រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តកុងតឺន័របើកប៉ះគ្នាជាមួយ ម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៧ សីហា ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

អ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ ម៉ៃ សារិត ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកឯអ្នករបួសម្នាក់ឈ្មោះអម ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិបន្ទេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង និងម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណទេ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុយុវជន៣នាក់បានជិះម៉ូតូ១គ្រឿងធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BM-២៧៤៥ធ្វើដំណើរត្រឡប់មកពីផឹកស៊ីឆ្ពោះទៅ លំនៅឋានតាមបណ្តោយផ្លូវលេខ៣៧១ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើក៏បានរេចង្កូតប៉ះគ្នាជាមួយរថយន្តកុងតឺន័រ ម៉ាកហ៊ីណូ ប្រភេទកុងតឺន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបាត់ដំបង៣A-១២៣៦ បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូដួលបោកខ្លួនស្លាប់ម្នាក់ របួសធ្ងន់២នាក់។

ក្រោយកើតហេតុអ្នកបើកបររថយន្តកុងតឺន័រត់គេច ខ្លួនបាត់ស្រមោល ចំណែករថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនគរបាលចរាចរ ជើងគោករាជធានីភ្នំពេញចុះវាស់វែងយកទៅរក្សាទុកនៅការិយាល័យ ជំនាញដើម្បីចាត់ការតាមច្បាប់ ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]