ខេត្តស្ទឹង​ត្រែង​​​ ៖ ញាតិ​សន្តាន​ និង​ក្រុម​គ្រួសារ​​របស់​សព​បុរស​ម្នាក់​ស្រែក​ទ្រហោ​យំ ទាំង​ក្តី​អាឡោះ​អាល័យ​​នៅ​ពេល​ឃើញ​សព​ផុស​អណ្តែត​លើ​ផ្ទៃ​ទន្លេ​សេសាន បន្ទាប់​ពី​លង់​ទឹក​បាត់​នៅ​ចំណុច​ជួ​ចាប ភូមិ​កំភុន​ ឃុំ​កំភុន ស្រុក​សេសាន ។

ស្រ្តី​ជា​ភរិយា​​ទ្រហោ​យំ​បោក​ប្រាណ​ស្ទើរ​តែ​សន្លប់​នៅ​ពេល​ឃើញ​សព​ស្វា​មី​របស់​ខ្លួន​អណ្តែត​លើ​ផ្ទៃ​ជល​សា​យ៉ាង​អាណោច​អាធ័ម ។កាលពី​​ថ្ងៃ​ទី​១៧ មេសា ក្រុម​គ្រួសារ​ និង​​បង​ប្អូន​របស់​ជន​រង​គ្រោះ​បាន​ជួប​ជុំ​គ្នា​​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ រួច​នាំ​គ្នា​ចំនួន​៩​នាក់​ទៅ​លេង​ផ្ទះ​ឪពុក​មា​នៅ​កន្លែង​កើត​ហេតុ​ ។ ​លុះ​ដល់​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ដដែល​ក្រោយ​ពី​​ហូប​អាហារ​​សប្បាយ​ក្អាក​ក្អាយ​​រួច​មក ពួក​គេ​ទាំង​អស់​គ្នា​រួ​ម​ទាំង​ជន​រង​គ្រោះ​បាន​ចុះ​ទន្លេ​​ហែល​លេង​កម្សាន្ត និង​បណ្តែត​ខ្លួន​ចន្លោះ​ថ្ម​ដា​តាម​ខ្សែ​ទឹកហូរ​ពី​លើ​ចុះ​ក្រោម​ រួច​ឱ្យគ្នី​​គ្នា​ចាំ​ចាប់​ដៃ នៅ​ពេល​ដែល​ហូរ​ជិត​ដល់​មាត់​​អន្លង់​​ជ្រៅ​ ។ ខណៈ​នោះ​នារី​ម្នាក់​​បណ្តែត​ខ្លួ​ន​តាម​ខ្សែ​ទឹក ហើយ​មាន​មិត្ត​ភក្តិ​រង់ចាំ​ចាប់​ដៃ​​ឡើង​​លើ​គោក តែ​ការ​ឈោង​ដៃ​ចាប់​​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ ដោយ​សារ​ពេល​នោះ​ទឹក​ហូរ​ខ្លាំង​​ ក៏ក​ួច​នាំ​យក​ស្ត្រី​រូប​នោះ​ធ្លាក់​ទៅ​អន្លង់​ទឹក​ជ្រៅ ។ ភ្លាម​នោះ​បុរស​​ត្រូវ​ជា​បង​ជី​ដូន​មួយ​​ហក់​ទៅ​ជួយ​​ តែ​ទី​បំផុត​ពួក​គេ​ទាំង​២​នាក់​លិច​ទៅ​ក្នុង​ទឹក​បាត់​ស្រមោល​ ។

