សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការរិះគន់ទៅលើ ការជួសជុលរូបចម្លាក់ នៅតាមសងខាង ស្ពាន ចេញ ចូលមុខខ្លោងទ្វារអង្គរធំ (ប្រាសាទអង្គរធំ) ដែលការជួសជុលក្បាល រូបចម្លាក់ថ្មីនោះរួចហើយ បែរជាដាប់ បំផ្លាញច្រមុះ មាត់ ថ្ពាល់ ភ្នែក ចិញ្ចើម និងស្លឹកត្រចៀក ឲ្យខួចទៅវិញ។

ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើន ដែលទៅទស្សនាប្រាសាទអង្គរធំ ចូល ឬចេញតាម ស្ពាននៅមុខ ខ្លោងទ្វារធំ បានឃើញក្បាលរូបចម្លាក់ទើបជួសជុលថ្មីៗ នៅអមសងខាងស្ពាននោះ មានការខូច បែកច្រមុះ ឆែប មាត់ ថ្ពាល់ ភ្នែក ចិញ្ចើម និងស្លឹកត្រចៀកជាដើម។

កញ្ញា ដាវី ជាភ្ញៀវទេសចរជាតិ មកពីខេត្តស្វាយរៀង មានការងឿងឆ្ងល់ ដោយប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា បើបានជាជួសជុលថ្មីដូចនេះរួចហើយ ហេតុដូចម្តេចបានជាដាប់បំផ្លាញច្រមុះ មាត់ ថ្ពាល់ភ្នែក ចិញ្ចើម និងស្លឹកត្រចៀក ឲ្យខូចទ្រង់ទ្រាយពេញលេញទៅវិញ?

កញ្ញាងឿងឆ្ងល់ និងរិះគន់យ៉ាងដូច្នេះ «ខ្ញុំឆ្ងល់! តើមានហេតុផលអ្វី បានជាគេប្រឹងជួសជុល ក្បាលរូបចម្លាក់ ដែលបាត់ទៅ ឲ្យល្អឡើងវិញរួចហើយនោះ បែរជារូបចម្លាក់ខ្លះ ត្រូវគេដាប់ច្រមុះ មាត់និងត្រចៀកឲ្យខូចទៅវិញ។ បើអីចឹងដដែល គេប្រឹងជួសជុលធើអី?»។

ចំពោះភ្ញៀវទេសចរអន្តរជាតិវិញ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សង្កេតឃើញពួកគេ ទៅថតរូបជាមួយ រូប ចម្លាក់ដែលនៅល្អ ទាស់ចាស់ ឬថី្មក៏ដោយ។ រួចមក ពួកគេទៅមើល អង្អែលរូបចម្លាក់ ដែលត្រូវគេដាប់កម្ទេច ចោល ច្រមុះ មាត់ ថ្ពាល់ ភ្នែក ចិញ្ចើម និងស្លឹកត្រចៀកនោះ ហាក់ដូចជាមានការងឿងឆ្ងល់ និងរិះគន់ ដូចកញ្ញា ដាវី ដែរ។

សូមជម្រាបថា ការងឿងឆ្ងល់ និងការរិះគន់នេះ មិនមែនមានតែកញ្ញា ដាវី និងភ្ញៀវទេសចរអន្តរជាតិ ប៉ុន្មាននាក់ នេះទេ គឺមាន ភ្ញៀវទេសចរ ជាច្រើននាក់ទៀត ក៏មានងឿងឆ្ងល់ ក៏ដូចរិះគន់ការជួសជុល រួចបំផ្លាញទៅវិញនេះ ដែរ។

ករណីនេះ មិនខុសពីរូបចម្លាក់ព្រះបាទ ជ័យវរ្ម័នទី៧ ឡើយនោះទេ ដែលសព្វថ្ងៃគេឃើញ រូបចម្លាក់ខ្លះមានដាច់ ព្រះហស្ថ (ដៃ), ឆែបព្រះកេស (ក្បាល) ផ្នែកខាងក្រោយ។ រូបចម្លាក់នេះ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ធ្លាប់មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា រូបម្លាក់ដើម មិនមានលក្ខណៈដាច់ព្រះហស្ថ និង ឆែបព្រះកេស បែបគេវាយបំបាក់ បំផ្លាញនោះឡើយ ដូច្នេះបើគេឆ្លាក់រូបថ្មី មិនគួរឆ្លាក់ដែលមានលក្ខណៈ បាក់ បែកនោះទេ គឺគេគួរតែឆ្លាក់ឲ្យមានរូបរាង ពេញលក្ខណៈទើបត្រឹម ត្រូវ។

លោកបណ្ឌិតសភាចារ្យ មានប្រសាសន៍បញ្ជាក់ថា «ការបាក់ព្រហស្ថ និងឆែបព្រះកេស បើគេពិនិត្យទៅលើរូប ចម្លាក់ គឺមកពីគេ វាយបំបាក់ ឬក៏ខូចខាត ដោយប្រការណាមួយ អីចឹងរូបចម្លាក់ដើម ពិតជាមានលក្ខណៈពេញ លេញ។ ហេតុនេះ បើគេធ្វើរូបចម្លាក់ថ្មី គួរធ្វើឲ្យពេញលេញតាមច្បាប់ដើម មិនគួរធ្វើតាម ការបាក់បែកនោះទេ»។

