ភ្នំពេញ៖ បុរសម្នាក់ផឹកស៊ីស្រវឹង អួតអាងថាខ្លួនឯងជាអ្នកមានអំណាច ពាក់ផ្កាយ១ បានចូលមក ផឹកស៊ីនៅក្នុង ភោជនីយដ្ឋាន យីហោកង្កែបតូច ជាមួយនិងបក្ខពួក ៦-៨នាក់ ហើយខណៈដែល ផឹកស៊ីស្រវឹង រូបគេរួមទាំង បក្ខពួកបានស្រែកជេរប្រមាថ នារីដែលបម្រើការងារក្នុងហាងខាងលើដូចឆ្កែ ដូចឆ្មា និងបានវាយនារីរូបនោះ បណ្តាលឲ្យបែកម៉ាត់ហូរឈាម ទើបបង្កឲ្យមានភ្ញាក់ផ្អើល ដល់នគរបាលមូលដ្ឋានប៉ុស្តិ៍ដង្កោ ចុះមក អន្តរាគមន៍ ឃាត់ខ្លួនបុរសរូបនោះ យកមកទីស្នាក់ការប៉ុស្តិ៍ ភ្លាមៗតែម្តង។

ហេតុការណ៍នេះ សមត្ថកិច្ចបានបញ្ជាក់ថា កើតឡើងកាលពីវេលាម៉ោង ២១និង០០នាទី យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ស្ថិតក្នុងភោជនីយដ្ឋាន យីហោ កង្កែបតូច នៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ បុរសដែលអួតអាងថា ខ្លួនមានឋានៈជាផ្កាយ១ មានឈ្មោះ ម៉ម សុខធី ភេទប្រុស អាយុជាង៣០ឆ្នាំ មានឋានៈ ជានាយឧត្តមសេនីយ៍ផ្កា១ ស្នាក់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

បើយោងទៅតាមនារីរងគ្រោះ ឈ្មោះ ចែ លីន បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេល កើតហេតុ បុរសឈ្មោះ ម៉ម សុខធីរួមជាមួយនិងបក្ខពួក  ៥-៨នាក់ បានចូលមកផឹកស៊ីក្នុង ភោជនីយដ្ឋាន យីហោ កង្កែបតូច ខណៈនោះក្រុមជនបង្ក បានស្រែកហៅនារីបម្រើក្នុងភោជនីយដ្ឋាន ទាំងពាក្យគំរោះគំរើយឲ្យនារីទាំងនោះ ចូលមក ចាក់ស្រាឲ្យពួកគេ ប៉ុន្តែដោយសារតែក្រុមនារី បម្រើការក្នុងហាងស្អប់ខ្ពើមនូវពាក្យសម្តី របស់ភ្ញៀវមួយក្រុមនេះ ទើបពួក នាង មិនចូលមកចាក់ស្រាឲ្យ។ រហូតជនបង្កផឹកស៊ីអស់រយៈពេលជាង ១ម៉ោង ទើបមាននារីម្នាក់ ដែលត្រូវជា មេការ ឈ្មោះ ចែ លីន បានដើរចូលក្នុងខ្ចុះរបស់ពួកគេដើម្បីចាក់ស្រា ប៉ុន្តែខណៈនោះ ដោយសារតែឈ្មោះ ម៉ម វ៉ាន់នី អាងខ្លួន ជាអ្នកមានអំណាច បានស្រែកជេរប្រមាថ និងដៀលឈ្មោះ ចែ លីន ដូចឆ្កែ ដូចឆ្មារ និងបានលើកដៃទះកំផ្លៀង បែកម៉ាត់ ហូរឈាមផងដែរ។ ភ្លាមៗនោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ ភ្ញៀវមួយចំនួន ដែលចូលពិសារអាហារ នៅក្នុងហាងនោះ រហូតធ្វើឲ្យផ្អើលដល់នគរបាលខណ្ឌដង្កោ ចុះទៅអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនបុរសខាងលើ យកមកកាន់ទីស្នាក់នគរបាលប៉ុស្តិ៍ដង្កោ ដើម្បីបន្ត ធ្វើការសាកសួរ ពាក់ព័ន្ធនឹងករណីខាងលើនេះ ។

គួរបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនបង្កខាងលើ និយាយហាក់បីដូចជាមិនគោរព នគរបាលសូម្បីតែបន្តិច ព្រោះរូប គេគិតថា ឋានៈត្រឹមនគរបាលមូលដ្ឋាន គ្មានសិទ្ធឃាត់ខ្លួនគេ ដែលមានឋានៈពាក់ផ្កាយមួយនោះទេ ហើយរូបគេ ព្រមទាំងប្រកែកថា មិនបានវាយទៅលើនារី ក្នុងហាងទៀត។ ប៉ុន្តែសមត្ថកិច្ចនៅតែបន្តឃាត់ខ្លួន បុរសខាងលើនេះ ដោយយោងទៅតាមពាក្យ បណ្តឹងរបស់នារីបម្រើការក្នុងហាង ដោយនារីបម្រើការក្នុងហាង ប្តឹងចោទប្រកាន់ ពីបទ ប្រើប្រាស់ អំពើហិង្សា ដោយចេតនា និងជេរប្រមាថ ប៉ះពាល់ដល់កត្តិយសខ្លួននាង ដូច្នេះហើយបុរសខាងលើនេះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការសាកសួរ និងចាត់ការបន្តទៀត៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]