ខេត្តបន្ទាយមានជ័យ ៖ រវាងយើងបានត្រឹមតែជាសង្សារ ទោះជាយ៉ាងណាក៏ មិនលើសពីនេះដែរ ទោះបីចង់ជួប ចង់ថែ ចង់រស់ក្បែរ ក៏បានត្រឹមតែរយៈពេលខ្លី ស្រឡាញ់ខ្លាំងបានត្រឹមតែជាសង្សារ ឯសិទ្ធិរៀបការបានទៅអ្នកដទៃ ហេតុអ្វីស្រឡាញ់គ្នាសល់ត្រឹមតែការអាល័យ គឺអូនគ្មានថ្ងៃបានធ្វើប្រពន្ធបងទេ ។

ខាងលើនេះគឺជាឃា្ល នៃបទចម្រៀងមួយ មុនពេលនាងក្រមុំម្នាក់នៅសល់ តែជាង២ខែទៀតប៉ុណ្ណោះ ត្រូវរៀបការជាមួយបុរសម្នាក់ ដែលបានភ្ជាប់ពាក្យជាមួយគ្នាច្ រើនខែហើយនោះ ទីបំផុតដំបៅស្នេហ៍ បានធ្វើឱ្យនាងសម្រេចចិត្តធ្វើអត្តឃាត ដោយយកខ្សែដេរបាវស្រូវ ចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ក្នុងផ្ទះរបស់ខ្លួន ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី៧ កញ្ញា នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ។ នេះជាវិបត្តិស្នេហាមួយ ដែលនារីរូបនេះមានចិត្តប្រតិព័ទ្ធលើសង្សារពេញបេះដូងរួចទៅហើយ  ផ្ទុយទៅវិញមនោសញ្ចេតនារបស់នាងត្រូវប្រេះឆា ដោយសារតែបុរសជាទីស្រឡាញ់ បានត្រឹមធ្វើជាសង្សារ ហើយបែរជាត្រូវរៀបការជាមួយ បុរសផ្សេងដែលនាងមិនស្រឡាញ់ ។ ទោះបីជាបែបនេះក្តី ក៏មានសំណួរមួយថា តើវិធីនេះឬជាការបង្ហាញភក្តីភាពសម្រាប់ស្នេហា ? បើនាងសម្លាប់ខ្លួនទៅនោះ តើសង្សាររបស់នាងនឹងមានជម្រើសបែបណា ? គេប្រហែលជាមិនបានគិតខ្លីដូចនាងនោះទេ។

តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថា នារីដែលចង.ក ធ្វើអត្តឃាតនេះ ឈ្មោះ អឿន លីតា អាយុ២១ឆ្នាំ ជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៤នាក់ (ស្រី៣នាក់) ។ តាមការឱ្យដឹងពីលោកអនុសេនីយ៍ឯក យី សំបូរ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបេងវិញ បានប្រាប់ថា បើតាមការបំភ្លឺរបស់ឪពុកម្តាយបង្ហាញថា ដើមឡើយនាង លីតា មានសង្សារម្នាក់ដែលបម្រុងចូលស្តីដណ្តឹង ប៉ុន្តែមិនដឹងជារឿងរ៉ាវនោះយ៉ាងណា បែរជាបុរសដែលស្រឡាញ់នាងនោះបានទៅរៀបការ ជាមួយនារីផ្សេងអស់រយៈពេលជាង៦ខែមកហើយ ។ ចំណែកបុរសដែលបានចូលស្តីដណ្តឹងនាង និងបានភ្ជាប់ពាក្យជាមួយនាង ក៏មានរយៈពេលប្រហែល៥ខែមកហើយដែរ នៅខ្វះតែជាង២ខែទៀតប៉ុណ្ណោះត្រូវចូលរោងការ គឺនៅថ្ងៃទី៨ និងទី៩ វិច្ឆិកា ខាងមុខ ។ ចំណែកបុរសអភ័ព្វស្នេហ៍ ខកខានមិនបានធ្វើកូនកំលោះ ឈ្មោះ លេន ឡោះ អាយុ២៣ឆ្នាំ នៅភូមិជាមួយគ្នា ។ តាមប្រភពព័ត៌មានថា ទោះបីជាគូដណ្តឹងនឹងគ្នាអស់រយៈពេល៥ខែមកហើយក្តី ក៏នាង លីតា និងឈ្មោះ លេន ឡោះ មិនដែលនិយាយរកគ្នាអស់រយៈពេល២ខែមកហើយដែរ ។

លោកវរសេនីយ៍ឯក សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ឱ្យដឹងថា នាង អឿន លីតា ពិតជាធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនមែន ដោយយកខ្សែដេរបាវស្រូវចំនួន១០ខ្សែមក ចង.ក នៅក្នុងបន្ទប់របស់នាង ពេលឪពុកម្តាយមិននៅផ្ទះរវល់ទៅមើលចម្ការ ។ លុះពេលឪពុកម្តាយត្រឡប់មក ដល់ផ្ទះវិញមិនឃើញនាង ក៏រកមើលក្នុងបន្ទប់ ស្រាប់តែឃើញនាងចង.ក មិនដឹងជាស្លាប់តាំងពីពេលណាមកទេ ។ នេះតាមការរៀបរាប់របស់ឪពុកម្តាយនាង ។ ជុំវិញករណីធ្វើអត្តឃាតនេះ មិនដឹងថានាងមានបញ្ហាអ្វីនៅក្នុងក្រុមគ្រួសារនោះទេ ព្រោះមុនពេលឪពុកម្តាយភ្ជាប់ ពាក្យជាមួយបុរសក្រោយនេះ ក៏បានសួរចិត្តនាងដែរ ហើយនាងឆ្លើយថាព្រមយក ។ ប៉ុន្តែទីបំផុតពេលជិតដល់ថ្ងៃរៀបការបែរជានាងគិតខ្លីធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនទាំងវ័យក្មេង ទុកឱ្យបុរសម្នាក់ដែលរង់ចាំតែថ្ងៃចូលរោងការ ឱ្យចៅមហា និងមេបាឱ្យពរជ័យ ប្រែក្លាយទៅជាឮភ្លេងក្លងខែកហែកលោកជំនួសទៅវិញសោះ ។ 

ស្ថានភាពរន្ធត់បែបនេះ ធ្វើឱ្យបុរសជាគូអនាគត ដែលសង្ឃឹមកសាងគ្រួសារជាមួយនាង ក្តុកក្តួលអួលណែនឱរាក្នុងភាព អាឡោះអាល័យសោកស្តាយនាង គ្មានទីបំផុត ។ សពរបស់នាង បានត្រូវក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ទាំងអួលអាក់ គ្មានវាចា នឹងថ្លែងនោះឡើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]