រាជធានីភ្នំពេញ ៖ រថយន្តដឹកសិស្សម៉ាកសាំងយ៉ុង ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2O-2685 បានបើកបុកក្មេងស្រីជិះកង់ អាយុ៨ឆ្នាំម្នាក់ រួចកិនស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅដល់មន្ទីរពហុព្យាបាល វិសាលសុខ ចំណែកអ្នកបើកបរ ត្រូវប្រជាពលរដ្ឋចាប់បាននៅពេលបម្រុងរត់គេច ។

គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង កាលពីវេលា ម៉ោង៤និង២០នាទីរសៀល ថ្ងៃទី៥ កញ្ញា នៅតាមផ្លូវលេខ៣២៤ ក្នុងភូមិទី៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ក្មេងស្រីដែលរថយន្តកិនស្លាប់ឈ្មោះ ផន នីកា អាយុ៨ឆ្នាំ ជាសិស្សមានលំនៅក្បែរកន្លែងកើតហេតុ ត្រូវរថយន្តកិនចំក្បាលខ្ទាតឈាមពេញផ្លូវ ស្លាប់បាត់បង់ជីវិតនៅពេលដែលបញ្ជូនទៅមន្ទីរពហុព្យាបាលវិសាលសុខ ។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ទៀប សុភា ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅផ្ទះលេខ៣០ ផ្លូវលេខ៣៤៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សាក្សីនិយាយថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់ពីសាលារៀនក្នុងគោល បំណងត្រឡប់ទៅផ្ទះវិញ ។ ពេលនៅសល់ប្រមាណ៥០ម៉ែត្រទៀតដល់ផ្ទះ ស្រាប់តែមានរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងជារថយន្តដឹកសិស្សបើកបរ តាមផ្លូវលេខ៣២៤ ក្នុងទិសដៅពីលិចទៅកើតស្របទិសជាមួយកង់ បានរេចង្កូតជ្រុលទៅកៀរកង់ដួល បណ្តាលឱ្យក្មេងស្រីខ្ទាតចូលកង់ក្រោយរថយន្តកិនរងរបួសធ្ងន់ ។

ពេលនោះអ្នកបើកបរបានឈប់រថយន្តចុះរត់គេច តែត្រូវប្រជាពលរដ្ឋនាំគ្នាចាប់បាន រួចនគរបាលបញ្ជូនទៅអធិការដ្ឋានខណ្ឌទួលគោកភ្លាមៗ ខ្លាចមានការវាយដំពីអ្នកឃើញហេតុការណ៍ ។ ក្មេងស្រីត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពហុព្យាបាលវិសាលសុខ តែគ្រូពេទ្យអះអាងថា ស្លាប់បាត់ទៅហើយទើបយកត្រឡប់ទៅលំនៅឋានវិញ ក្រោមសម្រែកទួញយំពីម្តាយដែលស្តាយស្រណោះកូនស្រីជាទីស្រឡាញ់ ។រថយន្តរួមទាំងកង់ និងអ្នកបើកបរនគរបាលបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមផ្លូវច្បាប់៕



ប្រភពវីដេអូ ៖ facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]