ភ្នំពេញៈ មន្ត្រីជំនាញជាតិ និងអន្តរជាតិ មកពី ១០ប្រទេស បានរកឃើញថា មូលហេតុចម្បង ដែលនាំឱ្យផ្សោត ក្បាលត្រងោល រស់នៅតាម ដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងងាប់ មានជាង ២០ ករណីនោះ ដោយសារតែមង ជាឧបសគ្គ ធំបំផុត ដែលនាំឱ្យផ្សោត ប្រភេទដ៏កម្រនេះ ងាប់រាល់ឆ្នាំ ។

ជាច្រើនឆ្នាំមកហើយ ដែលអ្នកជំនាញជាតិ និងអន្តរជាតិ បានផ្តល់អំណះអំណាងផ្សេងៗគ្នា ទាក់ទងការងាប់ របស់ផ្សោត ដោយអ្នកខ្លះ អះអាងថា បណ្តាលមកពីជាតិបារត ក្នុងទឹកកើនឡើង ធ្វើឱ្យផ្សោតពុល  មជ្ឈដ្ឋានខ្លះថា ដោយសារ សកម្មភាពរបស់ប្រជានេសាទ ខ្វះចំណី ខ្វះជម្រក ជាដើម  ។

ក្រោយកិច្ចពិភាក្សាគ្នា ៣ ថ្ងៃ ក្នុងសិក្ខាសាលា អភិរក្សផ្សោតក្បាលត្រងោល មក ប្រធានរដ្ឋបាលជលផល លោក ណៅ ធួក បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១២ថា «មូលហេតុ ដែលនាំឱ្យ ផ្សោតស្លាប់ គឺបណ្តាលមកពី មងសំខាន់ជាងគេ ចំណែកស្លាប់ដោយការឆក់ មិនមានភស្តុតាង បង្ហាញនោះទេ »។

ទាក់ទងសំណួរថា តើសត្វផ្សោតកើនឡើង ឬថយចុះ នៅឆ្នាំ ២០១០ និងឆ្នាំ២០១១ ? លោក ណៅ ធួក ឆ្លើយយ៉ាងខ្លីថា ចំនួន នៃការស្លាប់ របស់សត្វផ្សោតឆ្នាំ ២០១១ មានការថយចុះ បើប្រៀបធៀបឆ្នាំ២០១០ ។

បើតាមលោក ណៅ ធួក ឆ្នាំ២០១១ ផ្សោតទាំងតូច ទាំងធំ ងាប់ចំនួន ៤ ក្បាលប៉ុណ្ណោះ ។ ប៉ុន្តែថា បើផ្សោត ១ ក្បាលកើតកូន១២ ងាប់តែ ៤ ក្បាលនោះ មានន័យថា ផ្សោតមានការកើនឡើង ។

ទាក់ទងចំនួនសត្វផ្សោតនេះដែរ  ប្រធានអង្គការ WWF ប្រចាំកម្ពុជា លោក សេង ទៀក បានអះអាងថា សត្វផ្សោត នៅតាមដង ទន្លេមេគង្គកម្ពុជា អាចមានមិនដល់ ១០០ ក្បាលទេ បើទោះមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលអះអាងថា អាចមានលើសពី ១០០ ក្បាល បែបណាក៏ដោយ ។

ប្រធានរដ្ឋបាល ជលផល ណៅ ធួក បានគូសបញ្ជាក់ ក្នុងសិក្ខាសាលានោះថា សត្វផ្សោតកំពុងដើរតួ យ៉ាងសំខាន់ ក្នុងការទាក់ ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ក្នុងការបង្កើនជីវភាពរស់នៅ តាមរយៈការ លក់វត្ថុអនុស្សាវរីយ៍ ការដឹកជញ្ជូនភ្ញៀវទេសចរ ទស្សនាផ្សោត និងទស្សនាធម្មជាតិ ដ៏ស្រស់ស្អាត នៃខេត្តទាំងពីរខាងលើ។

មន្រ្តីជំនាញ ដែលបានចូលរួម សិក្ខាសាលា បានអំពាវនាវឱ្យរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំអស់ រួមគ្នាការពារ សត្វផ្សោត ឱ្យបានគង់វង្ស ទុកជាបេតិកភណ្ឌ របស់ប្រទេសកម្ពុជា ។

យ៉ាងណាក៏ដោយ ក្នុងកិច្ចខិតខំប្រឹងប្រែង អភិរក្សសត្វផ្សោត ឱ្យមាននិរន្តរភាព ក្នុងទន្លេមេគង្គ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត អនុក្រឹត្យមួយ ដើម្បីដាក់បញ្ចូល សត្វផ្សោតទន្លេមេគង្គ ចូលទៅក្នុង បញ្ជីឈ្មោះនៃសត្វ ដែលកំពុងរងគ្រោះចំនួន ៥៨ ប្រភេទ ឲ្យ ស្ថិតនៅក្រោមការការពារ យ៉ាងតឹងរ៉ឹងបំផុត ៕

ដកស្រង់ពីគេហទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]