ភ្នំពេញៈ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោស តារាកំប្លែងនាង ជួន ចាន់រតនា ហៅ ក្អយ ពីបទឆបោក រថយន្តជាច្រើនគ្រឿង និងចេញមូលប្បទានប័ត្រ អត់សាច់ប្រាក់ឲ្យជាប់ពន្ធនា គាររយៈពេល៣ឆ្នាំកន្លះ និងបង្គាប់ឲ្យសងប្រាក់មួយចំនួន ទៅដើមបណ្តឹងវិញនោះ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣នេះ នាង ក្អយ បានធ្វើដំណើរមកកាន់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងបានមក បកស្រាយទទួលស្គាល់ កំហុសដែលនាងបាន ប្រព្រឹត្តនិងស្នើសុំ ឲ្យម្ចាស់បណ្តឹងសុំពន្យាពេល ដើម្បី ឲ្យនាង រកប្រាក់សងរំលោះជាបន្តបន្ទាប់។

នៅចំពោះមុខអ្នកសារព័ត៌មាន តារាកំប្លែងដែលធ្លាប់ តែមានវោហារស័ព្ទមិនចេះ រីកស្ងួតនាងក្អយ បានបរិយាយទទួលស្គាល់កំហុសថា នាងពិតជាបានប្រព្រឹត្តិករណី ឆបោកពិតមែន ក៏ប៉ុន្តែនាងក៏ជាជនរងគ្រោះដែរ ខណៈរថយន្តដែលនាងបានជួល យកទៅនោះ ហើយមានគេជួលបន្តពីនាងទៀត គេក៏ស៊ីដាច់បោកប្រាសបន្តពីនាង ធ្វើឲ្យនាងត្រូវវ័ន្តករពីមួយទៅ មួយរហូតមកដល់ពេលនេះ។

ក្អយនិយាយថា “ខ្ញុំក៏ជាជនរងគ្រោះដែរ ពេលខ្ញុំជួលរថយន្តមកខ្ញុំបានជួលបន្តទៅឲ្យអ្នកផ្សេងទៀត ស្រាប់តែពេលមានបញ្ហា បែរជាគេយករួចខ្លួន ខ្ញុំមិនដែលគេចវេសក្នុងការទទួលខុសត្រូវទេ គ្រាន់តែលទ្ធភាពរបស់ខ្ញុំ មិនទាន់អាចសងបានទាំងអស់ ក្នុងពេលតែមួយ....។ ប៉ុន្តែខ្ញុំកំពុងតែស្វែងរកឱកាស ចេញទៅរកស៊ីសងដើមបណ្តឹងទាំងអស់ ដែលបានប្តឹងខ្ញុំ”។

ក្អយបានបន្តទៀតថា “អ្វីដែលជាឆន្ទៈក៏ដូចជាការទទូចរបស់ខ្ញុំ ដល់ដើមបណ្តឹងទាំងអស់គឺសុំជួយ សម្រួលក្នុងការសងលុយ និងទុកពេលវេលាសម្រាប់ខ្ញុំសង ខ្ញុំមិនដែលគេចវេសថាខ្ញុំមិនសងគាត់នោះទេ និងសុំបញ្ឈប់ការគុំគួនប្តឹងផ្តល់គ្នាតទៅទៀត យើងគួររិះរកមធ្យោបាយក្នុងការសង ខ្ញុំដឹងថាអាចមានការប៉ះពាល់ អារម្មណ៍ខ្លះៗដល់ម្ចាស់បណ្តឹង ដែលគាត់បាត់បង់របស់ទ្រព្យ បែរជាត្រូវមកយកការរំលោះ បន្តិចម្តងៗរាល់ខែបែបនេះ.... ”។

ទោះបីជាយ៉ាងណា កន្លងមកនាងបានធ្លាប់បកស្រាយ ម្តងជាពីដងរួចមកហើយ ប៉ុន្តែហាក់គ្មាន ប្រសិទ្ធភាព ព្រោះអ្នកផ្សេង ដែលពាក់ព័ន្ធ ជាមួយក្នុងរឿងនេះ តែងតែយករួចខ្លួន ធ្វើឲ្យបន្ទុកនេះ នៅលើនាងម្នាក់ឯងជាអ្នករែកពន់ ។

ខណៈដែលនាង ក្អយ ត្រូវបានសាលក្រមសម្រេចផ្តន្ទាទោស និងកំពុងស្វែងរកចាប់ខ្លួន គ្រប់ជ្រកល្ហកនៅពេលនេះ នាងក៏បានទទូចអង្វរ ដល់តុលាការក៏ដូចជាម្ចាស់ បណ្តឹងមេត្តាយល់ អធ្យាស្រ័យខ្ពស់ដល់នាង ។ ជាមួយគ្នានេះរូប នាងកំពុងតែរកមេធាវីថ្មី ដើម្បីដាក់ពាក្យ បណ្តឹងទៅសាលាឧទ្ធរណ៍ដោះស្រាយបន្តទៀត ។

យ៉ាងណាមិញ នាង ក្អយ បានបដិសេធថា នាងមិនបាន ជាប់ពាក់ព័ន្ធនិងការលេងល្បែង ស៊ីសងរហូតដល់ថ្នាក់យក រថយន្តគេ ទៅលក់មួយគ្រឿង ហើយគ្រឿងទៀតនោះទេ។ មួយវិញទៀតពាក់ព័ន្ធជាមួយ នឹងការចេញ មូលប្បទានប័ត្រអត់សាច់ប្រាក់ គឺដោយសារតែ រូបនាងបានចាញ់កល អ្នកជួលរថយន្តបន្ត ដែលបង្ខំឲ្យនាងធ្វើបែបនេះក្នុង រូបភាពមួយឲ្យមានទំនុកចិត្ត តែទោះបីជានាងប្រាប់គេថាគ្មាន លុយតម្កល់ក្នុងធនាគារ ក៏ភាគីម្ខាងទៀតនៅតែទាមទារ ឲ្យនាងចេញសែក ឥតសាច់ប្រាក់ ក្នុងន័យយកទៅបន្លំភ្នែកអ្នកដទៃ។

ទោះជាយ៉ាងណារហូតមកដល់ពេលនេះ បើសរុបពីខ្ទង់ថវិកាដែលនាងនៅ ជំពាក់ក្នុងបទឆបោកនេះ គឺប្រហាក់ប្រហែល ពី៣ទៅ៤ម៉ឺន ដុល្លារ និងនៅម្ចាស់បណ្តឹងចំនួន៤ នាក់ផ្សេងទៀតដែល ត្រូវចរចាក្រៅប្រព័ន្ធតុលាការ៕







ដោយ៖ lookingTODAY

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]