ខេត្ត​ស្ទឹងត្រែង ៖ រថយន្តឡិចស៊ីស RX300 ពណ៌ស្ករ មួយគ្រឿង​បានបោះ​ពួយពី​ត្បូងទៅ​​ជើងក្នុងល្បឿនលឿន រួចបត់ទៅ​លិច​បំណងចូលក្រុងស្ទឹងត្រែង តែដោយ​សារ​អ្នក​បើក​បរ​ទាញចង្កូតមិនទាន់ ក៏ជ្រុល​រអិល​ធ្លាក់​ពីលើផ្លូវជាតិ​ក្រឡាប់ជាច្រើនត្រឡប់ តែ​សំណាង​​ល្អ មិន​ធ្វើ​ឱ្យអ្នកនៅ​ក្នុងរថយន្តរង​របួស​ទេ។ហេតុការណ៍នេះ​បាន​កើតឡើងកាលពី​ វេលា​ម៉ោង១១ និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃទី១១ មេសា ២០១២ នៅ​ចំណុច​ផ្លូវ​បំបែកចូលក្រុងស្ទឹងត្រែង ស្ថិតនៅ​ភូមិលើ សង្កាត់​ស្រះឫស្សី ក្រុង​ស្ទឹង​ត្រែង។

នគរបាលចរាចរបានឱ្យដឹងថា រថយន្តដែល​ក្រឡាប់ម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ជា​របស់​ឈ្មោះ​សាន ភេទប្រុស អាយុជាង៣០ឆ្នាំ ជា​ជាងទង រស់នៅភូមិ​ព្រែក សង្កាត់ស្ទឹង​ត្រែង ក្រុងស្ទឹងត្រែង ជិះក្នុងរថយន្ត និងម្នាក់​ទៀត ឈ្មោះនួស សុភួន ភេទប្រុស អាយុ២៣ឆ្នាំ ជា​កូន​ជាងទង​រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ជាអ្នកបើករថយន្ត​អ្នកទាំង២​មិន​មាន​របួស​អ្វីធ្ងន់ធ្ងរទេ គ្រាន់តែរលាត់ដៃបន្តិច​បន្តួច ។ ក្រោយពីកើតហេតុ​ម្ចាស់រថយន្ត​បាន​សុំនគរ​បាល​ចរាចរ​ស្ទូច​រថ​យន្តដឹក​ទៅ​ ធ្វើការ​ជុសជុល។

តាមការឱ្យដឹងពីម្ចាស់រថយន្តឈ្មោះ​សាន ថា មុនកើតហេតុ​ពួកគាត់ទាំង២នាក់បានដឹកក្មួយ​ទៅខេត្តក្រចេះ ហើយក៏ត្រឡប់មកវិញ ដោយ​កូនជាងរបស់គាត់ជា​អ្នក​បើកបរ​ជំនួស​ដោយ​សារគាត់​អស់​កម្លាំងពេក ។ លុះដល់កន្លែង​កើត​ហេតុ​មិនដឹងមូលហេតុអ្វីបាន​ជាអ្នក​បើក​បរ​ច្រឡំ​ជើងថា ជាន់ហ្វ្រាំង បែរជាជាន់ហ្គែ​រធ្វើឱ្យ​រថ​យន្ត​របស់គាត់យកចង្កូតមិនអស់​ជ្រុលធ្លាក់​ពី​ លើផ្លូវជាតិក្រឡាប់ជាច្រើនត្រឡប់​រងការ​ខូច​ខាតស្ទើរតែទាំងស្រុងតែម្តង ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]