ភ្នំពេញៈ រយៈពេលត្រឹមតែជាងកន្លះម៉ោងគ្រោះថ្នាក់ ២ករណីបានកើតឡើងបន្តបន្ទាប់គ្នា កាលពីយប់ ថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១២ នៅខណ្ឌទួលគោក ដែលបង្កឡើងដោយរថយន្ត និងម៉ូតូ តែអ្វីដែល គួរឲ្យកត់សម្គាល់នោះ ម្ចាស់រថយន្តក្រោយបង្កហេតុហើយ តែងតែព្យាយាមបើករត់ ដោយមិនមាន ទំនួលខុសត្រូវចំពោះអាយុជីវិត និងការការខូចខាតទ្រព្យសម្បត្តិរបស់ភាគីម្ខាងទៀតឡើយ។

យោងតាមប្រភពពីមន្រ្តីនគរបាលចរាចរណ៍ខណ្ឌទួលគោក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរទី១ បានកើតឡើងនៅរង្វល់មូលទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបង្កឡើង ដោយ រថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-0113 មួយគ្រឿង បានបើកបុក អ្នកជិះម៉ូតូឲ្យ ដួល និងរងរបួសជាទម្ងន់ ។ បន្ទាប់ពីបង្កគ្រោះថ្នាក់ហើយនោះ ម្ចាស់រថយន្តមិនបានឈប់រថយន្តចរចា រកខុសត្រូវនោះទេ ថែមទាំងបន្ថែមល្បឿនរថយន្តគេចចេញពីកន្លែងកើតហេតុ តែត្រូវកម្លាំងសមត្ថកិច្ច បើកប្រដេញតាម រហូតស្ទាក់ចាប់បាននៅក្បែរស្តុបផ្សារដេប៉ូ និងបញ្ជូនទាំងម្ចាស់រថយន្ត និងរថយន្ត ទៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំការដោះស្រាយ។

ប្រភពបន្តថា បន្ទាប់ពីករណីទី១ កើតឡើងបានជាងកន្លះម៉ោងប៉ុណ្ណោះ ស្រាប់តែករណីទី២ បានកើត ឡើង ដែលបង្កដោយរថយន្តលុច្សស៊ីសមួយគ្រឿង ដែលគ្មាននរណាស្គាល់អត្តសញ្ញាណអ្នកបើកបរនោះ បានបើកបុកបុរសម្នាក់ ខណៈកំពុងជិះម៉ូតូវីវ៉ា បញ្រ្ចាសទិសគ្នាបណ្តាលឲ្យសន្លប់ស្តូកស្តឹង នៅស្តុប សន្ធរមុខ លើផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវម៉ៅសេទុង។ មិនខុសពីករណីទី១ ករណីទី២នេះ ម្ចាស់រថយន្ត បង្ក បានបើករថយន្តគេចខ្លួនបាត់ស្រមោល ដោយគ្មាននរណាស្គាល់ស្លាកលេខរថយន្តបង្កឡើយ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានទទូចសុំឲ្យកម្លាំងសមត្ថកិច្ច ដែលមានជំនាញ មេត្តាជួយចាត់វិធានការក្តៅ ចំពោះម្ចាស់រថយន្តទាំងឡាយណា ដែលតែងតែបើកបរមិនគោរពច្បាប់ចរាចរ បើកបរហួសល្បឿន កំណត់ បើកបរដោយអាការស្រវឹង ហើយបង្កគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងព្យាយាមបើករត់ ដោយមិន គិតពីតម្លៃអាយុជីវិតរបស់អ្នកដំណើរដទៃទៀតនោះ៕

រថយន្តបង្កហេតុ និង (រូបតូច) ម្ចាស់រថយន្តព្យាយាមទូរស័ព្ទ

ស្វែងរកការអន្តរាគមន៍ ពេលសមត្ថកិច្ចឃាត់ខ្លួន

ដោយៈ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]