ភ្នំពេញ ៖ យុវជនម្នាក់ ដែលធ្វើដំណើរជា មួយនិងគូដណ្ដឹង ទៅប៉ុស្ដិ៍នគរបាល ដើម្បីផ្ដិត មេដៃ ក្នុងលិខិតរៀប អាពាហ៍ពិពាហ៍ ពេល ព្រឹកមុននឹងចូល រោងការ នៅពេលល្ងាចនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ធ្វើការឃាត់ខ្លួន យោងទៅតាមដីការបស់តុលាការ ដែល ចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនា ដោយ ករណី ឃាត់ខ្លួនខាងលើនេះ បាន ប្រព្រឹត្ដទៅនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២ កន្លងទៅនេះ នៅនឹងប៉ុស្ដិ៍នគរបាលឃុំបឹង មាលា ស្រុកស្វាយលើ ខេត្ដសៀមរាប ។

កូនកំលោះដែលត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន ខានចូលរោងការខាងលើនេះ ត្រូវបាន គេស្គាល់ឈ្មោះហ៊ាន សុពិន អាយុ២៤ឆ្នាំ មាន មុខរបរធ្វើស្រែរស់នៅ ភូមិស្វាយ ជ័យ ឃុំ ត្រញំងធំ ស្រុកស្វាយលើ ខេត្ដសៀមរាប។ ចំណែកកូនក្រមុំ ដែលខកខានរៀបមង្គលការ ដោយសារតែសមត្ថកិច្ចចាប់កូនកំលោះនេះ ត្រូវបានគេ ស្គាល់ឈ្មោះទុំ ស្រីនីន អាយុ២០ ឆ្នាំ មានមុខរបរធ្វើស្រែដូចគ្នា មានទីលំនៅ ភូមិសក្ដា ឃុំបឹងមេលា ស្រុកស្វាយលើ ខេត្ដ សៀមរាប ។
ទាក់ទិនទៅនឹងករណីឃាត់ខ្លួនកូនកំលោះ ខាងលើ ធ្វើឱ្យផ្អាកពិធីមង្គលការនៅក្នុងថ្ងៃ ចូលរោងនោះ ស្ដ្រីឈ្មោះស្មោញ ណាត ដែល ត្រូវជាម្ដាយកូនក្រមុំ បានរៀប រាប់ឱ្យដឹងថា រវាងកូនក្រមុំខ្លួន និងកូនកំលោះដែលសមត្ថ កិច្ចឃាត់ខ្លួន គឺបានស្រឡាញ់គ្នាជាយូរមក ហើយ តាំងពីរដូវច្រូតឆ្នាំមុនមកម្ល៉េះ ហើយ បន្ទាប់ពីអង្កេតពី អត្ដចរិត និងស៊ើបប្រវត្ដិរួច មក ក៏បានអនុញ្ញាតឱ្យឪពុកម្ដាយខាងប្រុស ចូលស្ដីដណ្ដឹង ដើម្បីរៀបមង្គលការទៅតាម ប្រពៃណី ។ ក្រោយព្រមព្រៀងគ្នាហើយ ក៏ រត់ការសុំសំបុត្ររៀបអាពាហ៍ពិពាហ៍ តាំងពី ភូមិដល់ឃុំ ដើម្បីរៀបអាពាហ៍ពិពាហ៍នៅ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ ។ ប៉ុន្ដែ ដោយសារតែបុុណ្យចូលឆ្នាំ ស្មៀនឃុំមិន នៅ ទើបមិនបានបោះត្រានៅលើលិខិតសុំរៀប អាពាហ៍ពិពាហ៍នោះ ។ លុះថ្ងៃកំណត់បានមក ដល់ ក៏បានរៀបចំទៅតាមប្រពៃណី ស្រាប់ តែនៅព្រឹកថ្ងៃចូលរោង មានមន្ដ្រីនគរបាល បានមកហៅកូនកំលោះកូនក្រមុំ ឱ្យធ្វើដំណើរ ទៅកាន់ប៉ុស្ដិ៍នគរបាល ដោយគេនិយាយថា ទៅផ្ដិតមេដៃលើសំបុត្ររៀបអាពាហ៍ពិពាហ៍ ។

ពេលកូនកំលោះកូនក្រមុំទៅដល់ ស្រាប់តែ មន្ដ្រីនគរបាល ធ្វើការឃាត់ខ្លួនកូនកំលោះ ដោយអះអាងថា ធ្វើទៅតាមដីកាបង្គាប់ឱ្យ នាំខ្លួន ដែលចេញដោយ តុលាការខេត្ដ ដោយ ចោទពីបទបង្ករបួសស្នាមដោយចេតនា នា ពេលកន្លងមក តែគេមិនដឹងថា សំណុំរឿង ខាងលើនេះ កើតឡើងតាំងពីពេលណានោះ ទេ ហើយប្រគល់ខ្លួនទៅឱ្យនគរបាលស្រុក សូទ្រនិគមតែម្ដងទៅ ។

ពាក់ព័ន្ធទៅនឹងការឃាត់ខ្លួន កូនកំលោះ ខានចូលរោងការខាងលើនេះ សាច់ញាតិខាង កូនក្រមុំបាននាំគ្នាធ្វើការរិះគន់សមត្ថកិច្ចថា គ្មានយោគយល់ ទោះបីជាពួក ខ្លួនធ្វើការអង្វរ ក សុំឱ្យរៀបចំពិធីមង្គលការរួចរាល់សិនក៏ មិនបានដែរ ទោះជាកូនក្រមុំលើកដៃសំពះ អង្វរក៏មិនព្រម ដែលចំណាត់ការនេះ បានធ្វើ ឱ្យខាងកូនក្រមុំរង នូវការខាតបង់រាល់ការ ចំណាយ ក្នុងការចាយវាយទៅលើពិធីមង្គល ការខាងលើនេះ រួមទាំងថ្លៃម្ហូបការ និងចំ ណាយផ្សេងៗទៀតផងដែរ៕

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]