ភ្នំពេញៈ យុវជនម្នាក់ទំនង ជាស្រវឹងស្រាខ្លាំង ជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន ដូចព្យុះជ្រុលទៅបុក គូថរថយន្ត បែនដីធុនធំ មូរម៉ូតូជាប់នឹង កង់រថយន្ត ប៉ុន្តែសំណាងល្អណស់ អ្នកបើកបរគ្រាន់តែ រងរបួសបែកចង្កា មិនប៉ះពាល់ដល់ អាយុជីវិតនោះទេ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ពណ៌ខ្មៅសេរី ឆ្នាំ២០១១ ពាក់ស្លាកលេខកណ្តាល 1H-0351 អ្នកបើកបរពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ពីព្រោះ ជនរងគ្រោះព្យាយាមលាក់ ឈ្មោះ ចំណែកឯរថយន្តដែលម៉ូតូបើកទៅបុកនោះម៉ាកហ៊ីណូយីឌុប ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ក ៥៦១៨ ភព៣ អ្នកបើកបរពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ បន្ទាប់ពីកើតហេតុ រត់គេចខ្លួនបាត់។

សាក្សីបានបន្តថា រថយន្តបានមកចតនៅក្បែរកន្លែងកើតហេតុ លើចិញ្ចើមផ្លូវបន្តិចក្រោយមកក៏បើកឡើងលើផ្លូវវិញ ដើម្បីបន្តដំណើរ ស្របពេលនោះក៏មានម៉ូតូជនរងគ្រោះជិះមកដល់ក្នុងល្បឿនលឿន ប៉ុន្តែដោយមានរថយន្តមួយគ្រឿង ផ្សេងទៀត បើកច្រាសទិសមកទន្ទឹមនឹងរថយន្តបែនដឹកដី ទើបជនរងគ្រោះគេចមិនផុត ក៏ជ្រុលទៅបុកគូថរថយន្ត ដឹកដីនោះតែម្តងទៅ បណ្តាលឲ្យម៉ូតូគាបមូរជាប់នឹងកង់រថយន្ត ចំណែកឯអ្នកបើកបរគ្រាន់ តែរងរបួសបែកចង្កាប៉ុណ្ណោះ ពុំបណ្តាលរងគ្រោះ ដល់អាយុជីវិត ។

សាក្សីបានបន្តថា នេះជាសំណាងល្អណាស់ ដែលមិនបណ្តាលឲ្យរងគ្រោះដល់អាយុជីវិតនោះ គ្រាន់តែ រងរបួស បន្តិចបន្តួច ពីព្រោះស្ថានភាពគ្រោះថ្នាក់ និងល្បឿនជិះនោះ គឺមិនគិតថាអ្នកបើកបរមានអាយុជីវិតនោះ ម្យ៉ាងវិញទៀត អ្នកបើកបរម៉ូតូទំនងជាស្រវឹងស្រាខ្លាំងផងដែរ ។

សាក្សីបន្តថា បន្ទាប់ពីកើតហេតុនគរបាលមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ជួយធ្វើអន្តរាគមន៍ និង បើករថយន្ត យកទៅរក្សាទុក ប៉ុន្តែក្នុងទិដ្ឋភាពនោះ បន្ទាប់ពីនគរបាលបើកបររថយន្តចេញទៅ ស្រាប់តែមានប្រជាពលរដ្ឋ ស្ថិត ក្នុងស្ថានភាពស្រវឹងជោគជាច្រើននាក់មកស្រែកឡូឡាថា នគរបាលត្រូវរ៉ូវ ជាភាគីរថយន្តជួយបើករថយន្តគេច ថែមទាំង ប្រមាថនគរបាលចរាចរយ៉ាងចាស់ដៃផងដែរ និងឲ្យបើករថយន្តនោះមកវិញ ទោះបីជានគរបាលខិតខំ ពន្យល់យ៉ាង ក៏ដោយក៏មិនស្តាប់ដែរ ទើបនគរបាលសម្រេចចិត្តឲ្យម្ចាស់ម៉ូតូរកម៉ូតូកង់បីលើកម៉ូតូដាក់ដឹកទៅកន្លែងទុក រថយន្តទើប បញ្ឈប់ការប្រមាថលើនគរបាល។

បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំ ដោះស្រាយគ្នាជាក្រោយ៕

 







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]