ភ្នំពេញៈ  ដូចអ្វីដែលបានគ្រោងទុក ក្រោយពីរៀបចំពិធី ក្រុងពាលីរួចរាល់ រឿង "ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍" របស់ផលិតកម្ម មហាហង្ស នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣នេះ តួអង្គសំខាន់ៗ និងក្រុមការងារ ក្នុងខ្សែភាពយន្ដ បានចេញដំណើរ ពីប្រទេសកម្ពុជា ដើម្បីទៅថតឈុតឆាកជាច្រើន នៅក្នុងទឹកដីនៃប្រទេសថៃ ដោយមាន លោក អ៊ិន សុភិន ជាអ្នកដឹកនាំ និងចាត់ចែងក្នុង ដំណើរចាកចេញនេះ ។

តួអង្គសំខាន់ៗ ដែលបានចេញដំណើរទៅថត នៅក្នុងប្រទេសថៃ ជាលើកដំបូង របស់ផលិតកម្ម មហាហង្ស នៅពេលនេះ មានដូចជា លោក ជា ខេវិន កញ្ញា ភិន សុដាលិស លោក អូន ឧស្សាហ៍ កញ្ញា ឆាយ ស្រីពេជ្រ លោក សឿន វីតា និងតារាថ្មីមួយដួងទៀត ព្រមជាមួយនឹងក្រុមបច្ចេកទេស សរុបទាំងអស់មានចំនួន ១៥នាក់ ។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្ម មហាហង្ស និងជាអ្នកដឹកនាំក្រុមតារាងសម្ដែង ទៅថតនៅប្រទេសថៃ បានថ្លែងឲ្យដឹងថា ការចេញដំណើរនេះ គឺមានរយៈពេល ១៥ថ្ងៃ ដោយទីតាំងថតមានដូចជា ទីក្រុងបាងកក ក្រុងអយុធ្យា ព្រលានយន្ដដងមឿង និងក្រុងឈៀងម៉ៃ ហើយសកម្មភាពថត គឺយើងសម្រុកថតទាំងយប់ ទាំងថ្ងៃ ធ្វើយ៉ាងមិចឲ្យចប់ មុនកាលកំណត់ ព្រោះយើងមានការបារម្ភខ្លះ ដោយហេតុថា នៅប្រទេសថៃ កំពុងជួបប្រទះនៅគ្រោះទឹកជំនន់ ។

លោកបានថ្លែងបញ្ជាក់ទៀតថា ក្នុងដំណើរដែល តួអង្គសំខាន់ៗ ព្រមទាំងក្រុមបច្ចេកទេស ចេញទៅថតខ្សែភាពយន្ដខ្មែរ ក្នុងទឹកដីថៃ គឺយើងទទួលបាន ការអនុញ្ញាត ពីស្ថានទូតថៃ និងសហការជាមួយក្រុមហ៊ុនកាណាដា នៅប្រទេសថៃជួយ សម្រួលថ្លៃសេវាស្នាក់នៅ ការហូបចុក ការធ្វើដំណើរថត គីកន្លែងមួយទៅកន្លែងមួយ និងទីតាំងថត រួចជាស្រេច មិនបង្កឲ្យមានផលវិបាក ដល់ក្រុមការងារនោះឡើយ ។ ជាពិសេស ការធ្វើដំណើរថត ពីកន្លែងមួយទៅ កន្លែងមួយ គឺយើងត្រូវជិះយន្ដហោះ មិនជិះឡានទេ ខ្លាចខកពេលវេលា និងមិនទាន់កាលកំណត់ ។

លោកបញ្ជាក់ទៀតថា ខ្សែភាពយន្ដរឿង "ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍" សរុបទាំងអស់មានចំនួន ៤០ភាគ ដោយយើងថតយកទិដ្ឋភាព នៃប្រទេសថៃ យ៉ាងហោចណាស់ ត្រឹមតែ ៨ភាគ សល់ ៣២ភាគទៀត គឺថតនៅក្នុង ប្រទេសកម្ពុជា ដោយភាគច្រើន គឺនៅក្នុងទីក្រុងភ្នំពេញ ។ ទោះបីជាយ៉ាងណា លោកបានបញ្ជាក់ មូលហេតុអំពីឈុតឆាកខ្លះៗ ក្នុងសាច់រឿង ដែលត្រូវចេញទៅថត ដល់ប្រទេសថៃថា ដោយសាតែម្ចាស់ Sponsor ក៏ដូចជាស្ថានីយ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដែលត្រូវចាក់ផ្សាយ មានការសហការគ្នា យ៉ាងជិតស្និទ្ធជាមួយ ខាងភាគីថៃ ទើបចង់បានបែបនេះ ។

ម្យ៉ាងទៀត ខាងប្រទេសថៃ ក៏ចង់ផ្សព្វផ្សាយតំបន់ ទេសចរណ៍ល្បីៗ តាមរយៈវិស័យសិល្បៈ ដូចជាប្រទេសកម្ពុជាយើងដែរ ។ ជាពិសេស គឺវិស័យម្ហូបអាហារ ព្រោះនៅក្នុងពិភពលោក គេបានដឹងថា ប្រទេសថៃ មានម្ហូបអាហារ រស់ជាតិឆ្ងាញ់ច្រើនមុខ ខណៈដែលរឿង "ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍" នេះ គឺផ្ដោតសំខាន់ ទៅមុខម្ហូបអាហារតែម្ដង ។

ថ្វីដ្បិតតែនេះ ជាលើកទី១ នៅក្នុងការនាំក្រុមតារា សម្ដែងវ័យក្មេង ទៅថតខ្សែភាពយន្ដខ្មែរ នៅក្នុងទឹកដីថៃ ក៏ពិតមែន ប៉ុន្ដែលោក អ៊ិន សុភិន ក៏ដូចជាក្រុមការងារ បានរំពឹងទុកពី ភាពជោគជ័យ នៅក្នុងសង្វាក់ផលិតកម្ម និងក្រោយពេលត្រឡប់មកវិញ ព្រោះយើងបានត្រៀម រៀបចំរួចជាស្រេច នូវដំណើររឿង និងពេលវេលាថតត្រឹមត្រូវ ព្រមទាំងមានការសហការ យ៉ាងល្អ ពីសំណាក់ប្រទេសថៃ ទើបយើងមានភាពកក់ក្ដៅ និងសង្ឃឹមថាទទួលបាន ជោគជ័យយ៉ាងពិតប្រាកដ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]