ភ្នំពេញ : ក្រុមអ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរ រវាងរថយន្ត ដឹកទឹកសុទ្ឋហាយតិច បុកអ្នកជិះម៉ូតូ បាននិយាយគ្រប់ៗគ្នាជារៀងរាល់ថ្ងៃ គេសង្កេតឃើញ ប្រភេទរថយន្ត ដឹកទឹករបស់ក្រុមហ៊ុនហាយតិចនេះ បើកបរព្រហើនណាស់ ដោយមិនគិតខ្លាច ប៉ះពាល់ដល់អាយុជីវិតអ្នក ដំណើរឡើយ ពោលគឺក្រុមអ្នកបើកបរ រថយន្តដឹកទឹកសុទ្ឋហាយតិចនេះ គិតតែម្យ៉ាងគត់ ធ្វើយ៉ាងណាគេ ដឹកជញ្ជូនទំនិញ របស់គេដល់គោលដៅ កុំឲ្យថៅកែរបស់គេស្តីបន្ទោស ឬកាត់លុយប៉ុណ្ណោះ ។

ទាំងនេះជាសំដីរបស់ក្រុម អ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរ កាលវេលាម៉ោង ១០និង២២នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ នៅត្រង់ចំណុច មុខវត្តនិរោធតាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងភូមិប្ញស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ ។

សាក្សីនិយាយថា រថយន្តបង្ក បានបើកចេញជិតចំណុចកើតហេតុ បើកចេញឆ្លងផ្លូវ ក្នុងទិសដៅទៅកើត ចេញបានបន្តិច ក៏ត្រូវបុកម៉ូតូ ដែលធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច បណ្តាលឲ្យអ្នកជិះម៉ូតូ ៣នាក់ រងរបួសយ៉ាងដំណំ ។ បុរសម្នាក់ ក្នុងចំណោមមនុសប្រុស-ស្រី៣នាក់ ដែលជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ បានឲ្យដឹងថា ខ្លួនឈ្មោះ សូ ហឿន អាយុ ២៧ឆ្នាំ និង២នាក់ទៀត ជាបងប្អូននឹងគ្នា ហើយពួកគេទើបមក ពីស្រុកកំណើត នៅឯភូមិឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មកភ្នំពេញ ដើម្បីរកការងារធ្វើ ។

ចំណែកអ្នកបើកបររថយន្ត ដឹកទឹកសុទ្ឋ ដែលអ្នកដំណើរ និងប្រជាពលរដ្ឋ រស់នៅជិតកន្លែងកើតហេតុ ឧស្សាហ៍ឃើញពីការបើកបរ យ៉ាងព្រហើនៗនោះ មិនត្រូវប្រាប់ឲ្យដឹងពីអត្តសញ្ញាណឡើយ ។ រថយន្ត បង្កម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ច-៧២៣៩-ភព២ ។ ដោយឡែកម៉ូតូរងគ្រោះ ម៉ាក សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1A-2586 ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះវាស់វែង រួចយករថយន្ត និងម៉ូតូទៅ រក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីឲ្យអ្នករងគ្រោះ និងអ្នកបើករថយន្តបង្ក ធ្វើការចរចាចេញថ្លៃព្យាបាលរបួស តាមក្រោយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]