យោងទៅតាមប្រភពព័ត៌មាន BBC របស់អង់គ្លេស ដែលបានចេញផ្សាយ នាពេលកន្លងទៅ បានឲ្យដឹងថា សន្លឹកក្រដាសដំបូងបំផុត ដែលរាយនាម កីឡាករបាល់ទាត់ ជម្រើសទីមួយ របស់គ្រូបង្វឹក លោក Sir Alex Ferguson ដែលបានដឹកនាំ ក្លឹប Manchester United ត្រូវបានដាក់លក់ដេញថ្លៃ និង ត្រូវបានគេទិញ ក្នុងតម្លៃ ១៩,០០០ ផោន (២៨,៦៣៨ $) ។

វាជាសន្លឹកក្រដាសផ្លូវការមួយ សរសេរដោយដៃ ដែលជាបញ្ជីឈ្មោះ របស់កីឡាករ ដែលត្រូវបានជ្រើសរើស អោយចូលលេង ជម្រើសដំបូង ហើយក៏ជាការប្រកួត លើកដំបូងបំផុតផងដែរ របស់ គ្រូបង្វឹក លោក Sir Alex Ferguson ក្នុងឆ្នាំ ១៩៨៦ នៅទឹកដី របស់ក្លឹប Oxford United ដោយក្លឹបរបស់លោក បានចាញ់ក្នុងលទ្ធផល ២-០។

បញ្ជីរាយនាម កីឡាករជម្រើសដំបូងនេះ ត្រូវបានចុះហត្ថលេខា ដោយលោក Ferguson ផ្ទាល់ ហើយវាក៏ជាក្រដាសផ្លូវការ នាពេលនោះផងដែរ សំរាប់យកទៅជូន អ្នករៀបចំការប្រកួត និង សំរាប់យកទៅបិទលើជញ្ជាំង នៅក្នុងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ របស់កីឡាករ។ ក្រោយមក ក្រដាសរាយនាម កីឡាករជម្រើសដំបូង មួយសន្លឹកនេះ ត្រូវបានអតីតកីឡាករ Peter Rhoades-Brown ដែលលេងអោយក្លឹប Man Utd នាពេលនោះ ជូនដល់ ប្រិយមិត្តគាំទ្រម្នាក់។

គួរបញ្ជាក់ផងដែរថា លោក Sir Alex Ferguson ទើបតែបានចូលនិវត្តន៍ កាលពីខែឧសាភា កន្លងទៅនេះ ក្នុងអាយុ ៧១ឆ្នាំ ដែលគាត់ជាគ្រូបង្វឹក ដ៏អស្ចារ្យមួយរូប ដែលបានដឹកនាំក្លឹប Man Utd អស់រយៈពេល ២៦ឆ្នាំ និង ឈ្នះពានរង្វាន់ បានចំនួន ៣៨។

យ៉ាងណាមិញ សំរាប់ការដាក់ដេញថ្លៃនេះ រៀបចំដោយលោក Andrew Aldridge នៅក្នុងក្រុង Devizes ប្រទេសអង់គ្លេស ហើយត្រូវបានគេរំពឹងទុកថា នឹងអាចលក់បាន ក្នុងតម្លៃប្រមាណជា ៣០០០ផោន ប៉ុណ្ណោះ ប៉ុន្តែអ្វីៗបានលើសពីការស្មាន ដោយអាចលក់បាន លើសតម្លៃគ្រោងទុក រាប់សិបដង ព្រោះតែទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មនុស្សជាច្រើន នៅជុំវិញពិភពលោក។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះតម្លៃនៃការលក់នេះ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]