ខេត្តប៉ៃលិន ៖ សពស្ត្រីម្នាក់ដែលគេសម្លាប់ រួចអូសទម្លាក់ក្នុងទឹកស្រះ មកដល់ថ្ងៃទី២៣ សីហា ២០១៣ ស្គាល់អត្តសញ្ញាណហើយ ។ ស្ត្រីរងគ្រោះឈ្មោះកែវ ចំណាន អាយុ៣៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ស្នាក់នៅផ្ទះជួលភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

ទាក់ទិនទៅនឹងករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចបាននិងកំពុង ចុះទៅស្រាវជ្រាវបន្ថែមទៀតដើម្បីស៊ើបអង្កេតមើល តម្រុយតាមរកជនដៃដល់ ឱ្យខានតែបានយកមកផ្តន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថា សពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកស្រះ និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩ សីហា នៅខាងជើងផ្លូវជាតិលេខ៥៧ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅរសៀលថ្ងៃនោះមានយុវជនចំនួន៣នាក់បាននាំបងប្អូនទៅកាត់ស្មៅនៅ ក្នុងចម្ការរបស់ខ្លួន ក្រោយមកមានយុវជនម្នាក់ឈ្មោះ សំ ភារម្យ អាយុ២២ឆ្នាំ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន យកចំណីត្រីទៅបាចក្នុងស្រះរបស់ខ្លួនដើម្បីឱ្យត្រីស៊ី ព្រមទាំងដាក់មងផង ។

ខណៈពេលរូបគេបម្រុងចុះទៅក្នុងស្រះដាក់មងនោះ ស្រាប់តែឃើញសពស្ត្រីម្នាក់អណ្តែតក្នុងទឹកស្រះ ប៉ុន្តែដំបូងរូបគេស្មានថាជាកូនក្រមុំតុក្កតាជ័រដែលគេបោះចោល លុះពេលពិនិត្យយូរៗទៅទើបឃើញមានឈាមហូរចេញពីមុខរបួស ក៏ស្ទុះឡើងទៅមាត់ស្រះ រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងកាច់ឱ្យចុះទៅពិនិត្យសពនោះ ភ្លាមៗ ។ បើតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី ង៉ែត សុផល នាយការិយាល័យកោសល្យវិច័យ និងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី២០ សីហា សពស្ត្រីរងគ្រោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយបើតាមការធ្វើកោសល្យវិច័យសព គឺស្ត្រីរូបនេះមានអាយុប្រហែល៤០ឆ្នាំចុះក្រោម ពាក់អាវយឺតខាងក្នុងពណ៌លឿង អាវរងាក្រៅពណ៌ខៀវ ស្លៀកខោខូវប៊យពណ៌ខ្មៅ ពាក់ស្បែកជើងសង្រែកពណ៌ផ្កាឈូក ពាក់ចិញ្ចៀននៅនាងដៃខាងឆ្វេង និងពាក់ក្រវិលកឹបជាប់ត្រចៀក ។

សពមានស្នាមរបួសដោយត្រូវគេកាប់មុតផុងចូលជ្រៅ នៅបណ្តោយថ្ងាស រយះចិញ្ចើមទាំងសងខាង និងរយះដាច់សាច់ក្រោមចង្កាអស់មួយដុំធំផងដែរ ។ លោក ង៉ែត សុផល បានឱ្យដឹងទៀតថា ក្រោយពីធ្វើកោសល្យវិច័យរួចត្រូវបានសន្និដ្ឋានថា នេះជាករណីឃាតកម្មគិតទុកជាមុន ដោយជនសង្ស័យប្រើកាំបិតឬពូថៅកាប់ជនរងគ្រោះ លុះបន្ទាប់ពីស្លាប់ក៏យកទៅបោះចោលនៅក្នុងទឹកស្រះខាងលើ ។ ចំណែកលោកវរសេនីយ៍ទោ ឆម វ៉ាន់ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ឱ្យដឹងថា ក្រោយពីស្រង់សពស្ត្រីរងគ្រោះចេញពីស្រះមកដាក់លើគោក ខាងសមត្ថកិច្ចសន្និដ្ឋានថា អាចជាការសម្លាប់កាលពីយប់ថ្ងៃទី១៨ សីហា ព្រោះអត់ទាន់ធុំក្លិននៅឡើយទេ គឺស្លាប់ថ្មីៗ ហើយមានឈាមហូរចេញតាមមុខរបួសថែមទៀតផង ។ ក្រោយពីប្រទះឃើញសព សមត្ថកិច្ចបានប្រកាសរកបងប្អូនសាច់ញាតិ តែអត់មានអ្នកណាស្គាល់ ឬមានសមាជិកបាត់ខ្លួនទេ ទើបសមត្ថកិច្ចយករថយន្តដឹកសពទៅបូជានៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ៕





បញ្ចូលអត្ថបទ ៖ ចាន់ ធូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]