ខេត្តកំពង់ចាម ៖ រថយន្តសណ្តោងធុនធំ ១គ្រឿង បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់សៀម កាលពីវេលាម៉ោង ៨ និង ៣០នាទី យប់ថ្ងៃទី១៦ សីហា ២០១៣ បណ្តាលឲ្យមនុស្ស ៣នាក់ ស្លាប់ និង ៣នាក់ទៀត រងរបួសធ្ងន់ ថែមទាំងឈ្លក់ទឹកស្ទើរស្លាប់ សំណាងល្អត្រូវបានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នាំគ្នាជួយសង្រ្គោះស្រង់ ទាន់ពេលវេលាចេញពី រថយន្តដឹកត្រី ដែលក្រឡាប់ចូលក្នុងទឹកស្រែ ។

លោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀម បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ដំបូងរថយន្តបង្កហេតុធុនធំប្រភេទសណ្តោង បានបើកចេញមកពីទិសខាងលិចឆ្ពោះមកកើត ក្នុងល្បឿនលឿនទំនងស្រវឹងស្រា ខណៈពេលមកដល់ភូមិត្រពាំងថ្ម ឃុំក្រឡា ក៏បានជ្រុលទៅបុករថយន្តកូរ៉េដឹកត្រី ១គ្រឿង យ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឱ្យរថយន្តដឹកត្រី (តែមិនមានត្រីទេ) បានធ្លាក់ចូលទឹកស្រែ ហើយក្រឡាប់ផ្ងារជើង ធ្វើឲ្យអ្នកជិះនៅក្នុងកាប៊ីនចំនួន ៣នាក់ បានរងរបួសធ្ងន់ឈ្លក់ទឹកស្ទើរស្លាប់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាជួយគាស់ទាញឡើងលើគោក រួចបានហៅរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅគ្លីនិកឯកជនក្នុង ក្រុងកំពង់ចាម ។

ភ្លាមៗនោះ រថយន្តបង្កបានជ្រុលទៅបុកបុរសម្នាក់ ដែលកំពុងតែជិះម៉ូតូស្របទិសគ្នាពីលិចមកកើត បណ្តាលឲ្យស្លាប់តែម្តង និងបានបុកដើមអាកាស្យាដាច់រលើងអស់ជាច្រើនដើម រួចបានក្រឡាប់ចូលទៅក្នុងទឹកស្រែ បាស់ជើងច្រូង បណ្តាលឲ្យអ្នកបើកបរ និងព្រូម្នាក់ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអធ័ម ។

នៅក្នុងហេតុការណ៍នេះ លោកវរសេនីយ៍ត្រី ប៉ាក ជាតិ បានដឹកនាំកម្លាំងជំនាញចរាចរណ៍ស្រុកចុះសម្រួលចរាចរណ៍មិនឲ្យកក ស្ទះ ហើយថែមទាំងបានទំនាក់ទំនងហៅរថយន្តស្ទូចធុនធំ ចំនួន ២គ្រឿង មកស្ទូចលើកយកសាកសពបុរស ២នាក់ ចេញពីក្នុងកាប៊ីនរថយន្តសណ្តោងនោះ និងនាំយករថយន្តទាំង ២គ្រឿង ទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕











បញ្ចូលអត្ថបទ ៖ វីយូឡែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]