូតូដែលរកឃើញ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ ហើយ ដោយឡែក ជនសង្ស័យឈ្មោះ ឈាវ ស សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនមកសាលាដំបូង ខេត្ត កំពង់ចាម ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ចំណែក អ្នកលួច ឈ្មោះ ដូ ហឿន សមត្ថកិច្ចកំពុងតាម ប្រម៉ាញ់ យកមកផ្តន្ទាទោសផងដែរ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]