ព្រះសីហនុៈ កម្លាំងសមត្ថកិច្ច នគរបាលការិយាល័យ កណ្តាលសន្តិសុខ នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ឯក អ៊ុំ សំអុល ស្នងការរង និងជាប្រធាន ការិយាល័យ កណ្តាល សន្តិសុខ ដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ តាក វណ្ណថា ស្នងការនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ភ្លាមៗ ខណៈពេលដែលព្យាយាមលួច ដកប្រាក់ទូ ATM របស់ធនាគារ SBC ដោយប្រើប្រាស់កាត ក្លែងក្លាយ ប្រមាណជាង២០សន្លឹក កាលពីវេលាម៉ោង ៨ និង១០នាទី យប់ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅចន្លោះរង្វង់មូលតោ២ ទៅឆ្នេរអូរឈើទាល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។

បន្ទាប់ពីបញ្ជួនខ្លួនជនសង្ស័យ មកស្នងការដ្ឋានភ្លាម សមត្ថកិច្ចបានធ្វើការសាកសួរ និង ឆែកឆេរសំភារៈ ជនសង្ស័យ ទើបដឹងថានៅមានបក្សពួក ចំនួន២នាក់ទៀត ភ្លាមនោះសមត្ថកិច្ច ក៏បាននាំគ្នា ទៅឆែកឆេរ នៅសណ្ឋាគារ ដែលពួក គេស្នាក់ គឺសណ្ឋាគារ សេរិនឌីភីធី ដែលមានអាស័យដ្ឋាននៅក្បែរទូATM ដែលជន សង្ស័យធ្វើសកម្មភាពលួច ដកប្រាក់នោះ ក៏ប៉ុន្តែត្រូវបានគ្នាគេ២នាក់នោះដឹងខ្លួនទាន់ក៏បានគេចខ្លួនភ្លាមដែរ ។

បើតាមការបញ្ជាក់របស់ បុគ្គិលិកសណ្ឋាគារ ថាបានឃើញភ្ញៀវ២នាក់ នោះឡើងឡានតាក់ស៊ី ចេញបាត់ ប្រមាណ១០នាទីទៅហើយ ។

លោកវរសេនីយ៍ឯក អ៊ុំ សំអុល បានមានប្រសាសន៍ ប្រាប់អ្នកយកព័ត៌មាន មជ្ឈមណ្ឌលដើមអម្ពិលប្រចាំ ខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ NOVIKOV OLEG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ អ៊ុយក្រែន មុខរបរជាងសំណង់ កាន់លិខិតឆ្លងដែនលេខ EP986786 បច្ចុប្បន្នស្នាក់នៅសណ្ឋាគារ សេរិនឌីភីធី ឆ្នេរអូរឈើទាល ។ ចំណែក២នាក់ ដែលគេចខ្លួនមានឈ្មោះ ទី១. SHABAZOV IEGOR ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិអ៊ុយក្រែន មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខ EP986812 បច្ចុប្បន្នស្នាក់នៅសណ្ឋាគារ សេរិនឌីភីធី ឆ្នេរអូរឈើទាល ទី២ឈ្មោះ HREBENSHCHYKOV OLEKSII ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ អ៊ុយក្រែន មុខរបរ ទេសចរ កាន់លិខិតឆ្លងដែនលេខ EP382954 បច្ចុប្បន្នស្នាក់នៅសណ្ឋាគារ សេរិនឌីភីធី ឆ្នេរអូរឈើទាល ។

បច្ចុប្បន្នសមត្ថកិច្ចកំពុង កសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅសាលាដំបូងខេត្ត ព្រះសីហនុដើម្បី វិនិច្ឆ័យទោសទៅតាមច្បាប់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]