បន្ទាប់ពីបានដាក់ឱ្យដំណើរការ បោះឆ្នោតគាំទ្ររយៈពេលបីខែរួចមក ថ្ងៃនេះកម្មវិធីប្រគល់ពាន ដល់សិល្បករដ៏ធំបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា គឺកម្មវិធីអាណាចក្រតារាឆ្នាំ២០១៣ ត្រៀមប្រកាសជយលាភី ពានទាំងបីប្រភេទ មានប្រជាប្រិយ ទេពកោសល្យ និងកិត្តិយសអមតៈនៅពេលបន្តិចទៀតនេះ។

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay ដែលបានឧបត្ថម្ភធំ ដល់កម្មវិធីអាណាចក្រតារា បានមានប្រសាសន៍ថា គុណភាពនៃសិល្បៈកម្ពុជា កំពុងត្រូវបានគេមើលឃើញជាបណ្ដើរៗហើយថា កំពុងបោះជំហានទៅមុខកៀកនឹងបទដ្ឋានអន្តរជាតិ ហើយសិល្បករត្រូវបានផ្ដល់តម្លៃយ៉ាងធំធេងពីកម្មវិធីនេះ។

លោកបានបន្ថែមទៀតថា ការចូលរួមឧបត្ថម្ភកម្មវិធីពីក្រុមហ៊ុន Sabay មិនមែនដើម្បីស្វែងរកប្រាក់ចំណេញនោះទេ ជាក់ស្ដែង ចំណូលទាំងអស់ដែលទទួលពីការផ្ញើសារគាំទ្រតារាតាម SMS និងពីការលក់សំបុត្រចូលទស្សនាកម្មវិធីប្រគល់ពាន គឺត្រូវប្រគល់ជូនសមាគមសិល្បករខ្មែរ។

លោក Roland Bala អគ្គនាយករោងចក្រផលិតស្រាបៀរកម្ពុជា ដែលមានស្រាបៀរ ABC Extra Stout ចូលរួមឧបត្ថម្ភធំដល់កម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ បានថ្លែងថា លើកនេះជាឆ្នាំទីពីរហើយដែលស្រាបៀរ ABC Extra Stout បានចូលរួមឧបត្ថម្ភកម្មវិធីនេះ។ អ្វីដែលធ្វើឱ្យក្រុមហ៊ុនមួយនេះបន្តបេសកកម្មឧបត្ថម្ភកម្មវិធីអាណាចក្រតារាឆ្នាំនេះទៀតព្រោះថា ក្រុមហ៊ុនបានមើលឃើញពីបេសកកម្មរបស់អាណាចក្រតារាយ៉ាងច្បាស់ថាបានចូលរួមលើកស្ទួយ និងអភិវឌ្ឍសិល្បៈខ្មែរ និងបានដើរតួជាស្ពានភ្ជាប់ទំនាក់ទំនងរវាងសិល្បករ និងប្រិយមិត្តគាំទ្ររបស់ពួកគេ ដើម្បីសម្ដែងពីទឹកចិត្តស្រលាញ់ និងគាំទ្រ និងផ្ដល់ឱកាសដល់សិល្បករខ្មែរពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ។

លោកបន្ថែមថា ជយលាភីនៅរាត្រីនេះ គឺជា "អ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង" ព្រោះថាតារាគ្រប់ដួងបានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសដោយគណៈវិនិច្ឆ័យ និងប្រិយមិត្តបោះឆ្នោតគាំទ្រប្រកបដោយតម្លាភាព និងយុត្តិធម៌បំផុត។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់មានប្រសាសន៍ក្នុងសន្និសីទប្រកាសបើកកម្មវិធីអាណាចក្រតារា២០១៣ថា វត្តមានសិល្បករ សិល្បការិនី និងបុគ្គលដែលពាក់ព័ន្ធនឹងសិល្បៈក្នុងកម្មវិធីប្រគល់ពានដល់សិល្បករធំជាងគេនាឱកាសនេះ គឺបានបញ្ជាក់ឱ្យឃើញពីការផ្ដល់តម្លៃដល់អាជីពរបស់ខ្លួន អ្នករួមអាជីព និងវិស័យសិល្បៈខ្មែរ ហើយអ្វីដែលពិសេសទៅទៀតនោះ គឺធ្វើឱ្យក្មេងស្រករក្រោយបានយល់ពីតម្លៃនៃអាជីពរបស់សិល្បករ សិល្បការិនីទាំងអស់គ្នា។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តទៀតថា ជំនួបប្រជុំរវាងសិល្បករក្មេងចាស់ អ្នកជំនាញសិល្បៈពាណិជ្ជករ អ្នកគាំទ្រ ជាពិសេសក្មួយៗយុវវ័យក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យថ្ងៃនេះ គឺជាសញ្ញាណវិជ្ជមានមួយនៃការចូលរួមគាំទ្រ វិស័យសិល្បៈខ្មែរពីគ្រប់មជ្ឈដ្ឋាន ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីវឌ្ឍនភាពនៃឧស្សាហកម្មកម្សាន្តកម្ពុជា។

