ខេត្តសៀមរាប ៖ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា គំនរឈើគ្រញូងប្រភេទក្រាក់ ជិតពីរម៉ឺនកំណាត់ ស្មើនឹង១៨ម៉ែត្រគូប ត្រូវបានប្រទះឃើញក្នុងព្រៃមួយ ក្បែរផ្ទះអ្នកស្រុក ជិតប្រាសាទបន្ទាយស្រី ក្នុងភូមិទួលក្រឡាញ់ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃពុធ ទី៤ កញ្ញា ដោយសង្ស័យថា ក្រុមជនទុច្ចរិតដឹកមកលាក់ទុក រង់ចាំលើកដាក់រថយន្តដឹកទៅកាន់ ខេត្តកំពង់ចាម ដែលជាច្រកទីផ្សារងងឹត លក់ឱ្យឈ្មួញវៀតណាម។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោក ទា គឹមសុទ្ធ បានឱ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៥ កញ្ញាថា ឈើគ្រញូងដែលរឹបអូស បាននោះជាប្រភេទឈើឫស និងគល់ មានចំនួនរហូតដល់ ១៧.៧០៤កំណាត់ ទម្ងន់២១តោន ស្មើនឹង១៨ម៉ែត្រគូប ។ នេះជាការបង្ក្រាបបទល្មើសឈើគ្រញូងដែលមានចំនួនច្រើនជាងគេ សម្រាប់ឆ្នាំ២០១៣នេះ ក្រោមកិច្ចសហការរួមគ្នារវាងរដ្ឋបាលព្រៃឈើ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត-ក្រសួងមហាផ្ទៃ និងកងរាជអាវុធហត្ថខេត្ត ។

លោក ទា គឹមសុទ្ធ ថ្លែងថា ប្រតិបត្តិការប្រកបដោយជោគជ័យដែលឈានទៅដល់ការប្រទះឃើញគំនរឈើ គ្រញូងដ៏ច្រើននេះ ធ្វើឡើុងដោយមានការតាមដានពីកម្លាំងសម្ងាត់ដែលបានដាក់បង្កប់នៅ ក្នុងតំបន់នោះជាយូរមកហើយ ។ មានសេចក្តីរាយការណ៍ថា មានឈ្មួញឈើមួយរូប បានធ្វើសកម្មភាពប្រមូលទិញឈើគ្រញូងពីប្រជាពលរដ្ឋពីព្រៃនៅ តំបន់នោះ ដឹកតាមរថយន្តតូចៗពីតំបន់ប៉ែកខាងលើយកមកស្តុកទុកនៅទីនោះ ដើម្បីរង់ចាំឱកាសដឹកតាមរថយន្តធំៗបង្កប់ទៅកាន់ខេត្តកំពង់ចាម។

ទោះបីជាបែបណា រហូតមកទល់ពេលនេះ ពុំមានមន្ត្រីណាម្នាក់អាចបង្ហើបពីឈ្មោះឧក្រិដ្ឋជនឈើគ្រញូងនោះ នៅឡើយទេ ខណៈប្រភពខ្លះអះអាងថា ឈើទាំងនោះជារបស់ឈ្មោះ ហុង រស់នៅក្នុងភូមិខាងលើ ។ ជននេះត្រូវបានគេដឹងថា បានរកសុីបទល្មើសព្រៃឈើលេខ២ដ៏មានអាយុកាលដុះស្លែ ហើយអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយទៅជាឈ្មួញឈើគ្រញូងជើងខ្លាំងមួយរូប ក្នុងចំណោមឈ្មួញជាច្រើននាក់ទៀតនៅខេត្តសៀមរាប ។ ប្រភពដដែលបន្តថា ក្រោយពីចំណេញកប់ក្តោងក្នុងមុខជំនួញឈើល្មើសច្បាប់នោះ ឈ្មោះ ហុង ក៏បានស្វះស្វែងរកខ្នងបង្អែក ដោយបានទិញឈ្មោះធ្វើជាប៉េអឹមក្រុងសៀមរាបថែមទៀត ។
ទាក់ទិន នឹងសកម្មភាពដឹកជញ្ជូនឈើគ្រញូងនោះដែរ ក្រុមអ្នកតាមដានបទល្មើសព្រៃឈើឱ្យដឹងថា ឈើគ្រញូងដែលក្រុមឧក្រិដ្ឋជនព្រៃឈើកំពុងធ្វើចរាចរណ៍ជារៀងរាល់ ថ្ងៃនោះ ភាគច្រើនមានប្រភពមកពីច្រកព្រំដែនអូរស្វាយ និងច្រកទំនប់ដាច់ ក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ឈើទាំងនេះ ត្រូវបានគេដឹកតាមរថយន្តតូចទំនើបៗ តាមផ្លូវជាតិលេខ៦៧ ក្នុងនោះខ្លះយកមករក្សាទុកជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ដើម្បីរង់ចាំឱកាសល្អដឹកបន្តតាមរថយន្តធំៗ បង្កប់ក្រោមទំនិញ ជាពិសេសក្រោមដំឡូងមីតែម្តង ទៅកាន់ខេត្តកំពង់ចាម និងខ្លះទៀតរត់ត្រង់ទៅដល់គោលដៅខេត្តកំពង់ចាមតែម្តង។

