ព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ នេះ បានប្រកាសអាសន្នកម្ពស់ទឹក ស្ទឹងសែន ដែលរហូតមកដល់ថ្ងៃនេះឡើងដល់ ១១.១៧ម៉ែត្រ ហើយត្រៀមជម្លៀសប្រជាពលរដ្ឋដែល អាចរង ផលប៉ះពាល់ ដោយសារទឹកជំនន់នេះ ឆ្ពោះទៅទីទួលមានសុវត្ថិភាព។

ដោយពិនិត្យឃើញស្ថានភាពបែបនេះ នៅព្រឹកថ្ងៃដដែល អាជ្ញាធរខេត្តព្រះវិហារ ដឹកនាំដោយលោកអភិបាលខេត្ត អ៊ុំ ម៉ារ៉ា មន្ត្រីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធមួយចំនួន បានចុះទៅពិនិត្យមើល ស្ថានភាពទឹកស្ទឹងសែន ដែលស្ថិត នៅចំណុចមាន់រងាវ ក្នុងសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ដែលមានប្រជាពលរដ្ឋចំនួន ៣៥គ្រួសាររស់នៅតំបន់ នោះ។

នៅចំណុចមុខប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងស្ទឹងសែននេះ អភិបាលខេត្តព្រះ វិហារ បានមានប្រសាសន៍ថា កម្ពស់ទឹក ១១.១៧ម៉ែត្រ ជាកម្រិតទឹកត្រូវប្រកាសអាសន្ន ហើយ គណៈបញ្ជាការ ឯកភាពទាំងមូល បានត្រៀមជួយប្រជាពលរដ្ឋឆ្ពោះទៅទីទួលមានសុវត្ថិភាព។

លោក អ៊ុំ ម៉ារ៉ា ក៏បានណែនាំ និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសក្មេងៗ ដែលអាចជួបគ្រោះថ្នាក់ណាមួយ ដោយយថាហេតុដោយសារទឹកជំនន់នេះ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាអនាម័យ និងសុខភាពទាំងការ រស់នៅ និងហូបចុក ហើយអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាល បានត្រៀមថ្នាំពេទ្យចែកជូនដល់ពួកគាត់ ជៀសវាងមាន ជំងឺៗកើតឡើង៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]