ឯកឧត្ដម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមយល់ច្បាស់ពីតម្លៃនៃវិស័យសិល្បៈជាបណ្ដើរៗ ពោលគឺគេបានយល់ពីតម្លៃពិតប្រាកដនៃសិល្បៈជាតិ សមស្របទៅនឹងតម្លៃជាសកលដែលសិល្បៈគឺជានិមិត្តរូបបង្ហាញពីវប្បធម៌ អរិយធម៌ និងវឌ្ឍនភាពរបស់ជាតិសាសន៍នីមួយៗនៅជុំវិញពិភពលោក។

ឯកឧត្ដមបន្តទៀតថា កម្មវិធីប្រគល់ពានអាណាចក្រតារានាឱកាសដ៏មហោឡារិកនេះ មិនមែនជាកម្មវិធីប្រកួតប្រជែងគ្នាយកចាញ់យកឈ្នះនោះទេ តែជាវេទិកាជួបជុំ ចែករំលែក ការៀនសូត្រនូវបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងសិល្បកររៀមច្បង និងសិល្បករជំនាន់ថ្មីដើម្បីអភិវឌ្ឍអាជីពឱ្យប្រសើរឡើងទាំងអស់គ្នា ទើបវប្បធម៌ជាតិយើង ទទួលបានជ័យជម្នះល្បីរន្ទឺ និងមាននិរន្តភាព។

ពានអាណាចក្រតារាឆ្នាំ២០១៣នេះមានសរុបចំនួន ៣៣ ដែលចែកចេញជាបីប្រភេទគឺ ប្រជាប្រិយភាព ពានទេពកោសល្យ និងពានកិត្តិយសអមតៈ។ ពានកិត្តិយសអមតៈមានចំនួន១០ សម្រាប់ប្រគល់ជូនដល់វរសិល្បករ សិល្បករ សិល្បការិនីជើងចាស់ដែលបានចំណាយពេលដ៏យូរក្នុងវិស័យសិល្បៈខ្មែរ។

ចំពោះពានប្រជាប្រិយភាពមាន ៤ ដែលត្រូវប្រគល់ជូនដល់ពីរវិស័យគឺ ភាពយន្ត និងទូរទស្សន៍។ ពានទាំងបួនប្រភេទនោះមាន ពានតារាសម្ដែងស្រីមានប្រជាប្រិយប្រចាំឆ្នាំ ពានតារាសម្ដែងប្រុសមានប្រជាប្រិយប្រចាំឆ្នាំ ពានពិធីករមានប្រជាប្រិយភាពប្រចាំឆ្នាំ និងពានពិធីការិនីមានប្រជាប្រិយភាពប្រចាំឆ្នាំ។

ដោយឡែកពានទេពកោសល្យវិញមានចំនួនទាំងអស់១៨ ដែលត្រូវប្រគល់ជូនដល់បីវិស័យ គឺ ភាពយន្ត ទូរទស្សន៍ និងតន្ត្រី។ សម្រាប់ផ្នែកទូរទស្សន៍មានចំនួន ៥ ពានពិធីករទូរទស្សន៍ឆ្នើមប្រចាំឆ្នាំ ពិធីការិនីឆ្នើមប្រចាំឆ្នាំ រឿងភាគទូរទស្សន៍លេចធ្លោប្រចាំឆ្នាំ ក្រុមកំប្លែងល្បីប្រចាំឆ្នាំ និងកម្មវិធីកម្សាន្តផ្សាយផ្ទាល់ល្អជាងគេប្រចាំឆ្នាំ។

