រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីពួកគេទាំងពីរនាក់ ជិះម៉ូតូឌុបគ្នាជ្រុលបុកជាមួយ រថយន្តម៉ាកគា ដឹកទឹកកកមួយគ្រឿង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ពេញ ទំហឹង ។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២៥នាទីទៀបភ្លឺថ្ងៃទី១៥ សីហា នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចរនាំងដែកកាត់ទទឹង ផ្លូវចង្អុលទិសខេត្ត-ក្រុងនានា ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះទាំងពីរនាក់ឈ្មោះ ទិត្យ រ៉ាម៉ន ភេទប្រុស អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ សុង គ្រឹស្នា ភេទប្រុស អាយុ១៧ឆ្នាំ ។ ពួកគេមានលំនៅម្តុំវិមានឯករាជ្យ ខណ្ឌចំការមន ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ខៀវ ពាក់ស្លាក់លេខភ្នំពេញ 1AI-9327 ដោយឡែករថយន្តម៉ាកគា ពាក់ស្លាកលេខភ្នំពេញ 2O-2802 ពណ៌ស ជារថយន្តទ្រុង បើកបរដោយបុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុរថយន្ត និងម៉ូតូបើកបរបញ្ច្រាសទិសគ្នាដោយរថយន្តពីកើតទៅលិច ។ លុះទៅដល់ចំណុចកើតហេតុ ក៏ជ្រុលបុកគ្នាពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូទាំងពីរនាក់របួសធ្ងន់សន្លប់ ក្នុងថ្លុកឈាមនៅពីមុខរថយន្តតែម្តង ។ ប្រភពដដែលបន្តថាក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ក្រោយមកបានស្លាប់ម្នាក់ ។

នគរបាលប៉ុស្តិ៍ចោមចៅ និងប៉ូលិសចរាចរខណ្ឌពោធិ៍សែនជ័យបានចុះអន្តរាគមន៍យករថ យន្តនិងម៉ូតូទៅរក្សាទុកអធិការដ្ឋានកសាងសំណុំរឿងបញ្ជូនទៅ កាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីចាត់ការ តាមផ្លូវ  ច្បាប់ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]