ភ្នំពេញ ៖ យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ សមត្ថកិច្ចនគរបាលខណ្ឌចំការមន ឈានទៅឃាត់ ខ្លួនបុរសម្នាក់ ពីបទ លួចរថយន្ត ពីចំណតផ្ញើរថយន្តបៀលប្រាយ ស្ថិតនៅផ្លូវសុធារស ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។

ហេតុការណ៍ឃាត់ខ្លួន ខាងលើនេះ បានប្រព្រឹត្ដទៅ កាលពីវេលាម៉ោង៩និង៣០ ព្រឹកថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០១៣ ខណ:ជនសង្ស័យកំពុងធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវ៣១០ ក្នុងសង្កាត់បឹង កេងកងទី២ ខណ្ឌចំការមន ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ត្រូវបានគេស្គាល់ឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ ៤៤ឆ្នាំ មុខ របរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៧ដេ ផ្លូវលេខ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។

រថយន្ដដែលជនសង្ស័យលួច ចេញពីចំណតរថយន្តបៀលប្រាយនេះ ម៉ាកកូរ៉ូឡា ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2H-4811 ដែលមានម្ចាស់ឈ្មោះ ពៅ ធារី ភេទស្រី អាយុ ៤២ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ ស៊ីធី អ៊ិន ស្នាក់នៅផ្ទះលេខ៥៥ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ស្រ្តីម្ចាស់ រថយន្តបាននិយាយថា រថយន្តបាត់កាលវេលាម៉ោង ២២និង១០នាទី ខណ:ចេញ ពីធ្វើការមកយករថយន្ត នៅចំណតរថយន្តបៀលប្រាយ ស្រាប់តែមិនឃើញរថយន្តនៅក្នុងចំណត ។

តាមប្រភពព័ត៌មានពីស្ដ្រីម្ចាស់ រថយន្ដ បាននិយាយឱ្យនគរបាលដឹងទៀតថា កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣ ស្រ្តី ពៅ ធារី បានយករថយន្តទៅផ្ញើ នៅចំណតក្នុងបរិវេណ សកលវិទ្យាល័យបៀលប្រាយ រួចក៏ទៅធ្វើការ ។ លុះដល់ម៉ោង ២២និង១០នាទី ថ្ងៃដដែល ក៏បានចេញពីធ្វើការមកយករថយន្តវិញស្រាប់ តែមិនឃើញរថយន្ត ហើយក៏ប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ នៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ សមត្ថកិច្ច បានជួបជនសង្ស័យ ឈ្មោះ វ៉ាន់ ប្រុស កំពុងជិះម៉ូតូឌុប នៅតាមបណ្តោយផ្លូវព្រះ មុនីវង្ស កែងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី២ សមត្ថកិច្ចបានឃាត់ខ្លួន ទៅសួរនាំនៅអធិការ ដ្ឋាននគរបាលខណ្ឌចំការមន ទើបសមត្ថកិច្ចនាំខ្លួន ជនសង្ស័យ ទៅយករថយន្ត ដែលទុកនៅចំណតរថយន្ត នៅខេត្តកំពតមកវិញ ។

បច្ចុប្បន្នជនសង្ស័យ ឈ្មោះ វ៉ាន់ ប្រុស ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការ មន ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕







ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]