រាជធានីភ្នំពេញ ៖ តារាចម្រៀងយេៗ និយមចូលចិត្តសំញែងដើមទ្រូង ប៊ុន ផៃលីន បានលក់ផ្ទះល្វែង ដែលជាចំណងដៃគូស្នេហ៍ ជាបុរសអាណិកជនអូស្ត្រាលី វ័យជាង៥០ឆ្នាំនោះហើយ ដើម្បីចែកលុយគ្នាពាក់កណ្តាល ។ ការលក់ផ្ទះចែកប្រាក់គ្នា ពាក់កណ្តាលម្នាក់ របស់តារាចម្រៀងវ័យជាង ២០ឆ្នាំ ប៊ុន ផៃលីន ធ្វើឡើងបន្ទាប់ពីចំណងស្នេហ៍ ជាមួយបុរសអាណិកជនអូស្ត្រាលី ដែលបានអូសបន្លាយពេល ជាងកន្លះឆ្នាំកន្លងមក ឈានដល់ផ្លូវបំបែក បន្ទាប់ពីការរស់នៅជាមួយគ្នាទាំងរកាំរកូស ។

ចំណងស្នេហ៍មិនសមតាមបំណង សម្រាប់តារាចម្រៀងដែល មានប្រភពមកពីខេត្តតាកែវរូបនេះ មិនមែនកើតឡើងតែម្តងនេះឡើយ ពោលនាងតែងតែពើបប្រទះបញ្ហាបែបនេះជាច្រើនដង ។ ជាថ្មីម្តងទៀត ក្រោយពីត្រឡប់មកពីសម្តែងនៅប្រទេសបារាំងវិញកាលពីពេល ថ្មីៗនេះ ស្រាប់តែ ប៊ុន ផៃលីន ផ្ទុះរឿងបែកបាក់ស្នេហ៍ជាមួយបុរសអាណិកជនអូស្ត្រាលី ដែលផ្ចុងផ្តើមនាងឱ្យខ្ពស់មុខខ្ពស់មាត់នៅក្នុងសង្គមសិល្បៈនោះ ។ ការផ្តាច់ចំណងស្នេហ៍នេះហើយ ដែលជាមូលហេតុចម្បងធ្វើឱ្យ ប៊ុន ផៃលីន សម្រេចចិត្តលក់ផ្ទះមួយល្វែងនៅម្តុំគីឡូម៉ែត្រលេខ៧ ដើម្បីយកប្រាក់នោះចែកគ្នាពាក់កណ្តាលជាមួយបុរសខ្មែរអាណិកជនរូប នោះ ។

ពាក់ព័ន្ធបញ្ហានោះ តារាចម្រៀងដែលមានយីអ៊ុនច្រើននៅឯក្រៅប្រទេស ប៊ុន ផៃលីន បានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៣ថា នាងពិតជាបានផ្តាច់ការទាក់ទងជាមួយបុរសអាណិកជនខ្មែរអូស្ត្រាលី មែន ហើយផ្ទះដែលនាងបានទិញដាក់ឈ្មោះរួមគ្នាជាមួយបុរសរូបនោះក៏បាន លក់  ដែរ ។ កាលពីនាងនៅទាក់ទងជាមួយបុរសនៅអូស្ត្រាលីរូបនោះ គឺគេបានទិញផ្ទះឱ្យនាងមួយល្វែងមានតម្លៃជាង៨ម៉ឺនដុល្លារ អាមេរិក ហើយដាក់ឈ្មោះទាំងពីរនាក់ ។

ក្រោយពីរស់នៅមិនចុះសម្រុងគ្នា និងមិនយល់ចិត្តគ្នា ប៊ុន ផៃលីន សម្រេចកាត់ផ្តាច់ចំណងស្នេហ៍ជាមួយបុរសរូបនោះ ហើយដើម្បីកុំឱ្យជំពាក់វាក់វិនជាមួយគ្នាបន្តទៀត នាងបានលក់ផ្ទះមួយនោះបានតម្លៃជាង៧ម៉ឺនដុល្លារអាមេរិក ដើម្បីចែកគ្នាពាក់កណ្តាលម្នាក់ ។ ការសម្រេចចិត្តលក់ផ្ទះ ក៏ជាតម្រូវការរបស់បុរសខ្មែរអូស្ត្រាលីរូបនោះផងដែរ ខណៈពេលនាងក៏ចង់បានផ្ទះថ្មីមួយដែលមានឈ្មោះតែនាងម្នាក់ដែរនោះ ។

ប៊ុន ផៃលីន មិនបានបញ្ជាក់ច្បាស់លាស់ពីមូលហេតុនៃការឈានដល់ការបែកបាក់ ជាមួយបុរសអាណិកជនខ្មែរអូស្ត្រាលីនោះឡើយ ដោយនាងគ្រាន់តែបង្ហើបប្រាប់ដោយខ្លីថា «មូលហេតុនៃការបែកបាក់នេះដោយសារតែបុរសរូបនោះមិនអាចបំពេញ លក្ខខណ្ឌរបស់នាងចំនួន៣» ។ នាងនិយាយថា «គាត់មិនអាចបំពេញលក្ខខណ្ឌចំនួន៣សម្រាប់ខ្ញុំ ដោយបូករួមទាំងការហាមឃាត់ខ្ញុំមិនឱ្យប្រឡូកក្នុងសិល្បៈបន្តទៀត ផងដែរ ទើបខ្ញុំគិតថា យើងទាំងពីរនាក់មិនអាចរស់នៅជាមួយគ្នាបន្តទៀតឡើយ ។ ទោះជាយ៉ាងណាក្តី ក្រោយការបែកបាក់ហើយនោះ គាត់ក៏នៅតែព្យាយាមទូរស័ព្ទមករកខ្ញុំដដែល ប៉ុន្តែខ្ញុំមិនអាចទទួលយកបានឡើយ ព្រោះវាហាក់ដូចជាសាំណាស់ទៅហើយ» ។

ក្រោយពីកាត់ផ្តាច់ចំណងស្នេហ៍ពីបុរសខ្មែរ អូស្ត្រាលីរួចមក ប៊ុន ផៃលីន បានបង្ហើបឱ្យដឹងថា មានបុរសជាច្រើនរួមទាំងឧកញ៉ាផងដែរ ទាក់ទងជាមួយនាង តែនាងបដិសេធ ដោយសារតែពេលនេះនាងចង់នៅម្នាក់ឯងមួយរយៈ ដើម្បីព្យាបាលរបួសបេះដូងដែលគ្រាំគ្រាជាបន្តបន្ទាប់កន្លងមកនេះ ។

ប៊ុន ផៃលីន ជាតារាសម្តែង និងចម្រៀងម្នាក់ដែលគេចាត់ទុកជាតារាសិចសុីក្នុងចំណោមតារាស្រី មួយចំនួនទៀតផងដែរ ។ ភាពសិចសុីនេះជាហេតុធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងស្ទុះងើបយ៉ាង លឿន បើទោះជានាងទើបតែបោះជំហានចូលពិភពសិល្បៈពីរបីឆ្នាំក៏ដោយ ។ ភាពជោគជ័យរបស់ផៃលីន ភាគច្រើនគឺការសម្តែងឱ្យផលិតកម្មនៅក្រៅស្រុក ៕









បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]