ភ្នំពេញ ៖ នាយកក្រុមហ៊ុន នាំពលករ ទៅបម្រើការងារ នៅប្រទេសកូរ៉េយីហោ យូខេនវីន (You Can Win) និងប្រធាន ផ្នែកទីផ្សាររបស់ខ្លួន ត្រូវបានសមត្ថកិច្ចចាប់ ខ្លួន បញ្ជូនទៅតុលាការពីបទ ឆបោកពលករ ទៅបម្រើការងារ នៅប្រទេសកូរ៉េខាងត្បូង ដោយគ្មានការអនុញ្ញាត និងច្បាប់ត្រឹមត្រូវ ពីរាជរដ្ឋាភិបាល តាម រយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ការចាប់ខ្លួន នាយកក្រុមហ៊ុន និងប្រធានផ្នែកទីផ្សារនៃ ក្រុមហ៊ុនមួយនេះ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ១៧០ ផ្លូវលេខ ៤៤០ កែងផ្លូវលេខ ១៦៧ សង្កាត់ ទួលទំពូង ខណ្ឌចំការមន បាន ធ្វើឡើង ក្រោយពីក្រសួងការងារដឹកនាំ ដោយលោក ហេង សួ អគ្គនាយក នៃអគ្គ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានដាក់ ពាក្យបណ្ដឹងទៅសមត្ថកិច្ច និងតុលាការ ចាត់ការរឿង មួយនេះ ។

យោងតាមពាក្យបណ្ដឹង របស់តំណាង ក្រសួងការងារបានឱ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០១៣ កន្លងទៅ ក្រសួងការងារបាន រកឃើញមនុស្សមួយក្រុម បានបង្កើតក្រុម ហ៊ុនចាត់តាំង ប្រព្រឹត្ដអំពើឆបោកដោយ បានប្រើឧបាយកលឃោសនា តាមប្រព័ន្ធ ទំនាក់ទំនងហ្វេសប៊ុក ស្ដីពីដំណឹងជ្រើសរើស បុគ្គលិក ពលករ ពលការិនី ទៅបម្រើការ ងារ នៅប្រទេសកូរ៉េ ហើយចាប់ផ្ដើមឱ្យ ក្រុមហ៊ុនរបស់ខ្លួន ដែលមានឈ្មោះ គឹម សុផាត អាយុ ២៩ឆ្នាំ ជាប្រធានផ្នែកទីផ្សារ លើកស្លាក និងបោះផ្សាយខិត្ដប័ណ្ណដើម្បី អូសទាញប្រជាពលរដ្ឋស្លូតត្រង់ ជឿទុកចិត្ដ លើសកម្មភាពរបស់ខ្លួនថា បានសិទ្ធិពីក្រុមហ៊ុនធំៗ និងរោងចក្រឧស្សាហកម្មទំនើបៗ ត្រូវការជ្រើសរើសបុគ្គលិកទាំង ២ភេទឱ្យទៅបម្រើការងារ នៅប្រទេសកូរ៉េ ។

ពាក្យបណ្ដឹងខាងលើបានបន្ដថា នៅពេលដែលប្រជាពលរដ្ឋ ទៅធ្វើការទាក់ទង ជាមួយក្រុមហ៊ុនត្រូវបានបុគ្គលិក របស់ក្រុមហ៊ុន មួយនេះដោយមានបញ្ជាពីនាយកក្រុម ហ៊ុន ឈ្មោះ អួន សារ៉ាត់ អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៦ដេ ផ្លូវលេខ២៣០ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក ធ្វើ ឧបាយកលដោយ បញ្ជាក់លិខិតមានតម្លៃ ជាកាតព្វកិច្ចប្រមូលពីប្រជាពលរដ្ឋពី១០០ ដុល្លារ ទៅ១៥០ដុល្លារ ហើយសន្យាថា នឹង រត់ការផ្ដល់ឯកសារ បានទៅធ្វើការនៅ ប្រទេសកូរ៉េ។ ពាក្យបណ្ដឹងបានបន្ដទៀតថា ការអំពាវនាវរបស់ ក្រុមហ៊ុន តាមរយៈការ ឆបោកនេះ បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ដែលឃើញព័ត៌មាន មានការ យល់ច្រឡំ ហើយគិតថា ក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិដូចគ្នា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះ អនុស្សារណៈ នៃការយោគយល់គ្នា រវាង ក្រសួងការងារកម្ពុជា និងក្រសួង ការងារ របស់ប្រទេសកូរ៉េ ។ ដូច្នេះសកម្ម ភាពខាងលើនេះ បានធ្វើឱ្យប៉ះពាល់ដល់ សណ្ដាប់ធ្នាប់ សាធារណៈ ជាពិសេសធ្វើឱ្យ ខូច ប្រយោជន៍ជាប្រាក់កាសដល់ប្រជាពល រដ្ឋស្លូតត្រង់ ដែលជឿទៅលើឧបាយកលទុច្ចរិត របស់ក្រុមទាំងនេះ ហើយម្យ៉ាងវិញទៀត សកម្មភាពរបស់ក្រុមហ៊ុនបង្កើតការយល់ច្រឡំ ក្នុងការបំពេញមុខងាររបស់រាជរដ្ឋា ភិបាល ដើម្បីបញ្ជូនពលករទៅធ្វើការ នៅប្រទេសកូរ៉េដោយស្របច្បាប់ ។

បើយោងតាមពាក្យបណ្ដឹងខាងលើ ដែលប្ដឹងទៅតុលាការ បានបញ្ជាក់ទៀតថា កន្លងមកក្រសួងការងារ ក៏ ដូចជារដ្ឋាភិបាល នៃ សាធារណរដ្ឋកូរ៉េ ពុំដែលប្រគល់សិទ្ធិឱ្យ ក្រុមហ៊ុន អង្គការ ឬសហគ្រាសណាមួយធ្វើ ជាភ្នាក់ងារដោយយក កម្រៃខុសច្បាប់ ក្នុងការ សម្របសម្រួល តាមគ្រប់រូបផាពឱ្យបញ្ជូនពលករ ទៅប្រទេសកូរ៉េឡើយ ។ការទទួលបានការងារពីប្រទេសកូរ៉េគឺផ្ដួចផ្ដើមឡើង ដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ហើយជាលក្ខខណ្ឌជំនួយសុទ្ធសាធ ដែលប្រទេសទាំងពីរ បានចុះអនុស្សារណៈជាមួយគ្នា ។

ជាមួយគ្នានេះ មន្ដ្រីក្រសួងការងារបាន អំពាវនាវទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ប្រសិនបើធ្លាប់ចាញ់បោកក្រុមហ៊ុនមួយនេះ សូមមកដាក់ពាក្យបណ្ដឹង ។

នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ នេះ ជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនខ្លួន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីសួរនាំជុំវិញករណីទាំងនេះ រួចហើយមានវិធានការតាមផ្លូវច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]