ភ្នំពេញ៖ ជនជាតិកូរេម្នាក់ បានបើករថយន្តឡង់ គ្រីស័រ មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកបុរសម្នាក់ កំពុង ដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នៅចំណុចរង្វង់សំពៅមាស ហើយព្យាយាមបើករថយន្តរត់គេច ខ្លួន រហូតដល់ចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ទើបសមត្ថកិច្ចឃាត់បានភ្លាមៗ។       

សមត្ថកិច្ចមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងប្រមាណ ២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ បុរសម្នាក់ បានដើរឆ្លងកាត់ផ្លូវលេខ១៦៣។ លុះដល់ចំណុចរង្វង់សំពៅ មាស ស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2G-7070 បើកបរដោយបុរសជន ជាតិកូរ៉េម្នាក់ បានបើកយ៉ាងលឿនជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលរបួសធ្ងន់ធ្ងរ។

ក្រោយពេលបង្កគ្រោះថ្នាក់ហើយនោះ ជនជាតិកូរ៉េ បានព្យាយាមបើករថយន្ត គេចខ្លួនរហូតដល់ចំណុចផ្លូវព្រះមុនី វង្ស កែងផ្លូវលេខ៤៥០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ទើបត្រូវមន្រ្តីកងរាជអាវុធខណ្ឌ ៧មករា ដេញ ព័ទ្ធចាប់បាន ប៉ុន្តែម្ចាស់រថយន្តចុះរត់គេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុបុរសរងគ្រោះ ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ត បង្កហេតុ ត្រូវបានសមត្ថកិច្ចជំនាញចុះមកអន្តរាគមន៍ អូសយករថយន្តបង្កហេតុនេះ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]