រាជធានីភ្នំពេញ ៖ ​បុរស​​ស្រវឹង​​ម្នាក់​​បាន​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SUZUKI BEST ពណ៌​ក្រហម ​​ទៅ​បុក​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង​​បើក​បរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​​ បញ្ច្រាស​ទិស​​គ្នា​​ ហើយ​ម្ចាស់​​ម៉ូតូ​បង្ក​មិន​​ព្រម​​និយាយ​រក​ខុស​រក​​ត្រូវ​នោះ​ទេ ​បែរ​ជា​ស្ទុះ​ទៅ​វាយ​​ម្ចាស់​ម៉ូតូ​ស្គូពី​ថែម​ទៀត បណ្តាល​ឱ្យ​បែក​ចិញ្ចើម​ខាង​ឆ្វេង និង​ភ្លាមៗ​នោះ​​ប្រជា​ពលរដ្ឋ​ឃាត់​ខ្លួន​ជន​ដៃ​ដល់​​ទុក​ប្រគល់​ជូន​​ ប៉ូលិស ប៉ុន្តែ​​ប៉ូលិស​មិន​ទទួល​ទេ ធ្វើ​ឱ្យ​​ជន​ដៃ ដល់​រត់​បាត់​ ។ ចំណែក​​ប៉ូលិស​​ចរា​ចរ​និយាយ​ថា ​ខ្លួន​អត់​មាន​​សិទ្ធិ​ឃាត់​មនុស្សទេ ​គឺមាន​សិទ្ធិ​ឃាត់​​តែ​យាន​យន្ត​ប៉ុណ្ណោះ ។

ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​​​ កាលពីវេលា​ម៉ោង​​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​១៩ មេសា ២០១២ ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ។ យោង​តាម​សម្តី​​របស់​ជន​រង​គ្រោះ​​ឈ្មោះ​សែម ​ធឿង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​ស្នាក់​នៅ​ភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​ខ្លួនបើក​​ម៉ូតូ​​ម៉ាក​ស្គូពី​ពណ៌ស ​ពី​កើត​ទៅ​លិច​បញ្ច្រាស​​ផ្លូវ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​​ក៏ត្រូវ​ម៉ូតូ​ SUZUKI BEST ពណ៌​ក្រហម​ បើក​បរ​ដោយ​បុរស​ម្នាក់​ទំនង​ជា​ស្រវឹងផង​មក​បុក​គាត់​ចំពី​មុខពេញទំហឹង បណ្តាល​ឱ្យ​​ម៉ូតូ​​ទាំង​សង​ខាង​រង​ការ​ខូច​ខាត​បន្តិច​បន្តួច​ តែភ្លាមៗ​នោះ​​ម្ចាស់​​ម៉ូតូ SUZUKI BEST មិន​​ព្រម​សួរ​រក​ខុសត្រូវ​ទេ បែរ​ជា​​ស្ទុះ​មក​​វាយទាំង​កំរោល បណ្តាល​​ឱ្យ​​គាត់​បែក​ចិញ្ចើម​​ខាងឆ្វេង​បន្តិច ។​ ខណៈនោះ​​ស្ត្រី​ម្នាក់​ដែល​​ជា​អ្នក​លក់​បង្អែម​​​នៅ​ក្បែរ​នោះ​​ឃើញ​​បាន​​ រត់​​ទៅ​ឃាត់​ក៏ត្រូវ​បុរស​ម្នាក់​នោះ​វាយ​មួយ​ដៃ​ចំ​កណ្តាល​មុខ​ទៀត ។

ព័ត៌​មាន​លំអិតនឹ​ង​​ផ្សាយជូន​នៅពេលក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]