ខេត្ត​ប៉ៃ​លិន​​​ ៖ ប្តី​-ប្រពន្ធ​ដែល​រកស៊ី​ជួញ​ដូរ​ផ្លែ​ឈើ​ពី​ផ្សារ​ថៃ​ដឹក​តាម​ម៉ូតូ​​ដើរ​ លក់​ដូរ​នៅ​ទឹកដី​ខ្មែរ​ លុះ​ត្រឡប់​មក​វិញ​ជិត​ដល់​គោល​ដៅ​ទៅ​ហើយ​ដល់​ផ្លូវ​ចុះ​ចំណោត ​ម៉ូតូ​​ក៏​ផ្ទុះ​កង់​ក្រោយ​​​​បណ្តាល​ឱ្យ​រេចង្កូត​​ទប់​មិន​ជាប់​ដួលបោក​ ខ្លួន​ទៅ​លើ​ថ្នល់​រងរបួស​ធ្ងន់​។ ​ប្តី​ដួលបោក​ខ្លួន​ទៅ​​ខាង​​​ស្តាំ​ដៃបុកក្បាល​នឹងចិញ្ចើម​ថ្នល់​ដាច់​ខ្សែ ​មួក​ការ​ពារ​​ខ្ទាតចេញ​​ពីខ្លួន​ធ្វើ​ឱ្យ​ក្បាល​ទង្គិច​នឹង​ដុំ​ថ្ម​ បណ្តាល​ឱ្យបែក​​​សៀត​ផ្កា​ផ្នែ​កខាងស្តាំ​​​រយះស្មា​​ របួស​​ដៃ​និងជង្គង់​ទាំង​សង​ខាង​សន្លប់​បាត់ស្មារតី​នៅនឹង​កន្លែង​ ចំណែក​ប្រពន្ធ​ដែល​ជិះ​ពី​ក្រោយ​​ធ្លាក់​ផ្កាប់​មុខ​​​ទៅ​លើ​ថ្នល់រង​របួស​ បែ​កមាត់​ បាក់​ធ្មេញ​ស្ទើរ​តែ​ទាំង​អស់​​ សន្លប់​បាត់​ស្មារតី​ដូចគ្នា។ ​   

ជន​រង​គ្រោះ​​ត្រូវ​អ្ន​ក​រក​ស៊ី​ដឹ​ក​ផ្លែ​ឈើ​ើលក់​ ដូច​គ្នា​ឃើញ​ ក៏​ទូរស័ព្ទ​ទៅ​​ប្រាប់​​ក្មួយ​ប្រុស​​​​ឈ្មោះ​ឈុន​ ឆៃ​លី​  អាយុ​១៥​ឆ្នាំ​ យក​ម៉ូត​ូ​ទៅ​ដឹក​យក​ទៅ​​​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ។ ​ជន​រង​គ្រោះ​ជាប្តី​​​​​ឈ្មោះ​លៀម​ ហាក់​ អាយុ​៤៣​ឆ្នាំ​ ចំណែក​ស្ត្រី​ជាប្រពន្ធ​ឈ្មោះ​​ហ៊ុយ​ សាន​ អាយុ​៣១​ឆ្នាំ​ ជាអាជីវក​រ​ រស់នៅ​ភូមិ​​អូរ​តាប្រាង្គ​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន​។ ហេតុការណ៍​នេះ​​​កើតឡើង​កាលពី​វេលាម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ មេសា​ នៅលើ​ផ្លូវជាតិ​លេខ​៥៩​ ​​ស្ថិត​នៅ​ភូមិ​ប៉ាង​រលឹម​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន​ ។

ស្ត្រី​ជាប្រពន្ធ​​ឱ្យ​ដឹង​ថា​ ជារៀង​រាល់​ថ្ងៃ​ពួកគេ​​តែង​តែ​ងើបពីព្រលឹម​​នាំ​គ្ន​ាចេញ​ពី​ផ្ទះ​ទៅទិញ​ ផ្លែឈើដូចជា​ ទុរេន​ មង្ឃុត​ សាវ​ម៉ាវ​ អង្កាំ​ មៀន​ និង​ផ្លែឈើ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​មកបោះ​ឱ្យ​ម៉ូយ​នៅ​តាម​តូប​លក់​នៅ​ក្នុង​ ផ្សារ​ប៉ាង​រលឹម​ដោយ​ទិញ​ផ្លែ​ឈើ​ទាំង​អស់​មិ​ន​តិច​ជាង​១០០​គីឡូក្រាម​​ទេ​ ។ ​នៅថ្ងៃ​កើត​ហេតុ​ពួក​គេ​ទាំង​ពីរនាក់​​​ទិញ​ផ្លែ​ឈើ​​ចំនួន​២​កញ្ឆេ​ រួច​យក​មក​ចង​កៀប​​ដាក់​សង​ខាង​ម៉ូតូ​​ផ្នែ​ក​ខាងក្រោយ​ ដោយ​គាត់​ជិះ​ចំ​​​កណ្តាល​​ដើម្បី​ទប់​កុំ​ឱ្យ​ផ្លែ​ឈើ​ធ្លាក់ ។ ពេល​​ជិះ​ម៉ូតូ​ចេញមក​វិញ​​​​​ដល់​ចំណុច​​​​​​ផ្លូវ​ចុះ​ចំណោត​​ខ្លាំង​ ​​​​ក្នុងល្បឿន​លឿន​ក៏​ផ្ទុះ​កង់​ក្រោយ​​ ។

ខណៈ​នោះ​ប្តី​​​គាត់​បន្ថយ​ល្បឿន​​​​​ឈប់​​ តែ​​មិន​អាច​ឈប់​បាន​​​​ទេ​ ព្រោះ​​ម៉ូតូ​​​ដឹក​ផ្លែឈើ​ធ្ងន់​​ ក៏​រេ​​ចង្កូត​បណ្តាល​ឱ្យ​ដួល​​​​។ ​​ ពេល​​​ម៉ូតូ​បែ​កកង់​មាន​រថយន្ត​មួយ​គ្រឿង​បើក​មក​​​ពី​ក្រោយ​​ ​​​មាន​ចម្ងាយ​ពីគ្នា​ប្រហែល​​ជា​៥០​ម៉ែត្រ​ តែ​រថយន្ត​នោះ​មិន​ហ៊ាន​វ៉ា​​ទៅ​មុខ​ទេ​ ព្រោះខ្លាច​ម៉ូតូ​រេចង្កូត​​ប៉ះ​ក៏បើក​យឺត​ៗ​នៅពី​ក្រោយ​ ។ប្រភព​ដដែល​បន្តទៀតថា ​​អ្នកបើក​​​​រថយន្ត​ និង​អ្នក​ជិះ​បាន​ជួយ​រឹត​​ពួក​គេ​ទាំង​ពីរ​នាក់​ ​​ហើយ​ទើ​ប​​បន្ត​ដំណើរ​ទៅមុខ​ទៀត​ ​​ ៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]