ពាក់ព័ន្ធនឹងការងឿងឆ្ងល់ និងរិះគន់ ការជួសជុលរូបចម្លាក់ នៅតាមអមសាងខាងស្ពានចូល ចេញពីអង្គរ ធំ ដោយមានដៃ កាន់ទាញ សត្វពស់ក្បាលចំនួន៥នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំទាន់អាចទាក់ទងសុំការ បំភ្លឺពីអាជ្ញាធរអប្សរា និងជាងចម្លាក់ បាននៅឡើយទេ។

គួរបញ្ជាក់ដែរថា ចម្លាក់ពស់នាគរាជក្បាល៧ ចំនួនពីរនៅសងខាង មាត់ផ្លូវចូលទៅអង្គរតូច មានការរេចរឹល បែកបាក់ ដោយសារ គេវាយបំផ្លាញ និងដោយសារធម្មជាតិ មើលសឹងតែលែងយល់ ប៉ុន្តែឥឡូវ ត្រូវបានគេជួស ជុលឡើងវិញ ដោយធ្វើតាម ច្បាប់ដើម យ៉ាងល្អប្រណីត ធ្វើឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ កោតស្ញប់ស្ញែង ស្រឡាញ់ និងថតរូបទុកជាអនុស្សាវរីយ៍ ទៀតផង។

អត្ថន័យរបស់ពស់អនន្ត នៅមុខខ្លោងទ្វារទីក្រុងអង្គរធំ គេសង្កេតឃើញមានចម្លាក់ថ្មធំៗ ដែលបានរៀបជាពីរជួរ អមសងខាងផ្លូវ ចេញចូល។ នេះគឺជាតំណាងពពួកទេវតាម្ខាង និងពពួកយក្សម្ខាងទៀត។ ចំពោះអច្ឆរិយបុគ្គល ទាំងនេះ នៅដៃរបស់ពួកគេ មានកាន់ដងខ្លួន សត្វពស់ក្បាលចំនួន៥ ដែលមើលទៅគួរឲ្យព្រឺព្រួចក្រៃលែង។តើសត្វពស់នេះ តំណាងនូវសភាវៈអ្វី និង ដោយហេតុដូចម្តេច បានជាមានចម្លាក់ នៅខាងមុខខ្លោងទ្វារចូល ទីក្រុងអង្គរធំ?

ដើម្បីស្វែងយល់ នូវប្រភពនៃចម្លាក់ខាងលើនេះ គេត្រូវស្គាល់ទេវកថា បង្កើតលោក ដែលមានក្នុង ព្រហ្មញ្ញសាសនា។ ទេវកថានេះ ក៏បានបញ្ជាក់ជាពិសេស គឺរឿង «កូរសមុទ្រទឹកដោះ»។ ដោយយោង តាមន័យនេះ ពស់នៅខាងមុខខ្លោងទ្វារទីក្រុងអង្គរធំ គឺជាពស់អនន្ត និមិត្តរូបនៃ «និរន្តរភាព ឬភាពអមតៈនៃ លោកយើងនេះ» ដែលរមែងតែបង្កើតឡើងវិញ ក្រោយពីការបំផ្លិចបំផ្លាញ ហើយនិរន្តរភាពនេះ គឺជាស្នា ព្រះហស្ថ របស់ព្រះអាទិទេព ដ៏មានមហិទ្ធិឫទ្ធិ ដែលតំណាង ដោយព្រះមហាក្សត្រ ព្រះបាទជ័យវរ្ម័នទី៧។តួនាទីចម្បង នៃពស់អនន្តនៅទីនេះ (មុខខ្លោងទ្វារអង្គរធំ) ដែលមានថ្មចម្លាក់ជាពីរជួរ នៅលើស្ពានថ្មមួយ ឆ្លង កាត់គូទឹកដ៏ធំហ៊ុមព័ទ្ធទីក្រុងអង្គរធំ ជាការបញ្ជាក់ឋានមនុស្ស និងឋានទេវតា ដែលប្រកបដោយភាពសម្បូរ សប្បាយ និងភាពរុងរឿងថ្កុំថ្កើង។

លក្ខណៈនៃស្ពានចម្លងនេះ ត្រូវបានគូសបញ្ជាក់ តាមខ្លឹមសារនៃសិលាចារឹក ដែលគេប្រៀបធៀបទៅនឹង ការកូរ ទឹកនៅក្នុងសមុទ្រ។ ទេវកថានេះ ចង់បញ្ជាក់ពីការហ៊ុមព័ទ្ធពិភពលោក ឬសកលលោកយើងនេះ។ បើបញ្ជាក់ ន័យឲ្យខ្លីស្រួលយល់ តាមទេវកថា នៃសិលាចារឹកថា ពស់អនន្តគឺជាស្ពាន ឬឥន្ទធនូ ដែលបានភ្ជាប់ឋានមនុស្ស និងព្រះរាជធានី មានប្រាង្គប្រាសាទ ព្រះបរមរាជវាំង ដែលជាកន្លែងផ្តល់ភាពសុខសាន្ត និងពិសិដ្ឋ។ ជារួម ការ ដែលសិប្បករបុរាណ បានឆ្លាក់រូបពស់អនន្ត នៅខ្លោងទ្វារចូលទៅកាន់ទីក្រុង មានន័យថា ពួកគេបានស្គាល់ អត្ថន័យស៊ីជម្រៅ នៃនិមិត្តរូបរឿងកូរសមុទ្រទឹកដោះ នៃលទ្ធិព្រហ្មញ្ញសាសនា យ៉ាងប្រាកដ៕ (ឯកសាររបស់លោកបណ្ឌិត មីសែល ត្រាណេ)





















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]