រាជធានីភ្នំពេញ ៖ បុរសនារី២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងសង្កាត់វាល វង់ ខណ្ឌ៧មករា បន្ទាប់ពីយកដុំថ្មគប់បែកកញ្ចក់រថយន្ត ម៉ាកអាល់តូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2T-2361 កាលពីវេលាម៉ោង១០ និង៥នាទីយប់ថ្ងៃទី៨ កញ្ញា ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកអាល់តូស បានបើកជ្រុលបុកជាមួយម៉ូតូគុបជ្រុងមួយគ្រឿង នៅចំណុចគល់ស្ពាន ជ្រោយចង្វា រួចភាគីទាំងពីរបានចរចារួចរាល់ ដោយសុំស្មើគ្នា ហើយក៏ធ្វើដំណើរចេញទៅរៀងខ្លួន ។

ពេលនោះស្រាប់តែមានម៉ូតូស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BF-7537 ជិះដោយបុរសនារី២នាក់មិនដឹងថាត្រូវជាបងប្អូន ឬមិត្តភក្តិនឹងម្ចាស់ម៉ូតូគុបយ៉ាងណានោះទេ បានជិះម៉ូតូដេញតាមរថយន្តរហូតដល់ស្តុបណានជីង ក៏យកដុំថ្មគប់បែកកញ្ចក់រថយន្តផ្ទាំងខាងក្រោយខ្ទាតចូលដល់ខាង ក្នុង តែសំណាងល្អមិនបណ្តាលឱ្យអ្នកណាម្នាក់រងរបួសទេ ។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងបានឃាត់ខ្លួនបុរសនារីនោះ រួមទាំងម៉ូតូបាននៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បញ្ជូនទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]