ប្រិយមិត្តប្រាកដជាធ្លាប់លឺរឿងរ៉ាវជាច្រើន ពាក់ព័ន្ធនឹងលេខប្រាំពីរ ជាច្រើនដូចជា អច្ឆរិយវត្ថុទាំងប្រាំពីរ លើពិភពលោក សណ្ឋាគារ លំដាប់ផ្កាយប្រាំពីរ ហើយឥឡូវ មកដល់ ជំនាន់ រោងភាពយន្ត 7D វិញម្តង។

កាលពីថ្មីៗនេះ ក្នុងការតាំងពិព័ណ៌ វិទ្យាសាស្ត្រនិងសិល្បៈជាតិ នាទីក្រុងសៀងហៃ មានការដាក់បង្ហាញនូវ រោងភាពយន្ត 7D ដ៏ទំនើបបំពាក់ដោយ កាំភ្លើងផ្លាកស្ទិក កៅអីរំញ័រ និង វ៉ែនតា 7D ទៀតផង។

យោងតាមសារព័ត៌មានក្នុងស្រុក របស់ប្រទេសចិន បានឲ្យដឹងថា របកគំហើញ បច្ចេកវិទ្យា 7D នេះត្រូវបាន ស្រាវជ្រាវ និង វិនិយោគទុន ដោយ ក្រុមហ៊ុនវិស្វកម្ម របស់ទីក្រុងសៀងហៃ ដែលមានឈ្មោះថា Shanghai Qing Yu Intelligent System Engineering ដោយវិនិយោគ អស់ទឹកប្រាក់ ប្រមាណ ៥លានយ័ន ស្មើនឹង ៨១៧ ០០០ដុល្លារ សហរដ្ឋអាមេរិកផងដែរ។ ក្នុងនោះ អតិថិជន ត្រូវចំនាយប្រាក់ ប្រហែលជា ៨ដុល្លារ ក្នុងមួយនាក់ ដើម្បីទស្សនាភាពយន្ត 7D ដែលមានរយៈពេល ១៥ នាទី។

គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាភាពយន្ត 3D គឺផ្តោតសំខាន់ទៅលើ ការទស្សនា ឯបច្ចេកវិទ្យាភាពយន្ត 4D គឺផ្តោតលើ រំញ័រ រឺចលនា ព្រមទាំងបច្ចេកវិទ្យាភាពយន្ត 5D គឺផ្តោតលើ សតិអារម្មណ៍ ហើយបច្ចេកវិទ្យាភាពយន្ត ចុងក្រោយបង្អស់នោះគឺ 7D ផ្តោតសំខាន់លើ ទស្សនិកជន និងសកម្មភាពផ្សេងៗ ដូចជា មានកាន់កាំភ្លើងបាញ់ ជាដើម។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបច្ចេកវិទ្យាភាពយន្ត 7D នេះ? តើ បច្ចេកវិទ្យាឈានមុខនេះ នឹងមកដល់ប្រទេសកម្ពុជា នៅពេលណា?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]