ភ្នំពេញៈ សុខ ពិសី ដែលជារៀងរាល់ឆ្នាំ ត្រូវបានគេដឹងថា ឲ្យតែដល់ឱកាសរដូវបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យភ្ជុំបិណ្ឌជាដើម គេតែងតែសង្កេតឃើញ តារាល្បីរូបនេះ បាននាំយកចង្ហាន់ និងទេយ្យទាន មានជាបច្ច័យ ជាដើម ដើម្បីទៅវត្ត បង្សុកូលចំពោះព្រះសង្ឈ ឧទ្ទិសកុសល ដល់ញាតិកា ទាំង៧សន្តាន ជាពិសេសដល់អ្នកម្តាយ អ្នកមីង និងដល់ក្មួយរបស់នាងដែលបាន ទទួលមរណៈភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ កាលពីអំឡុង ឆ្នាំ២០០៩ កន្លងទៅ ។

ជាកាពិតណាស់ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ទេវតាឆ្នាំរោង នឹងចូលមកស្នងតំណែង ទេវតាឆ្នាំចាស់ ឆ្នាំថោះ ដែលជាឆ្នាំមួយពោរពេញដោយ ឬទ្ធីបារមី និងអំណាចជេស្តា ខ្លាំងក្លា ព្រោះប្រជាពលរដ្ឋទូទៅ ជឿថាសត្វនាគ គឺជាពពួក សត្វដ៏មានអំណាច លើសអស់សត្វទាំងពួង ។ ដូច្នេះ ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរ ទាំងប្រុស ទាំងស្រី បានត្រៀមខ្លួនរួចជាស្រេច ដោយមានផ្លែឈើ ផ្កាភ្ញី នំនែក ធូប ទាន និងរៀបចំជាអសនៈ មានស្លាធម៌ បាយសី ជាដើម ទទួលទេវតាឆ្នាំថ្មី។ ជាមួយគ្នានេះគ្រប់ទីវត្តអារាម ទីប្រជុំជននានា ក៏មានរៀបចំការលេង ល្បែងប្រជាប្រិយ អបអរសាទរផងដែរ ។

ងាកមកចាប់អារម្មណ៍ ទៅលើតារាចម្រៀងល្បីមួយដួង ក្នុងស្រទាប់យុវវ័យ កញ្ញា សុខ ពិសី ឯណេះវិញ នាងក៏បានត្រៀមខ្លួនរួចជាស្រេច មិនខុសពី ប្រជាពលរដ្ឋទូទៅនោះដែរ ។ ក្នុងឱកាសឆ្នាំថ្មី សុខ ពិសី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា “សម្រាប់ខ្ញុំឱកាសនេះ ទី១ខ្ញុំនឹងទៅវត្ត នៅឯស្រុកកំណើត គឺក្រុងតាខ្មៅ បន្ទាប់មកទៀត ខ្ញុំប្រហែលជាត្រូវ មកវត្តនៅភ្នំពេញវិញ ដែលក្នុងមួយថ្ងៃ បើសិនជាអាចទៅរួច ខ្ញុំនឹងទៅឲ្យបាន៣វត្ត ។ ដូច្នេះ រយៈពេលចូលឆ្នាំ៣ថ្ងៃ ខ្ញុំនឹងគ្រោងទៅឲ្យបាន៩វត្ត” ។

ទោះបីជាយ៉ាងណាការគ្រោងទុកនេះ សុខ ពិសី បានបញ្ជាក់ថា នាងនឹងព្យាយាម ធ្វើឲ្យបាន ប៉ុន្តែនាងក៏សម្តែងការព្រួយបារម្មណ៍ខ្លះៗ ខ្លាចពេលវេលា មិនគ្រប់គ្រាន់សម្រាប់នាង និងក្រុមគ្រួសារ ប៉ុន្តែយ៉ាងហោចណាស់ក៏បានពីរវត្តដែរ ក្នុងមួយថ្ងៃ ។

សុខ ពិសី បញ្ជាក់ទៀតថា មិនថាតែពិធីបុណ្យចូលឆ្នាំថ្មីនោះទេ បុណ្យភ្ជុំបិណ្ឌ ក៏នាងអាចទៅច្រើនជាងនេះទៅទៀត ។ នាងនិយាយ “ខ្ញុំសូមឧទ្ទិស កុសល ជួនដល់ញាតិកា ទាំងប្រាំពីរសន្តាន លោកអ្នកមានគុណទាំងអស់ ជាពិសេសអ្នកម៉ាក់ អ្នកមីង ដែលបានជួបគ្រោះថ្នាក់ ស្លាប់បាត់បង់ជីវិត កាលពីឆ្នាំ២០០៩ កន្លងទៅ” ។

ជាមួយគ្នានេះ សុខ ពិសី ក៏មិនភ្លេចគោរពជូនពរ ទៅដល់បងប្អូនទស្សនិកជន ទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមជួបប្រទះតែ សេចក្តីសុខ សេចក្តីចំរើន រកស៊ីទទួលទានមានបាន អ្វីដែលប៉ងប្រាថ្នា សូមឲ្យបានសម្រេច ។ ជាពិសេស សុខ ពិសី ក៏សូមផ្តាំផ្ញើ ទៅដល់មិត្តៗយុវវ័យ ទាំងអស់ពេលមានកម្មវិធីជួបជុំមិត្តភក្តិ សូមកុំសប្បាយភ្លេចខ្លួន ញ៉ាំស្រាឲ្យហួសកំណត់ មានការរាំរែក អាចមានការឈ្លោះប្រកែកទាស់ទែងគ្នា សូមមេត្តាចេះអធ្យាស្រ័យគ្នា ព្រោះយើងជាខ្មែរដូចគ្នា ហើយបុណ្យចូលឆ្នាំ ជាបុណ្យនាំមកនូវសិរីសួស្តី ដូច្នេះយើងត្រូវរូបរួមគ្នា ដើម្បីឲ្យប្រទេស ជិតខាង មើលឃើញថា យើងមានស្មារតីស្រលាញ់គ្នា ចេះយោគយល់គ្នា ទោះបីជាក្នុងឱកាសណាក៏ដោយ ជាការបង្ហាញឲ្យឃើញ នូវភាពសន្តិសុខ សុវត្ថិភាព ក្នុងប្រទេសយើងផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី