រាជធានីភ្នំពេញ ៖ ការដោះដូរសាលាសង្កាត់បឹងកក់ទី១ នៅមិនទាន់ដោះស្រាយ ចប់នៅឡើយទេ ដោយសារតែប្រជាពលរដ្ឋ ដែលស្នាក់នៅចំនួន ៣គ្រួសារបានទាមទារ ក្នុងតម្លៃខ្ពស់ គឺក្នុង១គ្រួសារ៣០ម៉ឺនដុល្លារ ហើយក្រុមហ៊ុនបានងាក ទៅចាត់ការតាមផ្លូវច្បាប់ ។ ទន្ទឹមនោះ រយៈពេល២ថ្ងៃមកហើយ គឺថ្ងៃទី៩និង១០ សីហា បាតុភាពបានផ្ទុះឡើងដោយសារតែ ប្រជាពលរដ្ឋបានហៅ អ្នកបឹងកក់មកជួយតវ៉ា បន្ទាប់ពីមានទំនាស់គ្នាសាជាថ្មីម្តងទៀត ។

តាមព័ត៌មានឱ្យដឹងថា សាលាសង្កាត់បឹងកក់ទី១ ត្រូវបានដោះស្រាយដូរទីតាំងដោយប្រគល់ទៅក្រុមហ៊ុន ឃុន សៀ អុីមផត អុិចផត ជាអ្នកដោះដូរនៅពេលថ្មីៗកន្លងមកនេះ ។ បន្ទាប់ពីទទួលសិទ្ធិ ក្រុមហ៊ុនបានដោះស្រាយជូនប្រជាពលរដ្ឋចំនួន៧ គ្រួសារ ដោយក្នុង១គ្រួសារៗចំនួន១៥.០០០ដុល្លារ ហើយមាន៤គ្រួសារទទួលយកការឧបត្ថម្ភ ចំណែក៣គ្រួសារទៀត គឺ១-ឈ្មោះ លី ស៊ាខេង ភេទប្រុស ២-ឈ្មោះ សុខ ហ៊ុច ភេទស្រី និង៣-ឈ្មោះ អ៊ុង ហឿង ភេទប្រុស បានទាមទារតម្លៃខ្ពស់រហូតដល់៣០មុឺនដុល្លារក្នុង ១គ្រួសារ ទើបព្រមចេញ ។ លោក នួន សុខ័ណ្ណារ៉ា តំណាងឱ្យក្រុមហ៊ុនឃុន សៀ អុីមផត អុិចផត បានឱ្យដឹងថា ក្រុមហ៊ុននៅតែប្រកាន់ជំហរដោះស្រាយជូនប្រជាពលរដ្ឋដែល នៅសល់ តែប្រជាពលរដ្ឋមានចេតនាមិនទទួលយកការដោះស្រាយសោះ ដោយទាមទារតម្លៃខ្ពស់ដែលមិនអាចទទួលយកបាន ហើយបានទៅពឹងអ្នកបឹងកក់មួយចំនួនមកជួយ តវ៉ា និងបានបង្វែរទៅជារឿងនយោបាយទៅវិញ ។ ក្នុងចំណោមប្រជាពលរដ្ឋដែលនៅសល់មានគ្រួសារឈ្មោះ លី ស៊ាខេង គាត់បានជួលសាលាសង្កាត់ស្នាក់នៅ ហើយលួចស្នើសុំធ្វើប្លង់កាន់កាប់ជាច្រើនលើកតែ អាជ្ញាធរ មិនធ្វើឱ្យព្រោះជាដីរបស់សង្កាត់ ។ មិនតែប៉ុណ្ណោះ ឈ្មោះ លី ស៊ាខេង និងក្រុមគ្រួសារបានរារាំងក្រុមហ៊ុនមិនឱ្យធ្វើរបង តាមការអនុញ្ញាតរបស់សាលារាជធានីភ្នំពេញទៀតផង ។

តំណាងក្រុមហ៊ុនរូបនោះ បានឱ្យដឹងទៀតថា ក្រុមហ៊ុនមានឯកសារគ្រប់គ្រាន់ដើម្បីចាត់ការតាម ផ្លូវច្បាប់ ហើយសំណុំរឿងស្ថិតនៅសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ ។ ដោយមើលឃើញថា តាមផ្លូវច្បាប់មិនឈ្នះ ទើបប្រជាពលរដ្ឋចំនួន៣គ្រួសារបានទៅពឹងពាក់ អ្នកបឹងកក់ឱ្យនាំគ្នាមកតវ៉ាតែម្តង ។ ចំណែកលោក លី ស៊ាខេង  ដែលជាអ្នកតវ៉ាបានសំណូមពរយ៉ាងទទូចឱ្យមានការដោះ ស្រាយឱ្យបានសមរម្យ ព្រោះគាត់បានស្នាក់នៅក្នុងសាលាសង្កាត់នេះ តាំងពីឆ្នាំ១៩៩៧ មកម៉្លេះ ៕



ដោយ ៖លក្ខិណា

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]