កំពង់ស្ពឺ ៖ ជម្លោះរវាងប្ដី-ប្រពន្ធ ដែល មានអាយុខុសគ្នា ជិត២០ឆ្នាំ ពោលប្ដីមាន អាយុ ២៣ឆ្នាំ និងប្រពន្ធមានអាយុរហូត ដល់ ៤២ឆ្នាំ បានផ្អើលអស់កម្លាំងនគរបាល ទូទាំងក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ដោយ ស្មានថា លេចមុខក្រុមចោរប្លន់ស្លៀកខោ លីអូ មកធ្វើសកម្មភាព ទៀតហើយ ប៉ុន្ដែ ធាតុពិត នៅពេលចុះទៅកាន់កន្លែងកើត ហេតុភ្លាមៗនោះ ស្រាប់តែឃើញប្ដី-ប្រពន្ធ ទាំងពីរនាក់ កំពុងតែវាយគ្នា នៅតាមដងផ្លូវ សោះ ។

ករណីប្ដីវ័យក្មេង ដែលប្រច័ណ្ឌប្រពន្ធ អាយុរហូតដល់ ៤២ឆ្នាំ បម្រើការងារនៅ ក្នុងហាងរាត្រីអាន់ឈ័រ នោះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់នៅលើផ្លូវជាតិ លេខ ៤ ខាងលិចគល់ស្ពានព្រៃស្លឹក ចម្ងាយ ១០០ម៉ែត្រ ក្នុងក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូល ដ្ឋាននៅក្រុងច្បារមន បានឱ្យដឹងថា នៅ វេលាម៉ោងកើតហេតុខាងលើនេះ មាន ប្រជាពលរដ្ឋ រាយការណ៍ថា មានករណីវាយ ប្លន់គ្នាតាមផ្លូវ ដោយពួកគាត់ស្មានថា ជាក្រុមចោរស្លៀកខោលីអូ ចេញមកធ្វើសកម្ម ភាពទៀតហើយ ព្រោះតែឃើញបុរសជាប្ដី នៅសល់តែខោលីអូ ក្រោយពីវាយជាមួយប្រពន្ធរបស់ខ្លួន ។

ក្រោយពីទទួលព័ត៌មានបែបនេះ កម្លាំង នគរបាលទូទាំងក្រុង ដឹកនាំដោយអធិការ ក្រុងប្រដាប់ដោយអាវុធវែងខ្លី ចុះទៅ អន្ដរាគមន៍ នៅកន្លែងកើតហេតុ ដើម្បីពួន ស្ទាក់ ឬក៏តាមចាប់ក្រុមចោរប្លន់លីអូទាំងនេះ ប៉ុន្ដែ ធាតុពិតពេលទៅដល់នោះឃើញ ប្ដី-ប្រពន្ធទាំងពីរនាក់ កំពុងតែវាយគ្នាដេក ននៀលលើដី ធ្វើឱ្យសមត្ថកិច្ចហួសចិត្ដគ្រប់ៗគ្នា ។

សមត្ថកិច្ចបានបន្ដថា ក្រោយពីការសួរ នាំរួច ទើបដឹងថា ពួកគេទាំងពីរនាក់ជាប្ដី- ប្រពន្ធ តែដោយសារតែរឿងប្រច័ណ្ឌ បាន នាំគ្នាកើតជាជម្លោះយ៉ាងដូច្នេះ ។ បើតាម សមត្ថកិច្ច បុរសជាប្ដីឈ្មោះ សយ វណ្ណៈ អាយុ ២៣ឆ្នាំ រស់នៅភូមិចំការដូង សង្កាត់ ដង្កោ ខណ្ឌដង្កោ រីឯស្ដ្រីជាប្រពន្ធឈ្មោះ ប្រាក់ ចន្ថា អាយុ ៤២ឆ្នាំ រស់នៅភូមិ៤ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេល កើតហេតុ និងរៀងរាល់ថ្ងៃស្ដ្រីជាប្រពន្ធ បម្រើការងារនៅហាង ផឹក ស៊ី រាត្រីអាន់ឈ័រ ស្ថិតនៅក្រុងច្បារមន លុះពេលដល់ម៉ោង កើតហេតុនោះ នៅពេលប្រពន្ធចេញមកវិញ ស្រាប់តែលោកប្ដីប្រច័ណ្ឌមិនដឹងថា ផ្ដើមចេញពីរឿងអ្វីនោះ ក៏កើតជាជម្លោះ រហូតដល់វាយគ្នា របូតខោវែង នៅសល់តែខោលីអូ ទើបប្រជាពលរដ្ឋស្មានថា ជាក្រុម ចោរលីអូចេញធ្វើសកម្មភាពប្លន់ ។ ក្រោយ ពីឃើញ ទិដ្ឋភាព និងដឹងរឿងរ៉ាវបែបនេះ ទើបសមត្ថកិច្ចជួយបំបែក ហើយអប់រំពួកគេ ឱ្យត្រឡប់ទៅផ្ទះវិញ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]