កំពង់ឆ្នាំង៖ នារីម្នាក់ពិការ ដែលមាន (ដៃខ្វេ) ត្រូវបានក្រុមគ្រួសារបញ្ជូនមក សង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ បង្អែក ខេត្តកំពង់ឆ្នាំង ក្រោយភ្លើងឆេះ បណ្តាលឲ្យរលាកពេញខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ នៅលើផ្ទះរបស់ខ្លួនក្នុងភូមិចក ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

នៅក្នុងមន្ទីរពេទ្យក្រុមគ្រួសារ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ធិន វណ្ណារី  អាយុ១៥ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។ នារីរងគ្រោះមានកាយសម្បទាមិនប្រក្រតីទេ នាងបានទៅស្នាក់នៅរៀន ជាមួយអង្គការ ឡាវីឡា នៅខេត្តកណ្តាល រយៈពេល៣ឆ្នាំហើយ ដោយសារវិស្សមកាលនាងក៏មកលេងផ្ទះ។

ក្រុមគ្រូរសានារីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានអុជចង្កៀងប្រេងកាត ដេករៀន មើលសៀវភៅ ខណៈពេលនោះជីដូនរបស់នាង បានគ្រវៀសដៃទៅប៉ះនឹងចង្កៀងប្រេងកាតនោះ បណ្តាលឲ្យកំពប់ ប្រេងទៅលើខ្លួន ប្រាណរបស់នាង ហើយឆេះសន្ធោរសន្ធៅតែម្តង។

នៅក្នុងពេលកើតហេតុនោះ ឪពុកម្តាយ និងបងប្អូនរបស់នាង មិនមានអ្នកណានៅផ្ទះទេ នាងនៅតែពីរនាក់ ជីដូនចាស់ តែប៉ុណ្ណោះ ទើបពេលភ្លើងឆេះនោះគ្មានអ្នកជួយ។ ប៉ុន្តែនៅក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យ ឆេះរាលដាលដល់ លំនៅដ្ឋានឡើយ។

នៅក្នុងមន្ទីរពេទ្យនារីរងគ្រោះ បានស្រែកទ្រហ៊ោយំបង្ហាញពីការឈឺចាប់គួរឲ្យសង្វេកដ៏ពន់ពេក ខណៈដែលក្រុម គ្រូពេទ្យកំពុងតែ ជួយសង្រ្គោះនោះ នារីរងគ្រោះបានពោលពាក្យថា សូមជួយឲ្យខ្ញុំរស់ផង ខ្ញុំមិនចង់ស្លាប់នោះទេ។ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង គេសង្កេតឃើញក្រុមគ្រូពេទ្យ បានកំពុងតែខិតខំប្រឹងប្រែង យ៉ាងយកចិត្ត ទុកដាក់បំផុត ក្នុងការជួយសង្គ្រោះនារីរងគ្រោះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]