ខេត្តបន្ទាយមានជ័យ ៖ ជន សង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាល ក្រុងសិរីសោភ័ណ ធ្វើការចាប់ឃាត់ខ្លួន នៅវេលាម៉ោង ៨និង២៥នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិ ក្នុងការិយាល័យអគ្គិសនីខេត្ត  ។

អធិការនគរបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍ត្រី ស៊ីវ សុជាតិ បានឲ្យដឹងថា ជនសង្ស័យ ត្រូវចាប់ឃាត់ខ្លួន ឈ្មោះ អែម ប្រណី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា នៅវេលាម៉ោង២រំលងអាធ្រាត ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ជនសង្ស័យបានធ្វើសកម្មភាព លួចចូលទៅក្នុង ការិយាល័យអគ្គីសនីខេត្ត ក្នុងគោលបំណងលួចយកទ្រព្យសម្បត្តិ ក្នុងការិយាល័យ ប៉ុន្តែត្រូវបានកម្លាំងសន្តិសុខ អគ្គីសនីភ្ញាក់ទាន់ និងបានស្រែកឆោឡោ ព្រមទាំងដេញចាប់ប្រផាប់ប្រភីង ដោយជនសង្ស័យ មានកាន់អង្រែបុកគ្រឿង នៅនឹងដៃ បានគំរាមដល់ពួក សន្តិសុខថា អ្នកណាហ៊ានចូលគេនឹងវាយ ពេលនោះសន្តិសុខ បានកាន់ដំបងស្ទុះ ទៅវាយ ត្រូវក្បាល ជនសង្ស័យ១ដំបង បណ្តាលឲ្យបែកក្បាល ទើបចាប់ខ្លួន បានយកមកប្រគល់ ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល កំពង់ស្វាយ ។ បន្ទាប់មកសមត្ថកិច្ច នគរបាលកំពង់ស្វាយ បាននាំជនសង្ស័យទៅព្យាបាល រួចនាំយកមកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។

ដោយមានការសម្របសម្រួលពីលោក ផាន់ ភីរម្យ ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបនៅវេលាម៉ោង ៨និង២នាទីព្រឹកថ្ងៃដដែល កម្លាំងនគរបាលក្រុង ធ្វើការចាប់ឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]