ប្រភពដដែលបន្តទៀតថា សកម្មភាពដឹកជញ្ជូនឈើគ្រញូងទាំងនោះ បានកម្រើកឡើងវិញតាំងពីក្រោយបុណ្យចូលឆ្នាំខ្មែរមកម៉្លេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានចេញសារាចរថ្មីមួយទប់ស្កាត់បទល្មើសឈើដ៏កម្រនោះ ហើយភាគច្រើនធ្វើនៅពេលស្ងាត់ ចាប់ពីចន្លោះម៉ោងប្រមាណ១០យប់ ដល់ម៉ោង២រំលងអធ្រាត្រ ដោយក្នុងមួយយប់ៗមិនតិចជាង១០គ្រឿងទេ ។ ក៏ប៉ុន្តែបានស្ងប់ស្ងាត់ទៅវិញនាប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានការព្រមានសាជាថ្មីពីថ្នាក់ដឹកនាំ ធ្វើឱ្យឈើគ្រញូងដែលមានប្រភពពីតំបន់ព្រំដែនដឹកឆ្ពោះទៅកាន់ ផ្សារងងឹតលែងបានរហូតដល់ក្រុមឈ្មួញដឹកយកទៅលាក់តាមព្រៃយ៉ាង ដូច្នេះ ។

ទាក់ទិនទៅនឹងករណីកម្រើកឡើងវិញនៃបទល្មើស ដឹកជញ្ជូនឈើគ្រញូងនោះដែរ ក្រុមមន្ត្រីសង្គមសុីវិល ដែលបានតាមដានការអនុវត្តច្បាប់ បានលើកឡើងថា ក្រុមឈ្មួញនៅតែបន្តស្ទុះស្ទាដឹកឈើគ្រញូងពីតំបន់ព្រំដែនខ្មែរ- សៀម ទៅលក់នៅព្រំដែនខ្មែរ-វៀតណាម រួមទាំងកម្លាំងសមត្ថកិច្ចតាមដងផ្លូវទាំងអស់នោះ ដែលមិនត្រឹមតែល្មើសច្បាប់ព្រៃឈើ និងច្បាប់ប្រឆាំងអំពើពុករលួយ ឬក៏ល្មើសទៅនឹងបទបញ្ជាយ៉ាងក្តៅគគុករបស់ប្រមុខរាជរដ្ឋាភិបាល ប៉ុណ្ណោះទេ ថែមទាំងជាអំពើជញ្ជក់ញើសឈាមពលរដ្ឋស្លូតត្រង់ថែមទៀត ។ ពលរដ្ឋទាំងនោះ ត្រូវគេបញ្ចុះបញ្ចូលឱ្យឆ្លងដែនចូលទៅក្នុងទឹកដីសៀមដោយខុស ច្បាប់ ដើម្បីជញ្ជូនឈើពីទីនោះ ហើយអ្នកខ្លះត្រូវទាហានសៀមបាញ់ស្លាប់ និងរបួសជាច្រើននាក់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]