ភ្នំពេញ៖ ក្រោយសង្រ្គាមដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំ ភ្នក់ភ្លើងសង្រ្គាម បានបន្សល់នូវការឈឺចាប់ និងផលលំបាកជាច្រើន សម្រាប់សង្គមកម្ពុជា ជាមួយគ្នានេះកុមារកំព្រា និងក្មេងអនាថា ដែលខ្វះទីពឹងក៏មានច្រើនផងដែរ កំពុងដង្ហោយ ស្វែងរកជំនួយសប្បុរសធម៌ ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

ដោយមើលឃើញនូវបញ្ហា និងផលលំបាករបស់ក្មេងកំព្រា និងក្មេងទីទ័លក្រ ក៏ដូចជាឈរលើស្មារតីខ្មែរស្រឡាញ់ ខ្មែរ ខ្មែរជួយខ្មែរ ដេប៉ូចែកចាយស៊ីមទូរស័ព្ទគ្រប់ប្រភេទ «ភូមិខ្មែរ» បានយកប្រាក់ចំណេញរបស់ខ្លួនជួយឧបត្ថម្ភ ដល់សមាគម «ចលនាវប្បធម៌ជាតិ ដើម្បីកុមារកំពា្រ កុមារក្រីក្រ» របស់តារា កំប្លែងហ៊្វុយសូ រយៈពេល៥ឆ្នាំ ដោយ មានទឹកប្រាក់រហូតដល់ទៅ ៦ពាន់ដុល្លារ។

បើតាមលោក ប៉ិច រដ្ឋា ម្ចាស់ដេប៉ូភូមិខ្មែរ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ដេប៉ូភូមិខ្មែរចែក ចាយលេខទូរស័ព្ទរបស់លោក បានបើកដំណើរការរយៈពេល១០ឆ្នាំមកហើយ។ ជាមួយគ្នានេះ ដេប៉ូ ចែកចាយ លេខទូរស័ព្ទ ក៏បានបំពេញបេសកម្មមនុស្សធម៌ជាច្រើន ដោយបានយកប្រាក់ចំណេញមួយភាគធំទៅឧបត្ថម្ភដល់ ជនក្រីក្រ កុមារកំព្រា ក៏ដូចជាជនពិការជាដើម។

លោក ប៉ិច រដ្ឋា បានបន្តឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១៣នេះ ដោយក្តីអាណិតអាសូរ និងឃើញពីផលលំបាក របស់កុមារកំព្រា និងទីទ័លក្រ ដែលកំពុងរស់នៅ និងរៀនសូត្រក្នុងសមាគម «ចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ» របស់តារាកំប្លែងជើងចាស់ លោក ស៊ូ សាវ៉ាង ហៅលោកតា ហ្វ៊ុយសូ ភូមិខ្មែរចែកចាយលេខទូរស័ព្ទ បានសម្រេចជួយឧបត្ថម្ភថវិកាមួយឆ្នាំ ១.២០០ដុល្លារ រយៈពេល៥ឆ្នាំ សរុប៦ពាន់ដុល្លារ។

កុមារកំពា្រនៅក្នុងសមាគមរបស់លោកតា ហ៊្វុយសូ បានសម្តែងនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណដល់ «ភូមិខ្មែរ ដេប៉ូចែកចាយលេខទូរស័ព្ទ» ក៏ដូចជាសប្បុរសជនានា ដែលតែងតែជួយដល់សមាគមរបស់ពួកគេ ប្រកបដោយទឹកចិត្តសប្បុរស និងឆន្ទៈ។

លោកតា ហ៊្វុយសូ នាយកប្រតិបត្តិសមាគម «ចលនា វប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ» បានឲ្យដឹងថា សមាគមរបស់លោកបានបង្កើតឡើងតាំងពីឆ្នាំ២០០២ ហើយនាពេលបច្ចុប្បន្នមានកុមារកំព្រា និងទីទ័លក្រខ្វះ ទីពឹងចំនួន ២៩នាក់ កំពុងរស់នៅ និងសិក្សា ក្រោមការផ្គត់ផ្គង់ទាំងស្រុងពីសមាគម។

លោក ហ៊្វុយសូ បានឲ្យដឹងថា ក្នុងមួយខែសមាគមរបស់លោកត្រូវចំណាយថវិការហូតដល់ទៅ ១៣០ដុល្លារ លើ ថ្ងៃម្ហូបអាហារ និងការសិក្សា របស់ក្មេងៗ ព្រមទាំងការចំណាយផ្សេងៗនៅក្នុងសមាគម។

ជាមួយនិងបន្ទុកដ៏ធ្ងន់ធ្ងរនេះ លោកតា ហ៊្វុយសូ បានសម្តែងនូវក្តីកង្វល់របស់ខ្លួន ហើយអំពាវនាវស្វែងរកការឧប ត្ថម្ភនានា ដល់សមាគម ដើម្បីបន្តនិរន្តរភាពជួយបណ្តុះបណ្តាល និងផ្តល់លទ្ធភាព នៃការសិក្សារៀនសូត្ររបស់ ក្មេងៗ ឲ្យមានអនាគតល្អប្រសើរទៅថ្ងៃមុខ។ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧប ត្ថម្ភ របស់ «ភូមិខ្មែរ ដេប៉ូចែកចាយលេខទូរស័ព្ទគ្រប់ប្រភេទ» ហើយលោកបានចាត់ទុកសកម្មភាពនេះ ជាសកម្ម ភាព សប្បុរសដ៏ប្រពៃមួយសម្រាប់ពលរដ្ឋខ្មែរ ក្នុងការជួយគ្នានៅគ្រាមានទុក្ខលំបាក និងជួបនូវបញ្ហានានា។

លោក ប៉ិច រដ្ឋា ជាចុងក្រោយក៏បានអំពាវនាវអតិថិជនទាំងអស់ ជួយទិញលេខទូរស័ព្ទនៅក្នុងដេប៉ូចែកចាយ របស់លោក ដែលមាន២ទីតាំង នៅក្នុងមជ្ឈមណ្ឌលកម្សាន្តឌ្រីមឡែនមួយទីតាំង និងនៅក្នុងផ្សាររាត្រីមួយទីតាំង ទៀត ឬក៏អាចទាក់ទងរកទិញនៅតាមគេហទំព័រ www.simcard1688.com ព្រោះប្រាក់ចំណេញមួយភាគធំ ត្រូវ យកទៅបម្រើដល់សកម្មភាពមនុស្សធម៌។

លោក ប៉ិច រដ្ឋា ក៏បានថ្លែងអំណរគុណដល់អតិថិជនរបស់លោកទាំងអស់ ដែលតែងតែគាំទ្រទិញលេខទូរស័ព្ទ នៅកន្លែងរបស់លោកក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ៕



















ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]