សាច់​ញាតិ​ជន​រង​គ្រោះ​ទាំង​២នាក់​​ឱ្យ​ដឹង​ថា ក្រោយ​ពី​ជួប​ហេតុ​ការណ៍​នោះ ក្រុម​ដំណើរ​កម្សាន្ត​របស់​ពួ​ក​គេ​បាន​ស្រែក​ហៅ​អ្នក​ភូមិ​​ឱ្យ​ជួយ​ និង​ទាក់​ទង​ទៅ​អ្នក​ផ្ទះ​​ប្រាប់​​ពី​ការ​បាត់​ខ្លួន​ជន​ទាំង​២​​​ពេល​កំពុង​លេង​ទឹក ។ គ្រា​នោះ​យោធា​ស្រុក ​រួម​ទាំង​អ្នក​ភូមិ​ និង​ក្រុម​គ្រួសារ​រាវ​រក​តាម​ដង​ទន្លេ​ក្បែរ​​កន្លែង​កើត​ហេតុ រហូត​ដល់​ម៉ោង​៧​​ព្រឹក​ថ្ងៃ​ទី​១៨ មេសា ទើប​ប្រទះ​ឃើញ​សព​នារី​រង​គ្រោះ​ផុស​អណ្តែត​នៅ​ឆ្ងាយ​ពី​ចំណុច​កើត​ហេតុ​ប្រហែល​១០០​ម៉ែត្រ​ ។ នារីរង​គ្រោះ​ឈ្មោះ​ថា ស្រី​នាថ អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សាកល​វិទ្យាល័យ អាយ​អាយ​ស៊ី រស់​នៅ​ភូមិ​​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុងស្ទឹង​ត្រែង ។ចំណែក​ជន​រង​គ្រោះ​ម្នាក់​​ទៀត​ ក្រុម​គ្រួសារ​មិន​ទាន់​រក​ឃើញ​ក្នុង​ពេល​ទន្ទឹម​គ្នា​នោះ​ទេ​។​កម្លាំង​យោ​ធា​បាន​ជិះ​ទូក​ស្វែង​រកសព​ជា​បន្ត​បន្ទាប់​រហូត​ដល់​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ មេសា ទើប​ប្រទះ​ឃើញ​ផុស​អណ្តែត​នៅ​ក្បែរក​ន្លែង​ផុស​នៃសព​នារី​រង​គ្រោះ​ រួច​ក៏​ស្រង់​ចេញ​ពី​ទឹក​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។

ស្ត្រី​ជា​ភរិយា​​ឱ្យ​ដឹងថា ស្វាម​ី​របស​់​នាង​ឈ្មោះ​ថា មករា អាយុ​២៥​ឆ្នាំ ទើប​រៀប​ការ​ជា​មួយ​គ្នា​បាន​​១​ឆ្នាំ​ប៉ុណ្ណោះ ហើយ​បាន​នាំ​គ្នា​ទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រស់នៅ​​ស្រុក​កំណើត​របស់​នាង​​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រកប​របរ​លក់​គ្រឿ​ង​ទេស ។អ្នក​​រស់​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹងថា ទី​តាំង​ទឹក​ជួ​តំបន់​នេះ​ជា​ចំណុច​គ្រោះ​ថ្នាក់​​ប​ំផុត ព្រោះ​មាន​ទឹក​ហូរ​កួច​ខ្លាំង​ និង​មាន​អន្លង់​ជ្រៅ​​ជាង​៣០​ម៉ែត្រ​ឯ​ណោះ គ្មាន​នរណា​ម្នាក់​ហ៊ាន​ចុះ​លេង​ឡើយ ។ ពី​មុន​អ្នក​បើក​កាណូត​ឆ្លងកាត់​ចំណុច​នោះ​ ធ្លាប់​ជួប​​គ្រោះ​ថ្នាក់​លិច​​រហូត​បាត់​បង់​ជីវិត​​ជាច្រើន​នាក់ ។ ចំពោះ​ការ​ធ្វើ​ដំណើរ​តាម​ទូក​​ពេល​មក​ដល់​កន្លែង​កើត​ហេតុ​នោះ​ បើ​មិន​ស្គាល់​ផ្លូវ​ច្បាស់​ ពិត​ជា​លិច​ទូក​ជួ​ប​គ្រោះ​ថ្នាក់​ ។ប្រភព​ដដែល​បន្តថា កន្លង​មក​អាជ្ញា​ធរ​ស្រុក​បាន​ហាម​ឃាត់​មិន​ឱ្យ​នរណា​ចូល​ទៅ​លេង​ទឹក​នៅ​​ចំណុចនោះ​​ទេ ព្រោះ​ជា​តំបន់​មួយ​ដែល​មាន​គ្រោះ​ថ្នាក់​បំផុត តែ​យុវវ័យ​ខ្លះ​ដឹងដែរ តែ​ពួក​គេ​នៅ​តែ​លប​លួច​ទៅ​លេង​មិន​ខ្លាច​ពី​គ្រោះ​ដល់​អាយុ​ជីវិត​ឡើយ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