ខេត្តតាកែវ ៖ ជនទំនើង៤នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ ការទៅតាមច្បាប់ឱ្យសមទៅនឹងទោសកំហុសរបស់ពួកគេ ដែលបានផឹកស៊ីស្រវឹង ហើយជិះម៉ូតូ២គ្រឿងឌុបគ្នាទៅបុកម៉ូតូលោកអធិការរងស្រុក ដែលកំពុងជិះល្បាតនៅតាមបណ្តោយផ្លូវជាតិលេខ៣ រួចបានព្រួតគ្នាវាយទាំងកំរោលបណ្តាលឱ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ថ្ងៃទី១៥ មេសា វេលាម៉ោង៤និង៣០នាទីរសៀល ស្ថិតនៅលើផ្លូវជាតិលេខ៣ មុខផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ។
លោក ញ៉ែម សឿន អធិការនគរបាលស្រុកត្រាំកក់ ឱ្យដឹងថា ជនទំនើងទាំង៤នាក់នោះ ១-ឈ្មោះ ជួប លក្ខិណា ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះ ឌុក ចាន់ថន ភេទប្រុស អាយុ៣២ឆ្នាំ ៣-ឈ្មោះ សំ សារេ៉ត ភេទប្រុស អាយុ៣១ឆ្នាំ និង ៤-ឈ្មោះ ជួប សំណាង ភេទប្រុស អាយុ២៩ឆ្នាំ ទាំង៤នាក់នេះរស់នៅក្នុងភូមិព្រៃឈើទាល ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ។ រីឯជនរងគ្រោះគឺលោកអនុសេនីយ៍ឯក យី វណ្ណា អធិការរងនគរបាលស្រុក បានរងរបួសធ្ងន់ ។
លោកអធិការស្រុកបន្តទៀតថា មុនពេលកើតហេតុ លោកអធិការរង ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋាន បានជិះម៉ូតូ១គ្រឿងល្បាត និងរៀបចំសណ្តាប់ធ្នាប់ខាងមុខផ្សារអង្គតាសោម ដើម្បីឱ្យរថយន្ត ឬម៉ូតូធ្វើដំណើរទៅមកបានស្រួលក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយសារនៅតាមបណ្តោយផ្លូវជាតិលេខ៣ មានអ្នកធ្វើដំណើរទៅមកច្រើន ។ ពេលនោះជនល្មើសបានជិះម៉ូតូមកបុកម៉ូតូលោកអធិការរងបណ្តាលឱ្យ ដួលទាំងអស់គ្នា ហើយក៏មានម៉ូតូបក្សពួករបស់គេជិះឌុបគ្នាមក១គ្រឿងទៀតមកដល់ ដែរ ក៏ បាននាំគ្នាដោះកញ្ចក់ម៉ូតូព្រួតវាយទៅលើលោកអធិការរងបណ្តាលឱ្យរង របួសយ៉ាងដំណំ តែដោយសារមានកម្លាំងអន្តរាគមន៍ទៅជួយទាន់កុំអីលោកអធិការរងរូបនោះ មិនដឹងទៅជាយ៉ាងនោះទេ ។
សាក្សីនៅខាងមុខផ្សារអង្គតាសោមជាច្រើននាក់បាន និយាយថា ជនទាំង៤នាក់នេះ មិនដឹងជាអាងអីទេ សូម្បីតែប៉ូលិសក៏ពួកគេហ៊ានព្រួតគ្នាវាយ និងជេរប្រមាថយ៉ាងចាស់ដៃដែរ ។ក្រោយពេលឃាត់ខ្លួនកសាងសំណុំរឿង នៅថ្ងៃទី១៧ មេសា ប៉ូលិសបានបញ្ជូនជនទាំង៤នាក់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ហើយក៏មានព័ត៌មានថា បងប្អូនជនសង្ស័យកំពុងរត់ការទៅតុលាការឱ្យដោះលែង ដោយម្នាក់នៅកូរ៉េ ម្នាក់នៅថៃ ៕
ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]