បាត់ដំបងៈ កម្លាំងនគរបាល ក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៣ នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង តាមពាក្យបណ្តឹងជនរងគ្រោះរួចកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ ពីបទ រំលោភលើទំនុក ចិត្ត ។

លោក ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌនគរបាល ក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថ កិច្ចឃាត់ខ្លួនមានឈ្មោះ ម៉ី កុសល់ ភេទប្រុស អាយុ ២៥ឆ្នាំ បុគ្គលិកផ្នែកលក់ស្រាបៀរ អង្គរប្រចាំបាត់ ដំបង មានទីលំនៅក្រុមទី១០ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ចំណែកជនរងគ្រោះមានឈ្មោះ ទង ស្រ៊ី ភេទប្រុស អាយុ ៥៤ឆ្នាំ ជាអ្នកគ្រប់គ្រងក្រុមហ៊ុនស្រាបៀរ អង្គរប្រចាំខេត្តបាត់ដំបង មានទីលំនៅ ក្រុមទី២១ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

លោក ស៊ន កុសល បានបន្តថា បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះរួចមក លោកអធិការក្រុង បានបញ្ជាកម្លាំងឲ្យចុះធ្វើការឃាត់ខ្លួន ជនសង្ស័យដែលជាប់ពាក់ព័ន្ធពីបទ រំលោភលើទំនុកចិត្ត ដោយបានយកលុយក្រុមហ៊ុនអស់ចំនួន១៧.១៨៣,៣០ដុល្លារ(មួយម៉ឺនប្រាំពីរពាន់មួយរយប៉ែតសិបបីដុល្លារ និង សាមសិបសេន) នាំយកមកសាកសួរនៅអធិការក្រុង ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលុយចំនួន ១៧.១៨៣,៣០ដុល្លារ ១៧.១៨៣,៣០ ដុល្លារ តែក្នុងនោះមានអតិថិជនមួយចំនួន នៅជំពាក់ខ្លះទារលុយមិនទាន់បាន និងលុយមួយចំនួនទៀតខ្លួន បានយកទៅចាយអស់ លុះដល់ថ្ងៃទី៨ ខែសីហា ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នកម្លាំងជំនាញ នគរបាលក្រុងបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅស្នងការ នគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមច្បាប់ ៕

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]