ខេត្ដរតនគិរី ៖ ជំនួញឈើប្រណីត នៅតែលាន់កក្រើក នៅតំបន់ភាគឦសានដែលគប្បីប្រកាសអាសន្ន ក្នុងការស្រោចស្រង់ធនធានធម្មជាតិ ទាំងនេះហើយ បើពុំនោះទេធនធានព្រៃឈើ ដែលមានតម្លៃសេសសល់តិចតួច នឹងវិនាសអស់ មិនខានឡើយ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្នុងចេតនាទប់ស្កាត់មួយឈុត សមត្ថកិច្ចចម្រុះខេត្ដបានចាប់រថយន្ដ ដឹកឈើប្រណីតខុសច្បាប់បាន២ គ្រឿង កាលពីវេលាម៉ោង១២ និង៣០នាទីយប់ថ្ងៃទី៧ សីហា ដែល១គ្រឿងម៉ាកឡិចស៊ីស450 ពណ៌ស្ករ គ្មានស្លាកលេខ ផ្ទុកឈើគ្រញូងពេញរថយន្ដ និង១គ្រឿងទៀតម៉ាកកាមរី ស៊េរី១៩៩៣ ពណ៌ខ្មៅ គ្មានស្លាកលេខ ផ្ទុកឈើធ្នង់ពេញរថយន្ដដែរ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចចម្រុះខេត្ដដែល អនុវត្ដផ្ទាល់ឱ្យដឹងថា រថយន្ដទាំង២គ្រឿងនេះចាប់បាននៅលើផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខណៈរថយន្ដដឹកឈើប្រណីតទាំង២គ្រឿងកំពុងបើកបរឆ្ពោះទៅច្រកទ្វារ អន្ដរជាតិអូរយ៉ាដាវ ដើម្បីយកឈើប្រណីតទាំងនោះលក់ទៅវៀតណាម តាមច្រករបៀងភ្នំក្រហម និងច្រករបៀង១៩ ។ ចំពោះចំនួនឈើប្រណីតនៅក្នុងរថយន្ដទាំង២គ្រឿងនេះ មន្ដ្រីជំនាញនៅពុំទាន់ឱ្យដឹងពីតួលេខច្បាស់លាស់នៅឡើយទេ ឯអ្នកបើកបររថយន្ដទាំង២គ្រឿងបានរត់គេចខ្លួនបាត់ស្រមោល ។ ពេលនេះវត្ថុតាងរួមទាំងរថយន្ដដឹកឈើប្រណីតត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ដ ។

ជាការកត់សម្គាល់ សកម្មភាពដឹកជញ្ជូនឈើប្រណីតមិនមែនមានតែរថយន្ដតូចធំនោះទេ ម៉ូតូជាច្រើនគ្រឿងក៏កំពុងសម្រុកដឹកឈើធ្នង់ចេញពីតំបន់មួយចំនួន ក្នុងស្រុកអូរយ៉ាដាវដែរឆ្ពោះទៅប្រទេសវៀតណាមតាមច្រករបៀងនានាដូច ជា ច្រក១៩ ហៅច្រកចេញបារីក្បែរច្រកទ្វារអូរយ៉ាដាវ ច្រកភ្នំក្រហម និងច្រកភូមិឡុំជាដើម ។ ម៉ូតូជាច្រើនគ្រឿងដែលដឹកឈើធ្នង់ត្រូវបានគេប្រទះឃើញធ្វើចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៨៧A ហើយបត់ចូលផ្លូវលំក្រួសក្រហម ស្ថិតក្នុងភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ។ នៅចំណុចនោះក៏មានសមត្ថកិច្ចជាច្រើនស្ថាប័ននៅក្បែរផ្លូវបត់ចូល ផ្លូវលំនោះដែរដូចជា គយ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ និងស្នាក់ការកងរាជអាវុធហត្ថប្រចាំទិស ។ នៅតំបន់ក្បែរៗនោះ មានម៉ូតូដឹកឈើធ្នង់យកមកគរលាក់ទុកដើម្បីលើកដាក់រថយន្ដ និងបន្ដទៅប្រទេសវៀតណាម និងជាកន្លែងលាក់ខ្លួន ពេលសមត្ថកិច្ចតាមប្រមាញ់ ។

តាមម្ចាស់ម៉ូតូដឹកឈើនិយាយថា គាត់បានទិញឈើពីអ្នកភូមិ ក្នុងម៉ូតូមួយគ្រឿងដែលដឹកបានអស់១លានរៀល លក់ចេញវិញបានមួយលានប្រាំសែនរៀល ហើយបង់ឱ្យសមត្ថកិច្ចតាមផ្លូវអស់៦មឺុនរៀលក្នុងម៉ូតូ១គ្រឿង ។ ពួកគាត់បានបន្ដថា ជួនកាលគាត់លក់បន្ដឱ្យថៅកែប្រមូលទិញស្ដុកសម្រាប់ដឹកតាមរថយន្ដ កាមរី ឡង់គ្រីស្ស័រ និងសាំយ៉ុង ជួនកាលដឹកតាមម៉ូតូដោយខ្លួនឯង ។ ទោះជាយ៉ាងណា អ្នកបើកម៉ូតូដឹកឈើគ្រញូងពុំបានប្រាប់ឈ្មោះថៅកែប្រមូលទិញទេ ឯសមត្ថកិច្ចនៅក្បែរនោះក៏ពុំបានបង្ក្រាបដែរ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]