ខេត្តកំពង់ស្ពឺ ៖ ចោរចិត្តសឿងថ្លើមធំពាសមេឃ បានស្ទាក់ប្លន់រថយន្តសណ្ដោងកុងតឺ នរ័ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-4174 កន្ទុយសណ្តោងពណ៌ឈាមជ្រូក ប្រវែង ៤០ហ្វីត ជារបស់ក្រុមហ៊ុនអ៊ុយនីញ៉ុង ដែលគេសង្ស័យថា មានផ្ទុកសម្លៀកបំពាក់ពេញ ដឹកចេញពីចំណុចរោងចក្រប៊ឺរីជំពូវ័ន្ត ក្នុងរាជធានីភ្នំពេញ ទិសដៅឆ្ពោះទៅខេត្តព្រះសីហនុ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៦ សីហា ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចមុខសាលាកំបូល ។

អ្នកបើកបរឈ្មោះ ជិន ស៊ាន ភេទប្រុស អាយុ ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រាប់សមត្ថកិច្ចថា ពេលកំពុងបើកបរលើផ្លូវជាតិលេខ៤ លុះមកដល់មុខសាលាកំបូល ក៏មានជនសង្ស័យ ២នាក់ បានស្ទាក់សុំជិះរថយន្តមកជាមួយ បន្ទាប់មកជនទាំង ២នាក់នោះ បានធ្វើសកម្មភាពភ្ជង់រូបគេ (អ្នកបើកបរ) រួចជនសង្ស័យបានឡើងបើករថយន្តខ្លួនឯង ដោយបាននាំយកមកតាម ភូមិសាស្ត្រផ្លូវជាតិលេខ៥១ ឆ្លងកាត់ផ្លូវលេខ៥ ចូលផ្លូវលេខ៤៤ (ថ្មី) ។

ពេលនោះ រូបគេបានឭសូរជនសង្ស័យនិយាយទូរស័ព្ទសួរគ្នាថា រកកន្លែងបានហើយឬនៅ គ្នាវាឆ្លើយថា រកបានហើយ និយាយចប់ពួកវា (ជនល្មើស) ក៏បើកឡានទៅដល់ដីឡូត៍ ១កន្លែង ។ ប្រភពដដែលបន្តថា គ្រាន់តែឡានចូលក្បាលបានបន្តិចឡានជាប់ផុងនៅរើមិនរួច រូបគេឃើញមានមនុស្សជាច្រើនមកជួយ ហើយរូបគេមិនបានស្គាល់ភូមិសាស្ត្រច្បាស់ថា ក្រុមជនសង្ស័យបាននាំមកដល់ទីណា ព្រោះពួកវាបានចងដៃចងជើងមិនឲ្យរើខ្លួនរួច និងមិនបានមើលផ្លូវឡើយ ។

តាមប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថ បានឲ្យដឹងថា ក្រុមជនល្មើសបានយករថយន្តកុងតឺន័រមកលាក់ក្នុងដីលំនៅដ្ឋាន របស់ឈ្មោះ សុខ ស៊ី ភេទប្រុស ជាមន្ត្រីយោធា មានប្រពន្ធឈ្មោះ ហ្គូវ គីម ស្ថិតភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ខណៈរថយន្តបើកចូលផ្លូវបត់ខាងផ្សារឧដុង្គ តាមផ្លូវជាតិលេខ៤៤ សមត្ថកិច្ចដើរល្បាតមានការសង្ស័យ ក៏បានតាមដាន និងបានជិះម៉ូតូទៅមកៗ លុះជនសង្ស័យបែបដឹងថា បែកការណ៍ ជនសង្ស័យ រួមទាំងបក្សពួកជាច្រើន បានរត់គេចខ្លួនបាត់ដោយបន្សល់ទុកកាំភ្លើងម៉ាកK៥៤ មួយ ដើមនៅក្នុងរថយន្ត ។

ក្រោយមកស្រាប់តែលេចមុខបុរស ២នាក់ បានទាក់ទងមកសមត្ថកិច្ចសុំកុំឱ្យឃាត់រថយន្តកុងតឺន័រនោះ ចាំគេគិតគូរឱ្យ ។ បុរស ២នាក់ នោះឈ្មោះ ហេង ថា អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ និងម្នាក់ទៀតជាមន្ត្រីយោធាឈ្មោះ នាង ចន្ថា អាយុ ៥០ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្រោយធ្វើកំណត់ហេតុចប់ សមត្ថកិច្ចបានប្រគល់រថយន្តឱ្យទៅខាងក្រុមហ៊ុនវិញ រីឯអ្នកបើកបរក៏ត្រូវបានឱ្យទៅវិញដែរ។ មានការសង្ស័យថា រឿងនេះ អាចម្ចាស់ដីត្រូវរ៉ូវជាមួយជនល្មើសក៏ថាបាន ព្រោះលេចឭថា មានអ្នកជួយរត់ការដោះស្រាយម្ចាស់ដីមិនឲ្យជាប់ពាក់ព័ន្ធថែម ទៀត ហើយអ្វីដែលជាការកត់សម្គាល់នោះ គឺតៃកុងឡាន និងជនម្នាក់ឈ្មោះ នាង ចន្ថា មានស្រុកភូមិកំណើតជាមួយគ្នា ត្រូវបានដោះលែង ចំណែកបុរស ២នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្ត ។ ចំពោះរឿងនេះ ត្រូវបានប្រជាពលរដ្ឋសន្និដ្ឋានថា ប្រហែលជាខ្មោចស្រុកឱ្យដៃទើបខ្មោចព្រៃវាហ៊ាន ៕





បញ្ចូលអត្ថបទ ៖ វីយូឡែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]