ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១៤ សីហា នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានធ្វើសន្និសីទកាសែត បង្ហាញមុខក្រុមឃាតករដៃដល់២នាក់ ដែលបានបាញ់សម្លាប់បុរសចំណាស់ ជាអ្នកលក់គ្រឿងទេស ហើយគេចខ្លួន ប៉ុន្តែត្រូវបានប៉ូលិសចាប់ខ្លួនបាននៅក្នុង ខេត្តកំពតនាថ្ងៃដដែល រួចបញ្ជូនមកខេត្តកំពង់ស្ពឺវិញ ដើម្បីចាត់ការតាមច្បាប់ ។ លោកវរសេនីយ៍ឯក សោម បូរ៉ា ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌបានឱ្យដឹង
ថា នៅចំពោះមុខសមត្ថកិច្ច ពួកជនដៃដល់បានឆ្លើយសារភាពថា រូបគេពិតជាបានបាញ់សម្លាប់បុរស រងគ្រោះពិតប្រាកដមែន ។

ពួកគេបញ្ជាក់ថា ជនរងគ្រោះនិងពួកគេពុំដែលស្គាល់គ្នានោះទេ ហើយការឈានដល់បាញ់សម្លាប់នេះ គឺមានមនុស្សម្នាក់បានមកជួលពួក គេឱ្យទៅបាញ់សម្លាប់ជនរងគ្រោះ ដោយប្រាប់ថាមានគំនុំនឹងគ្នា ។ លោកស្នងការរងប៉ូលិស ខេត្តបានឱ្យដឹងទៀតថា នេះគឺជាស្នាដៃរបស់សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ និងនគរបាលខេត្តកំពត ដែលបានសហការគ្នា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលយុត្តិធម៌រហូត ឃាត់ខ្លួនបានក្រុមឃាតករទាំង២នាក់ ដោយម្នាក់ជាអតីតកីឡាករប្រដាល់ ក្បាច់គុនបុរាណខ្មែរឈ្មោះ ទ្រី គន្ធរ រស់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះ ជួង វណ្ណៈ ហៅអាង៉ោល, រស់ ពេជ្រ, ហុក អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិឈើទាលជ្រំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នរស់នៅម្តុំបឹងក្រពើ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ សីហា នៅផ្ទះសំណាក់រីករាយស្ថិតនៅក្នុងភូមិ កំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ក្រោយពីជនសង្ស័យទាំង២នាក់ បានបាញ់សម្លាប់ជនរងគ្រោះ ហើយបើកម៉ូតូរត់គេចខ្លួនទៅដេកក្នុងផ្ទះសំណាក់នៅទីនោះ។

សូមរំលឹកថា ជនរងគ្រោះមានឈ្មោះ សាន់ សឿន អាយុ៧៦ឆ្នាំ រស់នៅក្នុងភូមិទី២ (ចន្ទបូរី) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវឃាតករបាញ់កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ សីហា ក្រោយពីជនសង្ស័យទាំង២នាក់បាញ់មួយគ្រាប់ត្រូវចំ ក្បាលផ្នែកខាងក្រោយបៀមគ្រាប់នៅក្បែរភ្នែក ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចមិនបានបង្ហើបឱ្យដឹងពីអ្នកនៅខាងក្រោយ ខ្នងនៃឃាតកម្មនោះទេ ពីព្រោះប៉ូលិសបានស្គាល់មុខសញ្ញាអស់ហើយ តែមិនទាន់អាចបង្ហាញអត្តសញ្ញាញជាសាធារណៈទេ ពេលនេះមន្ត្រីជំនាញកំពុងតែតាមស្វែងរក ដើម្បីឈានដល់ការចាប់ខ្លួនយកមកផ្តន្ទាទោស ។ ដោយឡែកជនដៃដល់ទាំង២នាក់ នេះ សមត្ថកិច្ចកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ។

ទាក់ទិននឹងការស៊ីឈ្នួលបាញ់សម្លាប់មនុស្សនេះ មន្ត្រីសមត្ថកិច្ចមិនបានប្រាប់ឱ្យដឹងថា ជននៅពីក្រោយខ្នងនោះជួលក្នុងតម្លៃប៉ុន្មាននោះទេ គ្រាន់តែឱ្យដឹងថា កាំភ្លើងនិងម៉ូតូគឺអ្នកជួលទិញឱ្យសម្រាប់ធ្វើសកម្មភាព ។ ទោះបីជាបែបណា ជនដែលនៅពីក្រោយខ្នងជនដៃដល់ មិនអាចគេចខ្លួនរួចនោះទេ ព្រោះតែអត្តសញ្ញាណត្រូវបានបែកអស់ទៅហើយ ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]