កំពង់ឆ្នាំង ៖ ទីតាំងរកស៊ីផ្លូវភេទមួយកន្លែង ដែលមានយីហោ ទួលច័ន្ទជាប់ចិត្ត ក្នុងភូមិដើមពពេល ឃុំថ្ម ឥដ្ឋ ស្ថិតនៅក្បែរសាលាស្រុក កំពង់ត្រឡាចត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះបង្រ្កាបឃាត់ខ្លួនម៉ែយ៉ែម ២នាក់ប្តី-ប្រពន្ធ និងនារីរកស៊ីផ្លូវភេទ៤នាក់ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៣ ។ យុទ្ធនាការបង្ក្រាប របស់សមត្ថកិច្ចនគរបាល ដឹកនាំដោយលោកស្រីវរសេនីយ៍ឯកប្រាក់ សៅនី ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុក ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួន ម្ចាស់ទីតាំងឈ្មោះ វ៉ាន់ លាងហាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រី យោធាពាក់ស័ក្តិ១ និងប្រពន្ធឈ្មោះ លឹម អេងជួ អាយុ ៤៥ឆ្នាំ រួមនឹងស្រ្តីរកស៊ីផ្លូវភេទចំនួន ៤នាក់ផងដែរ ។ ក្នុងពេលឆែកឆេរទីតាំងនោះ សមត្ថកិច្ចរកឃើញ ស្រោមអនាម័យមិនទាន់ប្រើចំនួន ៨ប្រអប់ធំ និង ស្រោមអនាម័យប្រើរួចចំនួន១១ ។

លោកស្រីវរសេនីយ៍ឯក ប្រាក់ សៅនី ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា ទីតាំងមួយនេះបានរកស៊ី ជួញដូរផ្លូវភេទជាយូរឆ្នាំមកហើយ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកស្រីបានសុំគោលការណ៍ ពីលោកស្នងការ និងមន្រ្តីអយ្យការ អមសាលាដំបូងខេត្ត ។ ក្រោយពីមានការឯកភាព លោកស្រីបានដឹក នាំកម្លាំងចុះបង្រ្កាបតែម្តង ដោយមិនសហការជាមួយ សមត្ថកិច្ចស្រុកកំពង់ត្រឡាចឡើយ ពីព្រោះខ្លាចបែក ការណ៍ ។

មេបនពីរនាក់ប្តី-ប្រពន្ធ រួមនឹងស្រ្តីរកស៊ីផ្លូវភេទ ចំនួន៤នាក់ផង សមត្ថកិច្ចបានបញ្ជូន មកដល់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំងហើយ និងកំពុងសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្តកំពង់ឆ្នាំង តាមនីតិវិធីច្បាប់ ។ ដោយឡែក ស្រ្តីរកស៊ីផ្លូវភេទទាំង ៤នាក់ក្រោយពីសាក សួរចប់ ត្រូវបានមន្ទីរសង្គមកិច្ច និងអង្គការដែលពាក់ព័ន្ធ ធ្វើការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]