ចំពោះផ្នែកភាពយន្តវិញ មានចំនួន ៦ ពាន មាន តួឯកឆ្នើមប្រុសប្រចាំឆ្នាំ តួឯកឆ្នើមស្រីប្រចាំឆ្នាំ តួសំខាន់ឆ្នើមប្រុសប្រចាំឆ្នាំ តួសំខាន់ឆ្នើមស្រីប្រចាំឆ្នាំ ភាពយន្តលេចធ្លោប្រចាំឆ្នាំ អ្នកដឹកនាំរឿងឆ្នើមប្រចាំឆ្នាំ។ ខណៈដែលផ្នែកតន្ត្រីមានចំនួន ៧ពានគឺ តារាចម្រៀងសម័យប្រុសសំឡេងពីរោះប្រចាំឆ្នាំ តារាចម្រៀងសម័យស្រីសំឡេងពីរោះប្រចាំឆ្នាំ អ្នកនិពន្ធបទភ្លេងឆ្នើមប្រចាំឆ្នាំ អ្នកនិពន្ធទំនុកច្រៀងឆ្នើមប្រចាំឆ្នាំ ក្រុមចម្រៀងសម័យឆ្នើមប្រចាំឆ្នាំ ក្រុមតន្ត្រីសម័យឆ្នើមប្រចាំឆ្នាំ និងតារាចម្រៀងបទប្រជាប្រិយឆ្នើមប្រចាំឆ្នាំ។

ចំណែកពានចុងក្រោយគឺ ពានដែលប្រគល់ជូនដោយ ABC Extra Stout ដែលមានឈ្មោះថា ពានតារាជោគជ័យ ABC 2013។

ប្រព័ន្ធបោះឆ្នោតគាំទ្រតារាម្នាក់ៗបានបើកឱ្យដំណើរការចាប់ពីថ្ងៃទី១៥ ឧសភា រហូតដល់ថ្ងៃទី៤ សីហា ឆ្នាំ២០១៣ ក្រោមការអង្កេតរបស់ក្រុមហ៊ុនសវនកម្មអន្តរជាតិ Premier Consulting។ ចំពោះពានទេពកោសល្យ គណៈកម្មការអាណាចក្រតារាទាំង ១២រូប បានបើកកិច្ចប្រជុំវិនិច្ឆ័យ និងបោះឆ្នោតជ្រើសរើសជយលាភីពាននីមួយៗ នៅក្នុងផ្នែកទាំងបីគឺ តន្ត្រី ទូរទស្សន៍ និងភាពយន្ត ហើយការបោះឆ្នោតនោះត្រូវបានធ្វើឡើងជាឯកច្ឆន្ទ និងរក្សាការសម្ងាត់ ដែលមានការិយាល័យមេធាវី L.K.L ជាអ្នករាប់លទ្ធផល និងបានរក្សាទុកលទ្ធផល។

កម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ មានកិត្តិយសដែលបានទទួលបាន ការចូលរួមឧបត្ថម្ភធំពីក្រុមហ៊ុនចំនួនពីរគឺ ស្រាបៀរ ABC Stout និង Sabay។

ABC ជាស្រាបៀរមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ ស័ក្ដិសមបំផុតសម្រាប់បុគ្គលដែលទទួលបានជោគជ័យ និង Sabay ក្រុមហ៊ុនផ្ដល់ការកម្សាន្តតាមប្រព័ន្ធឌីជីថលនាំមុខគេនៅកម្ពុជា។

កម្មវិធីអាណាចក្រតារាឆ្នាំទីពីរនេះ ក៏ទទួលបានការសហការឧបត្ថម្ភពី Dell ក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាលំដាប់ពិភពលោក Shokubutsu ផលិតផលថែរក្សាសម្រស់ស្បែកពិតមកពីជប៉ុន Revlon Cosmetic ផលិតផលគ្រឿងសម្អាងលំដាប់ពិភពលោក VSlim ផលិតផលកាហ្វេថែរក្សារាង និង Tous les Jours ហាងនំប៉័ងបែបអឺរ៉ុបឈានមុខគេរបស់កូរ៉េដំណើរការស្របច្បាប់នៅកម្ពុជា។ ស្ថានីយទូរទស្សន៍ CTN គឺជាដៃគូផ្សព្វផ្សាយផ្លូវការ។ កាសែតភ្នំពេញប៉ុស្តិ៍ដែលផ្សាយរៀងរាល់ថ្ងៃសុក្រ និងទស្សនាវដ្ដីប្រជាប្រិយ គឺជាដៃគូឧបត្ថម្ភផ្ដាច់មុខសម្រាប់ការផ្សព្វផ្សាយកម្មវិធី៕





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]